បាតុករ​សង្គ្រោះ​ជាតិ៖ ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ ទាំង​មិន​អស់​ចិត្ត​សោះ !

មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលើកទី២ បានបញ្ចប់ហើយនៅថ្ងៃអង្គារទី ១៧ ខែកញ្ញានេះ។ ក្រុមបាតុករបាននាំគ្នារៀបចំឥវ៉ាន់ សម្រុកធ្វើដំណើរទៅកាន់ផ្ទះរៀងៗខ្លួន ដែលនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ ក្រុមបាតុករដែលបានត្រឡប់ទៅផ្ទះវិញនោះ បានសម្តែងការមិនអស់ចិត្តទាល់តែសោះ។ មិនអស់ចិត្តដោយសារពួកគេ នៅមិនទាន់ទទួលបានលទ្ធផល តាមការចង់បានរបស់ខ្លួន។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: September 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលើកទី២ បានបញ្ចប់ហើយនៅថ្ងៃអង្គារទី ១៧ ខែកញ្ញានេះ។ ក្រុមបាតុករបាន​នាំគ្នារៀបចំឥវ៉ាន់ សម្រុកធ្វើដំណើរទៅកាន់ផ្ទះរៀងៗខ្លួន ដែលនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ ក្រុម​បាតុករដែលបានត្រឡប់ទៅផ្ទះវិញនោះ បានសម្តែងការមិនអស់ចិត្តទាល់តែសោះ។ មិនអស់ចិត្តដោយសារពួកគេ នៅ​មិន​ទាន់ទទួលបានលទ្ធផល តាមការចង់បានរបស់ខ្លួន។


មហាបាតុកម្មទី២ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - «ខ្ញុំត្រឡប់ទៅផ្ទះ ទាំងមិនទាន់អស់ចិត្ត»។ នេះគឺជាសម្តីចេញពីចិត្តរបស់ក្រុមបាតុករ ដែលកំពុងតែ​រៀបចំធ្វើដំណើរទៅផ្ទះរបស់ខ្លួន នៅពេលដែលមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បានប្រកាសរំសាយ​បញ្ចប់​នៅ​ថ្ងៃទី ១៧ ខែកញ្ញានេះ ដែលត្រូវជាថ្ងៃទី ៣ នៃមហាបាតុកម្មអហិង្សារបស់បក្សប្រឆាំងលើកទី ២ ដើម្បីទាមទាររក​យុត្តិធម៌​ជូនម្ចាស់ឆ្នោត ពោលគឺទាមទារ ឲ្យបង្កើតគណៈកម្មការពិសេស ស៊ើបអង្កេតរកភាពមិនប្រក្រតីនៃការបោះឆ្នោត។

រថយន្តឈ្នួលរាប់សិបគ្រឿង បានចតពេញត្រៀបត្រានៅដងផ្លូវជុំវិញបរិវេណវត្តភ្នំ ដើម្បីត្រៀម ចាំដឹកក្រុមបាតុករ​នៅ​តាមខេត្តត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ។ រថយន្តឈ្នួលទាំងនោះ មានខ្លះតូច និងធំដែលផ្ទុកបាន​មនុស្សរាប់សិប​នាក់។ ក្រុមបាតុករបានឡើងលើរថយន្ត ដោយស្រែកទាមទាររកយុត្តិធម៌ សម្រាប់សន្លឹកឆ្នោតរបស់ពួកគេ។

ក្រុមបាតុករមកពីស្រុកស្អាងខេត្តកណ្តាល ដែលកំពុងឈរនៅលើរថយន្តធន់ធំមួយគ្រឿង រៀបចេញដំណើរទៅផ្ទះ​ក្រោយពីមហាបាតុកម្មបានបញ្ចប់ បានស្រែកព្រមគ្នាប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ពីលើរថយន្តមកថា ពួកយើង​មិនអស់ចិត្តសោះឡើយ យើងមិនចង់ទៅផ្ទះនោះទេ ចង់តែដេកនៅធ្វើបាតុកម្មបន្តទៀត ដរាបណាពួកយើងនៅមិនទាន់​ទទួលបានយុត្តិធម៌ នៅឡើយនោះ។ ក្រុមបាតុករទាំងនោះ បាបបន្តថា ពួកយើងមកធ្វើមហាបាតុកម្ម ជាមួយគណបក្ស​សង្គ្រោះជាតិនេះ គឺដើម្បីបង្ហាញពីជំហរមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលប្រកាសដោយគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ពីព្រោះសន្លឹកឆ្នោតរបស់ពួកយើងត្រូវបានគេលួចបន្លំ ដែលវាជារឿងអយុត្តិធម៌ខ្លាំងណាស់។ យើងទាមទារឲ្យបង្កើតគណកម្មការពិសេសជាបន្ទាន់ ដើម្បីរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋដែលត្រូវបានគេរំលោភសិទ្ធិ។ ក្រុមបាតុករទាំងនោះ បានបញ្ជាក់ថា ឲ្យតែគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើមហាបាតុកម្មពេលណាក៏ដោយ ពួកគេ​នឹងមកធ្វើមហាបាតុកម្មបន្តទៀតភ្លាម។

