តម្លៃអាយហ្វូន៥អេស និង អាយហ្វូន៥ស៊ី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទូរស័ព្ទដៃវៃឆ្លាត១គូ ស៊េរីថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុនអ័បផល (Apple) ដែលមានឈ្មោះថា អាយហ្វូន៥អេស (iPhone 5S) និងអាយហ្វូន៥ស៊ី (iPhone 5C) នឹងចេញលក់ជាផ្លូវការនៅប្រទេសអង់គ្លេស នាថ្ងៃទី២០ ខែកញ្ញានេះ។
សម្បករបស់ទូរស័ព្ទអាយហ្វូន ដែលអាចមានពណ៌ច្រើនប្រភេទ និងសម្បូរបែប។ (រូបថត ក្រុមហ៊ុន)
ហាងអ័បផល បានប្រកាសឲ្យដឹងថា អាយហ្វូន៥អេស ដែលមាន៣ពណ៌៖ ពណ៌ក្រម៉ៅ ពណ៌មាស និងពណ៌ទឹកប្រាក់នោះ មានតម្លៃដូចៗគ្នា ខណៈដែលទំហំ១៦ជីហ្គាបៃ តម្លៃ៥៤៩ផោន (៨៦៧ដុល្លារ), ទំហំ៣២ជីហ្គាបៃ តម្លៃ៦៣៩ផោន (៩៩៣.៥៧ដុល្លារ) និងទំហំ៦៤ជីហ្គាបៃ តម្លៃ៧០៩ផោន (១១២០ដុល្លារ)។
រីឯអាយហ្វូន៥ស៊ី មានពណ៌ដូចជា៖ ស ក្រហម លឿង ខៀវ និងបៃតង ដែលធ្លាប់មានពាក្យចចាមអារ៉ាមជាហូរហែមកថា តម្លៃទាបសមរម្យនោះ ក៏មានតម្លៃមិនធម្មតាដែរ ពោលគឺទំហំ១៦ជីហ្គាបៃ តម្លៃ៤៦៩ផោន (៧៤០.៨៣ដុល្លារ) និងទំហំ៣២ជីហ្គាបៃ តម្លៃ៥៤៩ផោន (៨៦៧.២ដុល្លារ) ឯនោះ។
ចំពោះការប្រកាសចេញតម្លៃរបស់អាយហ្វូន៥ស៊ីដូចនេះ ពិតជាធ្វើឲ្យអតិថិជននៅលើពិភពលោកមិនតិចទេ ដែលមានការខកចិត្តខ្លាំង រួមទាំងអតិថិជននៅកម្ពុជាផងដែរ ព្រោះតែកន្លងមកធ្លាប់តែលឺតៗគ្នាថា តម្លៃរបស់វាប្រហែលនៅចន្លោះពី ២០០ដុល្លារ ទៅ៣៥០ដុល្លារ។ ប៉ុន្តែជាក់ស្តែង អាយហ្វូន៥ស៊ី មានតម្លៃមិនខុសគ្នាឆ្ងាយពីអាយហ្វូន៥អេស នោះទេ។
លោក វង្ស នាគ ប្រធានគ្រប់គ្រងហាងលក់ទូរស័ព្ទដៃអប្សរា បានប្រាប់ដល់សប្បាយថា តម្លៃរបស់អាយហ្វូន៥ស៊ី អាចក្រោម ១០០០ដុល្លារតែមិនក្រោមខ្លាំងនោះទេ។ លោកបានបន្ថែមថា កន្លងមកលោកសង្កេតឃើញថា បើតម្លៃនៅលើទីផ្សារពិភពលោកពី ៧០០ទៅ៨០០ដុល្លារ នោះនៅកម្ពុជា នឹងមានតម្លៃខ្ពស់ជាងនោះទៅទៀត។
រីឯម្ចាស់ហាងលក់ទូរស័ព្ទដៃ សុខ លី ក៏មិនទាន់ហ៊ានសន្និដ្ឋានថាតម្លៃប៉ុន្មានឲ្យប្រាកដដែរ ប៉ុន្តែគាត់ក៏សន្និដ្ឋានថា អាយហ្វូន៥ស៊ី នឹងមានតម្លៃក្រោម ១០០០ដុល្លារដែរ។ ម្ចាស់ហាងដដែលបានបន្ថែមថា អាចខែក្រោយនេះ ទូរស័ព្ទដ៏ទំនើប អាយហ្វូន៥អេស និង៥ស៊ី នឹងមានលក់នៅស្រុកខ្មែរហើយ។
ដូច្នេះសរុបមក អាយហ្វូន៥ស៊ី ក៏មានតម្លៃថ្លៃណាស់ដែរ ដែលធ្វើឲ្យអ្នកដែលមានជីវភាពមធ្យម និងតែងតែសង្ឃឹមថា នឹងបានសាករស់ជាតិអាយហ្វូននឹងគេនោះ ខកចិត្តយ៉ាងខ្លាំង។ ចុះចំណែកប្រិយមិត្តវិញយល់យ៉ាងណាដែរ ចំពោះតម្លៃទូរស័ព្ទស៊េរីថ្មី ទាំង២នេះ? ហើយយល់យ៉ាងណា ចំពោះតម្លៃស៊េរី ៥ស៊ី?
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