ប្រតិកម្មយុវជន ចំពោះការកំណត់ថ្លៃទូរស័ព្ទរបស់រដ្ឋាភិបាល(កែទម្រង់)ថ្មី
ការលូកដៃអន្តរាគមន៍ មកកំណត់តម្លៃហៅចេញនៃប្រព័ន្ធទូរស័ព្ទដៃ របស់រដ្ធាភិបាល ជារឿងមិនត្រឹមត្រូវ ព្រោះការកំណត់តម្លៃបែបនេះ នឹងធ្វើឲ្យប្រជាជនពិបាកក្នុងជីវភាពប្រចាំថ្ងៃ ហើយបានខុសទៅនឹងគោលការណ៍ នៃសេដ្ឋកិច្ចទីផ្សារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ នេះជាការលើកឡើង របស់ក្រុមយុវជនប្រមាណជា១០០នាក់ ដែលបានមកជួបជុំគ្នា នៅក្នុងបរិវេណវត្តភ្នំ កាលពីថ្ងៃសៅរ៍ទី១៤ខែធ្នូនេះ។
ក្រុមយុវជនដែលជួបជុំគ្នា ក្នុងបរិវេណវត្តភ្នំ កាលពីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ SengHong)
ទូរគមនាគមន៍កម្ពុជា - «យុវជនសម័យនេះមិនដូចសម័យពីដើម ដែលមិនដឹងរឿងសង្គមទេ។ យុវជនពេលនេះ មានភាពក្លាហានស្របតាមច្បាប់សង្គម។» នេះជាសង្ឃដីការរបស់ព្រះតេជគុណ លួន សាវាត ដែលបានធ្វើការវាយតម្លៃទៅលើ ការជួបជុំគ្នានាទីធ្លានៃរមណីយដ្ឋានវត្តភ្នំ របស់ក្រុមយុវជនប្រមាណជា១០០នាក់ ក្នុងថ្ងៃសៅរ៍ទី១៤ ខែធ្នូនេះ។
ក្រុមយុវជនទាំងនោះ បានរៀបរាប់ពីការជួបជុំរបស់ពួកគេថា គឺដើម្បីប្រមូលស្នាមមេដៃ ដើរក្បួន និងយកញត្តិទៅជូនលោក ប្រាក់ សុខុន រដ្ឋមន្ត្រីថ្មីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ញត្តិដែលក្រុមយុវជនបានធ្វើនោះ មានគោលបំណងស្នើសុំឲ្យទុកជានិរាករណ៍ នៃសេចក្ដីប្រកាសអន្តរក្រសួងលេខ ២៣២ ដែលបានកំណត់តម្លៃអប្បបរិមា សម្រាប់ការហៅចេញនៃប្រព័ន្ធទូរស័ព្ទដៃ។
ពីក្នុងចំណោមនោះ យុវជនម្នាក់ឈ្មោះ រិន ចាន់រិទ្ធិ ជានិស្សិតមួយរូប មកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានត្អូញត្អែរប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូថា ការតម្លើងថ្លៃទូរស័ព្ទនេះ ធ្វើឲ្យពិបាកក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណេត មិនបង្កភាពងាយស្រួល ក្នុងការស្រាវជ្រាវរៀនសូត្រ។ ដោយខ្លួនជាអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ស្មាត ផងនោះ យុវជនចាន់រិទ្ធិ បាននិយាយទៀតថា ទោះជាប្រព័ន្ធនេះមិនសូវល្អយ៉ាងណាក៏ដោយ តែវាបានជួយយុវជនបានយ៉ាងច្រើន ដូចជាកម្មវិធី«ដូរលុយបាន» នោះជាដើម។
