វប្បធម៌​សន្ទនា​៖ ​ប្រធាន​តំណាង​រាស្រ្ត​ក្នុង​សភា ជួប​គ្នា​ជា​លើក​ដំបូង​

នេះជាលើកដំបូង តំណាងរាស្រ្តមតិភាគតិចនៃរដ្ឋសភា ជួបតំណាងរាស្រ្តមតិភាគច្រើនក្នុងរដ្ឋសភា ដើម្បី​ការ​លើក​កម្ពស់​នូវ​វប្បធម៌​សន្ទនា និងបង្កើតកិច្ចសន្ទារនយោបាយរួមមួយ ស្តីពីផលប្រយោជន៍ប្រជាពលរដ្ឋ និងកម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៩ មករា ២០១៥
  • កែប្រែចុងក្រោយ: January 29, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះ​ជា​កិច្ច​ពិភាក្សា​នយោបាយ​លើក​ទី​មួយ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥​នេះ នៃ​គណបក្ស​ដែល​មាន​កៅអី​ក្នុង​រដ្ឋសភា​ទាំង​ពីរ បន្ទាប់​ពី​ប្រធាន​រដ្ឋសភា​ជាតិ លោក ហេង សំរិន បាន​តែង​តាំង លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ជា​ប្រធាន​ក្រុម​តំណាង​រាស្រ្ត នៃ​គណបក្ស​សង្គ្រោះ​ជាតិ​រួច​មក។ ការ​តែង​តាំង កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥​នោះ ក៏​បានទទួល​ស្គាល់​ជា​ផ្លូវ​ការ លោក សម រង្ស៊ី ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​តិច​នៅ​រដ្ឋសភា ឲ្យ​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី តែ​គ្មាន​អំណាច​នោះ​ដែរ។

ថ្លែង​ក្នុង​​ឱកាស​នោះ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា ការ​សន្ទនា​នេះ ជា​កិច្ច​ពិភាក្សា​ដំបូង​​នៃ​ការ​បោះ​ជំហាន​របស់​គណបក្ស​ទាំង​ពីរ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ថ្មី សម្រាប់​របត់​នយោបាយ​នៅ​កម្ពុជា។ លោក​បាន​ថ្លែង​ទៀត​ថា ម្យ៉ាង​ទៀត រដ្ឋសភា​ក៏​បាន​ទទួល​ស្គាល់ ការ​តែង​តាំង​ប្រធាន​ក្រុម​តំណាង​រាស្ត្រ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ​រួច​រាល់​ហើយ​ដែរ។

លោក សម រង្ស៊ី ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាដែលទើបតែងតាំងថ្មី បានលើកឡើងកាលពីថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០១៥ នៅឯខេត្តស្ទឹងត្រែងថា គណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ មិនមែនជាគូ​សត្រូវនឹងគ្នាទេ គ្រាន់តែជា«គូប្រកួត»។ លោក ថ្លែងឡើងថា៖ «វប្បធម៌កម្ចាត់ ដូចកាលសម័យសង្គ្រាម ត្រូវ​បានជំនួសដោយវប្បធម៌សន្ទនា ដែលជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។ ទោះជាគណបក្សណាឈ្នះឆ្នោត ក៏ខ្មែរទាំងអស់បានសុខ ហើយរួមកម្លាំងធ្វើការជាមួយគ្នា ដើម្បីឲ្យប្រទេសជាតិរុងរឿង។»

នៅក្នុងកិច្ចពិភាក្សានយោបាយលើកទីមួយ នាវិមានរដ្ឋសភាពនេះ មានសមាសភាពចូលរួម លោក ស ខេង ជាប្រធាន, លោក គាត ឈន់ អនុប្រធាន និងលោកស្រី ម៉ែន សំអន លេខាធិការ តំណាងឲ្យគណបក្ស​ប្រជាជនកម្ពុជា។ ឯខាងគណបក្សសង្គ្រោះជាតិ មានលោក សម រង្ស៊ី ជាប្រធាន, លោក កឹមសុខា អនុប្រធាន និងលោក យឹម សុវណ្ណ លេខាធិការ។

លោក កែម ឡី អ្នកវិភាគឯករាជ្យកាលពីថ្ងៃទី ២៧ ខែមករា ក្នុងជំនួបអង្គការសង្គមស៊ីវិលស្តីពីតួនាទី​តំណាង​រាស្រ្ត បានចាត់ទុកការបង្កើតឲ្យមានប្រធានក្រុមតំណាងរាស្រ្ត ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីនេះថា ជា​រឿងមិនបានការ។ លោកធ្វើការរិគន់ថា «តំណាងរាស្រ្តម្នាក់មិនហ៊ានជជែកជាមួយនាយករដ្ឋមន្រ្តី។ (…) ហេតុអ្វីបានជាតំណាងរាស្រ្ត ដែលតំណាងឲ្យរាស្រ្តបួនម៉ឺននាក់ មានសិទ្ធិស្មើនាយករដ្ឋមន្រ្តី ដែលតំណាងឲ្យ​ដោយខ្លួនឯងម្នាក់នោះ?។ (…) តើកន្លែងណាដែលតំណាររាស្រ្តត្រូវស្មើនឹងបុគ្គលម្នាក់។ (…) នេះជា​កំហុស។»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...