អាជ្ញាធររាជធានី ចោទពលរដ្ឋដែលប្រារព្វទិវាសិទ្ឋិលំនៅដ្ឋាន ថា«គ្មានច្បាប់»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: October 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការជួបជុំរបស់អង្គការសង្គមស៊ីវិល ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូលលោកយាយដូនពេញ (ក្បែរវត្តភ្នំ) ទាំងនេះ ហើយបានដង្ហែក្បួនទៅកាន់សាលារាជធានីនោះ ត្រូវបានអាជ្ញាធរសាលារាជធានីភ្នំពេញ ធ្វើការរំខាន ដោយបានចោទប្រកាន់ថាពួកគេ «រំលោភបំពានច្បាប់ និងកិច្ចប្រជុំកាលពីថ្ងែទី៨ ខែតុលានេះ»។
រូបសំណាក់ផ្ទះដែល ក្រុមពលរដ្ឋបានលើកមកបង្ហាញក្នុងទិវាសិទ្ធិលំនៅដ្ឋាន ថ្ងៃទី១០ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ព្រឹកថ្ងៃព្រហស្បតិ៍ទី១០ខែតុលានេះ អង្គការសិទ្ធិលំនៅដ្ឋាន ប្រជាពលរដ្ឋដែលរងការបណ្តេញ ពីលំនៅដ្ឋានដោយបង្ខំរួមមានសហគមន៍បុរីកីឡា បឹងកក់ ៣៤៧ ថ្មគោលនិងសហគមន៍ជាច្រើនទៀត ដែលឡើងមកតាមបណ្តាខេត្តនានា ប្រមាណជិតមួយពាន់នាក់ រួមទាំងព្រះសង្ឃផង នៅមុខរូបសំណាកលោកយាយដូនពេញ (វត្តភ្នំ ) ដើម្បីដង្ហែរយកញ្ញត្តិដែលស្នើសុំ ឲ្យរដ្ឋាភិបាលថ្មីដោះស្រាយលើបញ្ហាដីធ្លី និងផ្ទះសម្បែង។ ក្រុមអ្នកចូលរួមដែលមានចំនួនជិត១០០០នាក់នោះ បានលើកបដារួមទាំងពាក់អាវយឺតស និងមានចងក្រណាត់ក្រហមនៅក្បាលផង តាមរយៈតំណាងសហគមន៍នីមួយៗ ឡើងថ្លែងការណ៍ពីការទុក្ខលំបាកដោយសារតែជម្លោះដីធ្លី និងការបណ្តេញចេញដោយបង្ខំនោះ។
ស្របពេលនឹងការឡើងរបស់ប្រជាពលរដ្ឋ ដែលរងទុក្ខលំបាកក្នុងការរស់នៅ ដោយគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ដើម្បីបង្ហាញពីទុក្ខលំបាកទាំងនេះឲ្យរដ្ឋាភិបាលឲ្យបានដឹង និងជួយដោះស្រាយនូវបញ្ហា និងវិបត្តនានានោះ ក្រុមអាជ្ញាធរ ដែលមានកម្លាំងសមត្ថកិច្ចចម្រុះ រួមទាំងកម្លាំងស៊ីឈ្នួល (របស់ក្រុមហ៊ុន) ដែលមានចំនួនមិនតិចជាងចំនួនប្រជាពលរដ្ឋនោះឡើយ បានដាក់ពង្រាយពេញមួយចំហៀងវត្តភ្នំខាងត្បូង។ ក្រុមសមត្ថកិច្ចទាំងនោះ ថែមទាំងបានស្រែកបំពងសម្លេង តាមឃោសនៈស័ព្ទប្រណាំងប្រជែង ជាមួយនឹងការស្រែកទាមទារបស់ប្រជាពលរដ្ឋទាំងនោះផង។
ប៉ះពាល់សណ្ដាប់ធ្នាប់ និងមុខមាត់ដ៏ស្រស់បំព្រងរបស់រាជធានី?