ដោយមានកាន់ផ្ទាំងក្រដាសធំមួយ សរសេរពីមាត្រា៥៦នៃរដ្ឋធម្មនុញ្ញកម្ពុជាដែលបានចែងថា «ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ធកិច្ចទីផ្សារ» និស្សិតមួយរូបទៀតរៀនឆ្នាំទីបី ខាងទស្សនវិជ្ជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវជន រឹម ភារី បានប្រាប់ទស្សនាវដ្តីថា៖ «ខ្ញុំសូមអំពាវនាដល់ក្រសួង ប្រៃសណីយ៏ និងទូគមនាគមន៏ និងក្រសួងហិរញ្ញវត្ថុឲ្យចាត់វិធានការនេះ។ ព្រោះការកំណត់តម្លៃ នេះមានន័យថា រដ្ឋបានលូកដៃ ចូលទៅក្នុងប្រព័ន្ធសេដ្ធកិច្ចទីផ្សារហើយ។ (...) បើមានការប្រកួតប្រជែង និងមានតម្លៃថោក ប្រជាពលរដ្ធនឹងមានជីវភាពធូធារ។ ការខ្លាចរបស់ក្រសួងក្នុងការដួលរលំប្រព័ន្ធទូរស័ព្ទ គ្រាន់តែជាការដោះសារមួយប៉ុណ្ណោះ ព្រោះការប្រកួតប្រជែងគឺគេស្វែងរកតម្លៃទាប ទើបគេហៅថាទីផ្សារសេរី។ (...) ប្រជាពលរដ្ធមានសិទ្ធិគាំទ្រសេវាកម្មមួយណា ជាសិទ្ធិរបស់គាត់។»
«ការភ័យខ្លាចរបស់ក្រសួង» ទំនងជាក្រុមយុវជនបានយោងទៅលើ សេចក្ដីថ្លែងរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន ក្នុងសន្និសិទការសែត កាលពីថ្ងៃ០៩ ខែធ្នូកន្លងមកនេះថា ការកំណត់ថ្លៃទូរស័ព្ទរបស់ក្រសួងនេះ មានបំណងដើម្បីចូលរួមទប់ស្កាត់ ចំពោះការប្រកួតប្រជែងមិនស្មោះត្រង់ ដែលជាហេតុបណ្តាលឲ្យក្រុមហ៊ុនទូរស័ព្ទផ្សេងៗទៀត មានការដួលរលំ និងដើម្បីស្វែងរកពន្ធបន្ថែមក្នុងការតម្លើងប្រាក់ដល់មន្ត្រីរាជការ។
តំណាងមួយរូបរបស់ក្រុមយុវជន លោកហេង គឹមណា បានឆ្លើយតបពីករណី «ការប្រកួតប្រជែងមិនស្មោះត្រង់»ថា ជាការលូកដៃអន្តរាគមន៍របស់រដ្ធាភិបាល ដែលមិនត្រឹមត្រូវ ព្រោះការកំណត់តម្លៃបែបនេះ នឹងធ្វើឲ្យប្រជាជនពិបាកក្នុងជីវភាពប្រចាំថ្ងៃ។ យុវជនរូបនេះយល់ឃើញថា សកម្មភាពនេះរបស់រដ្ធាភិបាល ហាក់បង្ហាញពីការការពារផលប្រយោជន៏ ដល់ក្រុមឬបក្សពួកណាមួយ។
យុវជន ហេង គឹមណា បានឆ្លើយតបទាក់ទងនឹងការលើកឡើង ពីការកំណត់ថ្លៃទូរស័ព្ទ ដើម្បីយកពន្ធទៅតម្លើងប្រាក់ខែឲ្យដល់មន្ត្រីរាជការនោះ ថាមិនអាចមានអ្វីមកអះអាងឲ្យច្បាស់បានឡើយ ដោយសារតែភាពជាក់ស្តែង វាមិនគ្រប់គ្រាន់ ដើម្បីយកទៅតម្លើងប្រាក់ខែមន្ត្រីរាជការនោះទេ។ ចំនុចនេះ យុវជនបានលើកជាយោបល់ថា រដ្ឋាភិបាលគួរតែធ្វើការអភិវឌ្ឍន៏សេដ្ធកិច្ច តាមការវិនិយោគទុននៅក្នុងស្រុក លុបបំបាត់អំពើពុករលួយ កែទម្រង់ច្បាប់ដើម្បីទាក់ទាញវិនិយោគទុនបរទេសនោះជាដើម៕
សូមទស្សនារូបបន្ថែម៖
---------------------------------------------
ដោយ៖ ក. សេងហុង ថ្ងៃ១៤ ខែធ្នូ ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