រឿងអាស្រូវនៅចិន៖ ហ្គូ កៃឡៃ បានសារភាពពីឃាតកម្មលើ នែល ហែលវូដ

អ្នកស្រី ហ្គូ កៃឡៃ (Gu Kailai) ភរិយាអ្នកនយោបាយចិនធ្លាក់ពីអំណាច ដែលត្រូវបានជាប់ចោទពីការជាប់ពាក់ព័ន្ធ ក្នុងឃាតកម្មមួយទៅលើជនជាតិអង់គ្លេសម្នាក់ឈ្មោះ នែល ហែលវូដ (Neil Heywood) អ្នកស្រីបានឆ្លើយសារភាព នៅក្នុងសវនាការ ថាបានសម្លាប់ជនជាតិនេះប្រាកដមែន។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: August 12, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកស្រី ហ្គូ កៃឡៃ (Gu Kailai) ភរិយាអ្នកនយោបាយចិនធ្លាក់ពីអំណាច ដែលត្រូវបានជាប់ចោទពីការជាប់ពាក់ព័ន្ធ ក្នុង ឃាតកម្មមួយ ទៅលើជនជាតិអង់គ្លេសម្នាក់ឈ្មោះ នែល ហែលវូដ (Neil Heywood) អ្នកស្រីបានឆ្លើយសារភាព នៅក្នុង សវនាការ ថាបានសម្លាប់ជនជាតិនេះប្រាកដមែន។​ ក្នុងពេលនោះដែរ អ្នកស្រីក៏បានបង្ហាញនូវការសុំទោស ចំពោះ សោកនាដកម្មនេះ​ ដែលរូបអ្នកស្រីផ្ទាល់ជាអ្នកទទួលខុសត្រូវ។ នេះជាការផ្សាយអោយដឹង របស់ទីភ្នាក់ងារសារពត៌មាន ផ្លូវការរបស់ចិនថ្មី ថាជាឃាតកម្មមួយ ដែលជនរងគ្រោះបានស្លាប់ដោយសារ ការដាក់ថ្នាំបំពុល ហើយមានការឃុបឃិត ផងដែរ ពីសំណាក់លោក ហ្សាង ស៊ាវជន (Zhang Xiaojun) អ្នកធ្វើការក្នុងផ្ទះរបស់អ្នកស្រី។


អ្នកស្រី ហ្គូ កៃឡៃ នៅក្នុងសវនាការ។ រូបថត ចេញពីទូរទស្សន៍ចិន

នៅមួយថ្ងៃបន្ទាប់ ក្រោយថ្ងៃសវនាការ សារពត៌មានចិនថ្មី បានបកស្រាយយ៉ាងក្បោះក្បាយ ទៅលើសំនុំរឿង ដ៏រំជើបរំជួល នេះ ដោយបានរាយការណ៍ថា អ្នកស្រី ហ្គូ កៃឡៃ បានទទួលស្គាល់ នូវអំពើដែលខ្លួនបានប្រព្រឹត្ត។ តាមសារពត៌មានចិននេះ អ្នកស្រីបានប្រកាសថា «សោកនាដកម្មនេះ ដែលបានត្រូវបង្កឡើងដោយរូបនាងខ្ញុំនេះ មិនត្រឹមតែបានប៉ះពាល់ តែរូបជន រងគ្រោះ នែល ហែលវូដ ប៉ុណ្ណោះទេ តែវាបានប៉ះពាល់ទៅលើគ្រួសារផ្សេងទៀតជាច្រើន។»  ជាមួយគ្នានោះដែរ អ្នកធ្វើការ អោយអ្នកស្រី លោក ហ្សាង ស៊ាវជន បានសំដែងនូវការសុំទោសដូចគ្នា ចំពោះក្រុមគ្រួសារញាតិមិត្តរបស់ ជនរងគ្រោះ។

ទីភ្នាក់ងារសារពត៌មាន បានបន្ថែមថា អ្នកស្រី ហ្គូ មានសភាពផ្លូវចិត្តមិនប្រក្រតី រស់អាស្រ័យនឹងថ្នាំពេទ្យ ក្នុងអំឡុងពេល ឃាតកម្ម តែថា អ្នកស្រីមានស្មារតីល្អ នៅពេលបានប្រព្រឹត្តអំពើរនេះ។ តាមនាយករងម្នាក់នៃសាលាក្ដី ប្រចាំតំបន់នោះ បាន លើកពីពាក្យសំដីរបស់មេធាវី របស់ចុងចោទថា អ្នកស្រីមិនមានសភាពគ្រប់គ្រងខ្លួនឯងបានទាំងស្រុងទេ នៅពេលនោះ។

សាលក្រមសំរេច នឹងចេញផ្សាយអោយដឹងនៅពេលក្រោយ តែបើតាមលោកនាយករងសាលាក្ដីរូបនេះ បានធ្លោយអោយ ដឹងថា អ្នកស្រីហ្គូ និងលោកហ្សាង អាចប្រឈមមុចនឹង ទោសជាប់ពន្ធធនាគាពីដប់ឆ្នាំ រហូតដល់ទោសមួយជីវិត ឬក៏ទោស ប្រហាជីវិត ប្រសិនបើគេរកឃើញថា អ្នកទាំងពីរជាអ្នកបង្កនៅក្នុងឃាតកម្មនេះ។

