ពិភពភាពយន្ដខ្មែរ បានបាត់បង់សមិទ្ធិករ មានទេពកោសល្យម្នាក់

ជាដំណឹងដ៏សោកសៅមួយ នៅពេលដែលយើងដឹងថា លោកអ៊ីវង់ ហែម បានលាចាកលោកយើងនេះ នៅថ្ងៃទី០៨សីហា​កន្លងទៅ ក្នុងវ័យ ៧៥ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ នៅក្នុងសម័យមុន សង្រ្គាមនៅកម្ពុជា លោកអ៊ីវង់ ហែម បានចូលរួម លើកស្ទួយយ៉ាងត្រចះត្រចង់ នូវវិស័យសិល្បៈទី៧ នៃព្រះរាជាណាចក្រកម្ពុជា។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: September 19, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាដំណឹងដ៏សោកសៅមួយ នៅពេលដែលយើងដឹងថា លោកអ៊ីវង់ ហែម បានលាចាកលោកយើងនេះ នៅថ្ងៃទី០៨សីហា​កន្លងទៅ ក្នុងវ័យ ៧៥ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ ដូចនរណាៗ ក៏បានដឹង បានទស្សនាដែរថា លោកជាសមិទ្ធករ ភាពយន្ដដ៏ធំម្នាក់ ក្នុងចំណាមសមិទ្ធិករផ្សេងដទៃទៀត ដែលបានចូលរួម លើកស្ទួយយ៉ាងត្រចះត្រចង់ នូវវិស័យសិល្បៈទី៧ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស​នៅក្នុងសម័យមុនសង្រ្គាម។


លោកអ៊ីវង់ ហែម។

លោកអ៊ីវង់ ហែម បានចូលប្រលូកក្នុងវិស័យភាពយន្ដ នៅឆ្នាំ១៩៦២ ដែលកាលនោះលោកជាអ្នកជំនួយការ អោយសមិទ្ធិករ ភាពយន្ដបារាំង លោក ម៉ាសែល កាមូស (Marcel Camus) នៅក្នុងការថតរឿងមួយ មានចំណងជើងថា «បក្សីនៃថានសួគ៌ (L'Oiseau de paradis)»។ រឿងនេះ មានតួអង្គសំដែងស្រីម្នាក់ជាប្អូនស្រីរបស់លោក គឺនាង អ៊ីវង់ នារី។ តាមលោក ទីលម៉ាន់ ប៊ូមហ្គាទែល (Tilman Baumgärtel) អ្នកឯកទេសភាពយន្ដជនជាតិអាឡឺម៉ង់ ប្រចាំតំបន់អាស៊ី-អាគ្នេយ៍ បាននិយាយថា នៅក្រោយពេល បានថត ខ្សែររឿងនេះរួចហើយ លោកអ៊ីវង់ ហែម បានសំរេចចិត្តបន្តសិក្សា លើជំនាញនេះបន្ថែមទៀត តាមរបៀបរៀនពីចំងាយមួយ (par correspondance)។

បន្ទាប់ក្រោយមកទៀត ដោយបានការជួយជ្រោមជ្រែងពីឪពុករបស់លោក រូបលោកនិងប្អូនស្រីរបស់លោក បានសំរេច បង្កើតអោយចេញជា ស្ទូឌីយ៉ូ ថតកុនមួយ ដែលដាក់ឈ្មោះផលិតកម្មនោះជា «បក្សីថានសួគ៌ភាពយន្ដ»។ លោកបានក្លាយ ជាសមិទ្ធិករភាពយន្ដ មួយរូប ហើយនៅក្រោមការដឹកនាំរបស់លោក មានខ្សែរភាពយន្ដចំនួនប្រមាណជា ១២ភាពយន្ដ បានចេញដាក់បញ្ចាំង នៅក្នុងរោង។ រឿងដំបូងរបស់លោក ជាខ្សែររឿងមួយ ដែលយកលំនាំតាមទេវកថា រឿងរៀមកេរ្តិ៍។ តែនៅពេលដែលរបបខ្មែរក្រហម បានរលំរលាយទៅ មានខ្សែរភាពយន្ដតែប្រាំទេ ដែលនៅសេសសល់ ហើយត្រូវបានគេ ផលិតជា វីដេអូស្សេដេ (Vidéo CD) និងដេវេដេ (DVD) មានដាក់លក់នៅក្នុងទីផ្សារ នៅទីក្រុងភ្នំពេញរហូតដល់សព្វថ្ងៃ។


ឈុតមួយ នៅក្នុងរឿងសុវណ្ណហង្ស ដឹកនាំដោយលោកអ៊ីវង់ ហែម។

នៅក្រោមរបបប៉ុលពត លោកបានបាត់បង់ ភរិយាជាទីស្រឡាញ់ និងកូនចំនួនបួននាក់របស់លោក។ ប្រពន្ធក្រោយរបស់ លោក ជាអតីតប្អូនថ្លៃរបស់លោក ហើយលោកបានរួមរស់ជាមួយ រហូតមកទល់សព្វថ្ងៃ ជាមួយនឹងកូនចំនួនបួននាក់ទៀត។

នៅឆ្នាំ១៩៨៧ លោកក៏ដូចជាសមិទ្ធិករខ្មែរខ្លះទៀត បានខិតខំលើកវិស័យភាពយន្ដ នៃប្រទេសកម្ពុជា (កាលនោះជាសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា) អោយបានរស់ឡើងវិញ ជាមួយនឹងការថតខ្សែរភាពយន្ដដំបូងមួយ មានចំណងជើងថា «ស្រមោលអន្ធកាល» ដែលថតជាលក្ខណៈខ្សែរភាពយន្ដសុទ្ធសាធ។  «ស្រមោលអន្ធកាល» ជាភាពយន្ដដែលដំណាល ពីជីវិតរបស់ប្រជាជនកម្ពុជារាប់លាននាក់ដែលបានរស់នៅយ៉ាងខ្លោចផ្សារ ក្នុងជំនាន់របបវាលពិឃាត បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ ប៉ុលពត។

ពិធីបូជាសពរបស់លោក បានត្រូវគេរៀបចំធ្វើនៅថ្ងៃទី១៣សីហា ម្សិលមិញ នៅឈាបនដ្ឋានវត្តទួលទំពូង រាជធានីភ្នំពេញ។

មនោរម្យព័ងអាំងហ្វូ នឹងវិលត្រឡប់មកវិញ ជាមួយនឹងកិច្ចសំភាសមួយ ដែលលោកបានផ្ដល់អោយអ្នកកាសែតបារាំង កាល ពីឆ្នាំ១៩៩៧ ដែលនឹងនិយាយពីជីវិតភាពយន្ដខ្មែរ នៅក្រោយសង្គ្រាមបង្ហិនបង្ហោច ដ៏រ៉ារ៉ៃនៃប្រទេសកម្ពុជា៕

----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...