មន្ត្រី​សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​ត្រូវ​គិត​ពី​ខ្មែរ​ក្រោម ព្រោះ​ជា​«ខ្មែរ»​តែ​មួយ

ពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងតែប្រឈមមុខទៅនឹងការបិទបាំងសេរីភាព ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរទៅៗ។ សិទ្ធិប្រពៃណី ទំនាមទំលាប់ ជំនឿសាសនា ការបញ្ចេញមតិ ការទទួលបានព័ត៌មាន ពិសេសការទទួលបាន​នូវការ​សិក្សាភាសាខ្មែរ ត្រូវបានរារាំងដោយក្រុមអាជ្ញាធរវៀតណាម ស្ទើរតែគ្រប់កាលៈទេសៈទាំងអស់។ សម្រាប់បញ្ហា​ខាង​លើ ជានិច្ចកាលត្រូវបានច្រានចោលដោយរដ្ឋាភិបាលកម្ពុជា និងមិនមានការយកចិត្តទុកដាក់​លើពីបញ្ហារស់នៅ​របស់ខ្មែរកម្ពុជាក្រោមឡើយ។ នេះបើយោងតាមការលើកឡើងរបស់លោក សឺន ជុំជួន នាយកកម្មវិធីនៃសមាគមន៍​ខ្មែរកម្ពុជាក្រោម។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: December 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងតែប្រឈមមុខទៅនឹងការបិទបាំងសេរីភាព ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរទៅៗ។ សិទ្ធិប្រពៃណី ទំនាមទំលាប់ ជំនឿសាសនា ការបញ្ចេញមតិ ការទទួលបានព័ត៌មាន ពិសេសការទទួលបាន​នូវការ​សិក្សាភាសាខ្មែរ ត្រូវបានរារាំងដោយក្រុមអាជ្ញាធរវៀតណាម ស្ទើរតែគ្រប់កាលៈទេសៈទាំងអស់។ សម្រាប់បញ្ហា​ខាង​លើ ជានិច្ចកាលត្រូវបានច្រានចោលដោយរដ្ឋាភិបាលកម្ពុជា និងមិនមានការយកចិត្តទុកដាក់​លើពីបញ្ហារស់នៅ​របស់ខ្មែរកម្ពុជាក្រោមឡើយ។ នេះបើយោងតាមការលើកឡើងរបស់លោក សឺន ជុំជួន នាយកកម្មវិធីនៃសមាគមន៍​ខ្មែរកម្ពុជាក្រោម។


សមាជរបស់សមាកមខ្មែរកម្ពុជាក្រោម នៅវត្តសាមគ្គីរង្សី កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិសេរីភាព - ក្នុងសមាជរបស់សមាកមខ្មែរកម្ពុជាក្រោម នៅវត្តសាមគ្គីរង្សី កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូនេះ លោក សឺន ជុំជួន ក៏បានបង្ហាញនូវបញ្ហាមួយចំនួន ក្នុងអំឡុងឆ្នាំ២០១៣ ទាក់ទងទៅនឹងការបិទបាំងនូវសិទ្ធិសេរីភាព ដោយ​អាជ្ញាធរវៀតណាម ក៏ដូចជាអាជ្ញាធរកម្ពុជាកន្លងមកថា ដូចករណីការហាមឃាត់ខ្មែរកម្ពុជាក្រោម ចូលរួមសម្តែងមតិ និងទាមទានូវសិទ្ធិសេរីភាពរបស់ខ្លួន ដូចជាការមិនអនុញ្ញាតិឲ្យចូលទៅកាន់ដីខ្មែរកម្ពុជាក្រោម ដែលជាទីកំណើត​របស់ខ្លួនជាដើម។ លោកបានលើកករណីជាក់ស្តែងថា ថាមិនថាតែចំពោះប្រជាពលរដ្ឋទេ សូម្បីតែមន្រ្តីថ្នាក់ធំៗ មួយ​ចំនួន ក៍មិនអនុញ្ញាតិឲ្យចូលស្រុកកំណើតដែរ ដូចជាលោក សឺន ស៊ូប៊ែរ សមាជិកឧត្តមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមកត្រូវបានមន្រ្តីនគរបាលអន្តោប្រវេសន៍យួន ឃាត់ខ្លួនមិនអនុញ្ញាតិឲ្យចូល និងបានឲ្យត្រឡប់មកកម្ពុជាវិញ ក្រោមហេតុផលថា ដើម្បីការពារសន្តិសុខ សុវត្ថិភាព។