មិនខុសគ្នានោះទេ ក្រុមបាតុករមួយក្រុមទៀត ដែលកំពុងតែឈរចាំគ្នាក្បែឡានឈ្នួលរបស់ខ្លួន នៅជិតវត្តភ្នំ ដើម្បីចេញ​ដំណើរទៅផ្ទះទាំងយប់ ដែលស្ថិតនៅខេត្តកំពង់ចាម បានប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ដែរថា ពួកគាត់មិន​សប្បាយចិត្តទាល់តែសោះ នៅពេលដែលគោលដៅរបស់ខ្លួន នៅមិនទាន់បានសម្រេចផង តែមហាបាតុកម្ម​បញ្ចប់​ទៅ​ហើយ។ គោលដៅដែលក្រុមបាតុករទាំងនោះចង់បាន គឺបង្កើតគណៈកម្មការពិសេស ដើម្បីស៊ើបអង្កេតភាព​មិនប្រក្រតី​ក្នុងអំឡុងពេល និងក្រោយការបោះឆ្នោត។

«អាត្មាក៏មិនទាន់អស់ចិត្តដែរញោម» ។ នេះគឺជាសង្ឃដីការរបស់ព្រះសង្ឃមួយអង្គព្រះនាម ថាន សាន ដែលនិមន្ត​មក​ពីខេត្តកំពង់ស្ពឺ ដែលបានចូលរួមធ្វើមហាបាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិ អស់រយៈពេល៣ថ្ងៃហើយនោះ បាន​មានថេរដីការប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា អាត្មាមិនចង់ត្រឡប់ទៅវត្តវិញសោះញោម ដោយសារតែមិនទាន់​ទទួលបានលទ្ធផលតាម ការទាមទារទាល់តែសោះ។ អ្នកបួសអង្គនេះ បានស្នើឲ្យគណបក្សសង្គ្រោះជាតិ បន្តធ្វើបាតុ កម្មទៀត លុះត្រាតែបានសម្រេចតាមការទាមទារទើបឈប់។

យ៉ាងណាក៏ដោយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសនៅចំពោះ មុខក្រុមបាតុកររាប់ម៉ឺន​នាក់នៅថ្ងៃបញ្ចប់នេះថា ដរាបណា យើងនៅមិនទាន់ទទួលបានយុត្តិធម៌ទេនោះ យើងអាចនឹងបន្តធ្វើ​មហាបាតុកម្ម​លើក​ក្រោយទៀតផងដែរ។

នៅថ្ងៃនេះ មេដឹកនាំកំពូលនៃបក្សទាំងពីរបានជួបចរចាគ្នាជាលើកទី២ ដើម្បីរកដំណោះស្រាយបញ្ហាប្រទេសជាតិ។ កាល​ពីម្សិលមិញគណបក្សទាំងពីរ បានសម្រេចព្រមព្រៀងគ្នានូវគោលការណ៍៣ ចំណុចដើម្បីបន្ថយភាពតានតឹងនយោបាយ។ កិច្ចព្រមព្រៀងទាំង៣ចំណុចនោះ មានចំណុចខ្លះ ក្រុមបាតុករមិនសូវពេញចិត្តនោះទេ។ ដោយឡែកជំនួបលើកទី២ នៅ​ថ្ងៃនេះ មិនមានចេញកិច្ចព្រមព្រៀងរួមគ្នានោះឡើយ។ ក៏ប៉ុន្តែភាគីទាំងពីរហាក់បីដូចជា សម្តែងជំហរវិជ្ជមាន​រៀងៗ​ខ្លួន៕

---------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...