គូស្នេហ៍ជិតចូលរោងការរបស់ សុភ័ណ្ឌ ឡារី ជាអ្នកស្នេហាសង្គមដូចគ្នា
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មករា ២០១៥
- កែប្រែចុងក្រោយ: January 29, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីពេលថ្មីៗនេះ តារាសម្តែងដ៏ស្រស់សង្ហារាងខ្ពស់ស្រលះ ដែលត្រូវបានគេស្គាល់ថា ជាសកម្មជនរបស់គណបក្សសង្រ្គោះជាតិ លោក សុភ័ណ្ឌ ឡារី បានបង្ហោះរូបថតជាច្រើនសន្លឹក នៅលើទំព័រហ្វេសប៊ុករបស់លោក បង្ហាញពីកាយវិការផ្អែមល្ហែម ឱបថើបគ្នាយ៉ាងល្អូកល្អឺន ជាមួយគូស្នេហ៍ នៅលើឆ្នេរសមុទ្រនៃកោះត្រល់។ រូបថតនៃភាពផ្អែមល្អែមជាមួយស្រីស្អាតម្នាក់នេះ ត្រូវបានលោក សុភ័ណ្ឌ ឡារី រំលេចមកជាមួយនូវសារពិសេស ដែលធ្វើឲ្យគេឯងដឹងថា លោកនិងនាងជិតចូលរោងការជាមួយគ្នាហើយ។
លោក សុភ័ណ្ឌ ឡារី បានសរសេរថា៖ «រូបថតទាំងអស់ ដែលថតនៅកោះត្រល់ ខ្ញុំថតទុកសំរាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកខ្ញុំ ខ្ញុំសូមគោរពអញ្ជើញពុកម៉ែបងប្អូន ក្នុងនិងក្រៅប្រទេស យុវជន យុវតី អ្នកស្នេហាជាតិចូលរួមឲ្យច្រើនកុះករទាំងអស់គ្នា សូមអរគុណ!!!!»។ សារបែបនេះ គេប្រាកដណាស់ថាលោក សុភ័ណ្ឌ ឡារី នឹងដឹកដៃគូស្នេហ៍របស់លោក ចូលរោងការក្នុងពេលឆាប់ៗនេះជាមិនខាន។
ជួបជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូតាមរយៈទូរស័ព្ទ តារាសម្តែងរូបនេះ បានប្រាប់ឱ្យដឹងថា លោកនិងនារីជាគូស្នេហ៍ ដែលបានបង្ហោះរូបល្អូនល្អឺន ជាសាធារណៈនោះ នឹងចូលរោងការជាមួយគ្នា នៅអំឡុងពេលខែមេសាខាងមុខនេះ។ អាពាហ៍ពិពាហ៍រវាងគូស្នេហ៍អ្នកជួយកិច្ចការសង្គមមួយគូរនេះ នឹងរៀបចំឡើងនៅរាជធានីភ្នំពេញ។
លោកបានឱ្យដឹងទៀតថា រូបលោក និងអនាគតភរិយាដ៏ស្រស់ស្អាតរបស់លោក បានស្រលាញ់គ្នាជាយូរមកហើយ។ ហើយអនាគតកូនក្រមុំរបស់លោក មិនមែនជាអ្នកសិល្បៈ និងមិនមែនជាសកម្មជនគណបក្សសង្រ្គោះជាតិនោះទេ តែនាងគ្រាន់តែជានារីធម្មតាមួយរូប។
នារីដែលជាអនាគតភរិយារបស់តារាសម្តែង ដែលមានប្រវត្តិជាអ្នកសុំទានរូបនេះ ឈ្មោះ លីឌៀ ជាជនជាតិខ្មែររស់នៅប្រទេសកម្ពុជា។ លោក សុភ័ណ្ឌ ឡារី បានឱ្យដឹងបន្ថែមថា បើទោះបីជាកញ្ញា លីឌៀ រៀនបានខ្ពង់ខ្ពស់ ស្ថិតក្នុងគ្រួសារដែលមានជីវភាពធូធារក៏ដោយ ប៉ុន្តែនាងមិនបានរើសអើងរូបលោក ជាតារាសម្តែង ឬមានប្រវត្តិជាអ្នកសុំទាននោះទេ។ អ្វីដែលជាចំណុចពិសេស របស់លោក និងគូស្នេហ៍មានដូចគ្នា នោះគឺពួកលោក ជាអ្នកស្នេហាសង្គមដូចគ្នា ជានិច្ចកាលពួកលោកតែងចូលរួម ក្នុងសកម្មភាពជួយសង្គមជាមួយគ្នា។
តារាសម្តែង ដែលមិនសូវលេចឈ្មោះក្នុងសង្វៀនសិល្បៈ តែលេចមុខក្នុងសកម្មភាពសង្គមរូបនេះ បានសរសើរពីគុណសម្បត្តិគូរស្នេហ៍របស់ខ្លួនបន្តថា៖ «ចំណុចនេះហើយដែលខ្ញុំចង់និយាយ គាត់គឺជាមនុស្សស្រីដែលល្អ ដែលខ្ញុំស្រលាញ់ គឺត្រង់ដែលគាត់បានដឹងថា ខ្ញុំមានប្រវត្តិជាក្មេងសុំទានអញ្ចឹងហើយ គាត់អត់ប្រកាន់ទេ គាត់រិតតែអាណិតខ្ញុំ រហូតដល់គាត់យំ។ គាត់មិននឹកស្មានថា គាត់រស់នៅក្នុងពិភពមួយដែលមានអ្វីគ្រប់យ៉ាង បែរជាមកជួបខ្ញុំ ជាមនុស្សដែលគាត់ស្រលាញ់ហ្នឹងលំបាកវេទនា។»
គួរបញ្ជាក់ដែរថា ការចូលរោងការររបស់តារាសម្តែងរូបនេះ បានកើតឡើងមុនក្រោយគ្នាតែបន្តិចប៉ុណ្ណោះ ជាមួយគូរស្នេហ៍លោក រៀល ខេមរិន្រ្ទ អ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ និងអ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លី ដែលបានភ្ជាប់ពាក្យជាមួយគ្នា កាលពីពេលកន្លងទៅនេះ។ តំណាងរាស្ត្រ និងសកម្មជនដីធ្លី បានប្រកាសថា នឹងរៀបអាពាហ៍ពិពាហ៍នៅក្នុងអំឡុងខែមេសាខាងមុខដូចគ្នា៕