លោកបន្តរថាដូចករណីលោក លី ឈួន ចាងហ្វាងសារព័ត៌មានព្រៃនគរ និងភរិយាក៏ត្រូវបានអាជ្ញាធរ​ច្រកព្រំដែន​ខ្មែរ​-វៀតណាមបានចាប់ឃាត់ខ្លួន និងរឹបអូសយកសម្ភារៈមួយចំនួន ព្រមទាំងពិន័យប្រាក់​រាប់លានដុង ជាថ្នូរនឹង​ការ​ដោះលែង ក្រោមបទចោទប្រកាន់ថា មានបំណងប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម។ នៅមានករណីជាច្រើនទៀត​ដែលប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមត្រូវបានអាជ្ញាធរវៀតណាម តាំងពីថ្នាក់ស្រុកដល់ថ្នាក់ខេត្ត ចុះមកសួរនាំ ឈ្លេចយកចម្លើយ គម្រាមកំហែងបំភិតបំភ័យដល់គេហដ្ឋានជាដើម។ ជាមួយគ្នានេះ អាជ្ញាធរវៀតណាម ក៏បាន​ចាប់​បង្ខំឲ្យអ្នកទាំងនោះ ធ្វើជាជនសម្ងាត់ដើម្បីស៊ើបយកការណ៍ថែមទៀតផង។ ការគំរាមកំហេង ការចាប់ខ្លួនចំពោះអ្នក​ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម និងអ្នកដែលមានបំណងចង់រំដោះទឹកដីខ្មែរកម្ពុជាក្រោមមកវិញ ពិសេសអ្នកដែលមានចេតនា ពង្រឹងវប្បធម៌ភាសាខ្មែរនៅក្នុងទឹកដីខ្មែរកម្ពុជាក្រោម។

លោក សឺន ជុំជួន បានបន្ថែមថា​ «ខ្មែរ​ក្រោមបច្ចុប្បន្ន កំពុងតែក្លាយជាជនជាតិអន្តោប្រវេសខុសច្បាប់ ក្នុងទឹកដី​នៃ​ប្រទេសកម្ពុជា និងក៏កំពុងតែក្លាយជាជនជាតិភាគតិច លើដីខ្មែរកម្ពុជាក្រោម ដែលជាស្រុកកំណើតរបស់ខ្លួន»។

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំការបំភ្លឺពីលោក គុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងលោក ទិត សុធា អ្នកនាំពាក្យ និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបានទេ ដោយពួក​លោកពុំទទួលទូរសព្ទ័។

តែលោក សឺន ជុំជួន ក៏ដូចជាលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេស​ស៊ើបអង្កេតអង្គការ​សិទ្ធិមនុស្សលីកាដូ បាន​បញ្ជាក់ថា រដ្ឋាភិបាលបានទទួលស្គាល់រួចទៅហើយថា កម្ពុជាក្រោម គឺជា«ខ្មែរ»។

លោកទាំងពីរបានបន្តរថា កន្លងមកមានការទាមទារ និងការដាក់ញ្ញត្តិផ្សេងៗ របស់ខ្មែរកម្ពុជាក្រោម​ទៅ​រដ្ឋាភិបាល​កម្ពុជា ហើយមន្រ្តីនៃរដ្ឋាភិបាលមួយនេះ ហើយតែងតែទទួលនិងសន្យាថា នឹងដោះស្រាយជាបន្តរបន្ទាប់។ ប៉ុន្តែជា​លទ្ធផល មិនដែលឃើញមានចំណាត់ការណាមួយ ចេញបានសមស្របនោះឡើយ។ លោកទាំងពីរ បានបង្ហាញនូវ​ការសោកស្តាយចំពោះកិច្ចអន្តរាគម ការអនុវត្តក៏ដូចជាដំណោះស្រាយ ហាក់បីដូចជាមានភាពយ៉ឺតយ៉ាវ ឬមិន​មាន​វិធានការដោះស្រាយជាដើម ដែលមិនស្រប ទៅនឹងការប្រកាស«ទទួលស្គាល់»របស់រដ្ឋាភិបាលខ្លួនឯង ក្នុងពេល​កន្លងមក។

លោក អំ សំអាត បានបន្ថែមថា ការមិនអនុវត្តទៅតាមការសម្រេច ទទួលស្គាល់ខ្មែរកម្ពុជាក្រោមថា ជាខ្មែរដោយ​រដ្ឋភិបាលកម្ពុជានោះ ជាមូលហេតុធ្វើឲ្យខ្មែរកម្ពុជាក្រោមនៅមានបញ្ហាមកទល់នឹងពេលនេះ។ មន្រ្តីរូបនេះបន្តរថា ទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ មិនថាប្រជាពលរដ្ឋខ្មែរដទៃ ឬខ្មែរកម្ពុជាក្រោមទេ។ ហើយរដ្ឋាភិបាលកម្ពុជាក៏ត្រូវតែមានកិច្ចអន្តរាគមន៍ណាមួយជួយដល់ពលរដ្ឋខ្មែរទាំងនោះ។

មន្ត្រីអង្គការ​សិទ្ធិមនុស្សរូបនេះ បាននិយាយថា «បើមានការធ្វើទុក្ខបុកម្នេញណាមួយកើតឡើងមែន គួតែមានការ​ចរចារ ឬការកំណត់ទូតណាមួយជាកិច្ចអន្តរាគមន៍។ (…) យើងចង់ឲ្យមានការកំណត់អង្គទូត​ដោះស្រាយចំពោះ​បញ្ហាខ្មែរកម្ពុជាក្រោម ដូចករណីប្រជាពលរដ្ឋខ្មែរដែលមានបញ្ហានៅថៃជាដើម ដែលក្រសួងការបរទេស​បានផ្ញើរ​ចំណាត់ទូត ចរចារដើម្បីឲ្យមានដំណោះស្រាយ នៃផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋខ្មែរយើង។ (…) យើងចង់ឲ្យ​មានការចាត់ទូតជួយដោះស្រាយដូចគ្នា ព្រោះខ្មែរកម្ពុជាក្រោម ក៏ជាខ្មែរ៕»

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...