ក្រុមអាជ្ញាធរទាំងនោះបាននិយាយឲ្យក្រុមប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលធ្វើការចាកចេញពីទីទួលនេះ ទៅធ្វើនៅកន្លែងណាផ្សេង ឬនៅការិយាល័យអង្គការរបស់ខ្លួន ដើម្បីបញ្ជៀសការកកស្ទះចរាចរ របៀបរៀបរយសាធារណៈ និងដើម្បីមុខមាត់ដ៏ស្រស់បំព្រងរបស់រាជធានីភ្នំពេញ និងកុំឲ្យមានការភិតភ័យដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនានៅរមណីដ្ឋានវត្តភ្នំនេះ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យដែលមានវត្តមានផ្ទាល់នៅទីនោះដែរ បាននិយាយបញ្ជាក់ តាមរយៈអ្នកការសែតថា ចំពោះការជួបជុំរបស់ប្រជាពលរដ្ឋទាំងនេះ មិនមានអ្វីដែលនាំឲ្យខូចសណ្តាប់ធ្នាប់សាធារណៈនោះទេ ព្រោះពួកគាត់អង្គុយមួយកន្លែងនៅទីទួលមួយខ្ពស់ និងផុតពីការធ្វើចរាចររបស់ប្រជាពលរដ្ឋផ្សេងៗទៀត។ លោកបន្តរថាផ្ទុយទៅវិញ គឺអាជ្ញាធរខ្លួនឯងទេ ដែលជាអ្នកធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ដោយស្រែករំខានដល់ការជួបជុំក្នុងទិវាសិទ្ធលំនៅដ្ឋាន ដែលប្រទេសប្រកាន់របបប្រជាធិបតេយ្យនៅលើពិភពលោកបានធ្វើ។ ការពង្រាយកម្លាំងពេញមួយចំហៀងប៉ែកខាងត្បូងនៃរមណីដ្ឋានវត្តភ្នំ ការចតរថយន្តរបស់ក្រុមសត្ថកិច្ច និងរថយន្តដឹកក្រុមទាហានទាំងនេះឈប់គ្មានសណ្តាប់ធ្នាប់ មិនតែប៉ុណ្ណោះបានដាក់រនាំងបាំងផ្លូវ ដោយគ្មានច្បាប់ទម្លាប់ទៀតផង។
ជាមួយគ្នានេះលោក សៀរ ភារម្យ ប្រធានសម្ព័ន្ធក្រុមការងារសិទ្ធិលំនៅឋាន បានបញ្ជាក់ថាការជួបជុំនេះ ជាការប្រារព្វទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិលើកទី២៨ ដែលទូទាំងពិភពលោកបានឲ្យសារៈសំខាន់។ លោកបន្តរថា «បើសិនជាការជួបជុំនេះធ្វើនៅការិយាល័យនោះ មិនចាំបាញ់ជូនដំណឹងមកសាលារាជធានីនោះទេ ម្យ៉ាងទៀតនៅគ្រប់កន្លែងឯកជនមិនត្រូវបានអនុញ្ញាតិជួលឲ្យនោះទេ ព្រោះតែក្រុមអាជ្ញាធរចេះតែទៅគំរាមកំហែង និងពេលខ្លះទៀត ក្រុមអាជ្ញាធរទាំងនោះចុះទៅបិទផ្ទាល់តែម្តង យើងធ្លាប់បើមានបទពិសោធជាច្រើនសារមកហើយ។»
សូមរម្លឹកថាក្នុងការប្រារព្វទិវាសិទ្ធិលំនៅដ្ឋាននាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ក្រៅពីក្រុមកម្លាំងសមត្ថកិច្ចចម្រុះជិតមួយពាន់នាក់ដែលប្រដាប់ដោយដំបង និងខែល មានឡានទាហាន មានឡានទ្រុងសម្រាប់ដាក់មនុស្ស តែមិនមានឡានពេទ្យ និងមិនមានការសម្រួលដល់ការជួបជុំរបស់ប្រជាពលរដ្ឋ ដូចដែលមានចែងក្នងច្បាប់នោះទេ។
ទោះបីមានការរារាំងពីក្រុមសមត្ថកិច្ចយ៉ាងណាក៏ដោយ ការដង្ហែរញ្ញត្តិរបស់ប្រជាពលរដ្ឋបានមកដល់មុខសាលារាជធានីដូចបំណងនាវេលាម៉ោងជាង១០ព្រឹក។ នៅមុខសាលារាជធានីភ្នំពេញ នោះមានការប៉ះទង្គិចបន្តិចបន្តួចរវាងក្រុមអ្នកតវ៉ា និងសមត្ថកិច្ចដែលនាំឲ្យមានការកក ស្ទះចរាចរណ៍យ៉ាងខ្លាំង។ ការច្រានទៅ ច្រានមក រវាងក្រុមសមត្ថកិច្ច ព្រះសង្ឃ និងប្រជាពលរដ្ឋ និងការរូញច្រានរបស់សមត្ថកិច្ចមកលើប្រជាពលរដ្ឋ ដើម្បីបើកផ្លូវនោះ បានធ្វើឲ្យមានការប៉ះទង្គិចដៃជើងបន្តិចបន្ទួច និងមានអ្នករបួសមួយចំនួនតូច។ ហេតុការណ៍នេះបានបណ្តាលឲ្យព្រះសង្ឃមួយអង្គមានរបួសលើផ្ទៃមុខ និងស្រ្តីពីរនាក់រងរបួសដោយការវាយនឹងដំបងរបស់ក្រុមសមត្ថកិច្ចម្នាក់របួសត្រង់ដៃ និងម្នាក់ទៀតរបួសត្រង់ជើង។
សូមបញ្ជាក់ថាការជួបជុំគ្នាខាងលើនេះ មិនត្រូវបានអនុញ្ញាតិ និងមានការឯកភាពពីអាជ្ញាធរសាលារាជធានីភ្នំពេញឡើយ ក្នុងជំនួបប្រជុំជាមួយតំណាងប្រជាពលរដ្ឋ និងសាលារាជធានីកាលពីថ្ងៃទី៨ ខែតុលានេះ។
----------------------------------------------
ដោយៈ អ៊ុម វ៉ារី - ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