តំណាងការទូតពីររូប មកពីប្រទេសអង់គ្លេស ត្រូវបានគេអនុញ្ញាតិអោយ ចូលរួមនៅក្នុងសវនាការនោះ ក្រោមកិច្ចព្រមព្រៀង មួយជាមួយនឹងប្រទេសចិន ដោយសារហេតុផលសញ្ជាតិនៃជនរងគ្រោះ។ រីឯ ក្រុមអ្នកសារពត៌មានអន្តរជាតិ មិនត្រូវបានគេ អនុញ្ញាតិ អោយចូលទៅក្នុងសវនាការទេ។

កាលពីថ្ងៃសុក្រទី១០សីហា អ្នកទទួលខុសត្រូវខាងនគរបាលចំនួនបួននាក់ ត្រូវបានតុលាការដដែលកាត់ទោស ថាបានបិទ សំនុំរឿងនេះ ដើម្បីការពារ អ្នកស្រី ហ្គូ កៃឡៃ នៅក្រោយពេលឃាតកម្ម។

ជាសំនុំរឿងឃាតកម្មមួយ ទៅលើ នែល ហែលវូដ ដែលធ្លាប់ជាអ្នកជិតស្និតនឹង គ្រួសារ ប៉ូ ​ស៊ីឡៃ (Bo Xilai) ដែលបានធ្វើ អោយ ពិភពអ្នកនយោបាយចិន រំជើបរំជួលជាខ្លាំង ក្នុងខណៈដែលសមាជិកដឹកនាំ ក្នុងបក្សកុម្មុយនីសចិន នឹងជិតត្រូវគេ ផ្លាស់ប្ដូរ ក្នុងរដូចស្លឹកឈើជ្រុះខាងមុខនេះ។

លោក ប៉ូ ​ស៊ីឡៃ អាយុ៦៤ឆ្នាំ ត្រូវបានគេផ្អាក ពីការិយាល័យនយោបាយកណ្ដាល របស់បក្សកុម្មុយនីសចិន តាំងពីជាងបីខែ មកហើយ ក្នុងមូលហេតុជាផ្លូវការថា បានរំលោភលើវិន័យផ្ទៃក្នុង។ ការដកគាត់ចេញ និងការស៊ើបអង្កេត ទៅលើគ្រួសារ របស់គាត់ ត្រូវបានគេកត់សំគាល់ថា ជារឿងអាស្រូវដ៏ធំមួយ មិនធ្លាប់មានតាំងពី២០ឆ្នាំមកហើយ ទៅលើថ្នាក់ដឹកនាំកំពូល របស់បក្ស។

ចុះដំណឹងរបស់ស្ថាបត្យករបារាំង ដែលចេញពីកម្ពុជាទៅចិន នោះ?

វាហាក់ដូចជានៅក្នុងស្រមោលងងឹតមួយ នៅពេលដែលគេចង់ដឹង ពីស្ថានភាពរបស់ លោកប៉ាទ្រិក ដឺវិល័រ (Patrick Devillers) ស្ថាបត្យករបារាំងអាយុ ៥២ឆ្នាំ ដែលត្រូវបានគេសង្ស័យ ថាមានទំនាក់ទំនង នៅក្នុងរឿងអាស្រូវនេះ។ គេគ្រាន់ តែដឹងថា លោកប៉ាទ្រិក ដឺវិល័រ អតីតអ្នកជិតស្និតនឹងគ្រួសារ ប៉ូ ​ស៊ីឡៃ មានវត្តមាននៅក្នុងប្រទេសចិន។

សូមអានអត្ថបទមុន របស់មនោរម្យព័ងអាំងហ្វូ ដែលនិយាយពីសំនុំរឿងលោក ប៉ាទ្រិក ដឺវិល័រ។

លោក ប៉ាទ្រិក ដឺវិល័រ បានចេញពីប្រទេសចិន តាំងពីច្រើនឆ្នាំកន្លងមក ដោយមកតាំងទីលំនៅក្នុងទីក្រុងភ្នំពេញ ប្រទេស កម្ពុជា​  ហើយ​ត្រូវបានអាជ្ញាធរខ្មែរចាប់ឃាត់ខ្លួន នៅថ្ងៃទី១៣មិថុនាកន្លងទៅមិញ ទៅតាមការស្នើសុំរបស់ ប្រទេសចិន។ លោកបានស្ថិតនៅក្រោមការឃុំឃាំង ពីសំណាក់នគរបាលអន្តោរប្រវេសកម្ពុជា បើទោះជាគ្មានបន្ទុកអ្វី ត្រូវបានគេចោទ មកលើរូបលោកក៏ដោយ។ តែនៅថ្ងៃទី២០កក្កដា លោកបានចាកចេញពីកម្ពុជា ដោយស្ម័គ្រចិត្ត ធ្វើដំណើរទៅកាន់ប្រទេស ចិន ដើម្បីចូលរួមសហការជាមួយ ការស៊ើបអង្កេតលើសំនុំរឿងរបស់អ្នកស្រី ហ្គូ ជាថ្នូទៅនឹងសេរីភាពរបស់គាត់​ សន្យា ដោយអាជ្ញាធរចិន។

ខាងក្រសួងការបរទេសបារាំង បាននិយាយថា លោកប៉ាទ្រិក ដឺវិល័រមិនបានត្រូវគេឃុំឃាំងទេ តែលោកក៏មិនមានសេរីភាព ក្នុងការធ្វើដំណើរដែរ។ ក្រសួងបានបញ្ជាក់ថា «មន្រ្តីរបស់យើង បានជួបគាត់ជារៀងរាល់ពេល ហើយគាត់នៅតែទទួលបាន ការពិគ្រោះ ពីសំណាក់ស្ថានទូតបារាំងប្រចាំ នៅប្រទេសចិន៕»

-----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...