អ្នកវិភាគ៖ ការបោះឆ្នោតឡើងវិញនៅកម្ពុជា អាចនឹងកើតមាន
រហូតមកដល់ពេលនេះ បើទោះការទាមទាររបស់គណបក្សសង្រ្គោះជាតិ ទៅគណបក្សប្រជាជនកម្ពុជាឲ្យមានការបោះឆ្នោតឡើងវិញ ដើម្បីទម្លាយភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលក៏ដោយ ក៏ចរន្តនេះត្រូវបានអ្នកវិភាគឯករាជ្យ និងអ្នកឯកទេសរៀបចំការបោះឆ្នោតសន្និដ្ឋានថា វាទំនងជាអាចទៅរួចអំពីលទ្ធភាព នៃការបោះឆ្នោតឡើងវិញ ក្នុងឆ្នាំ២០១៤ខាងមុខនេះ ប្រសិនបើគណបក្សសង្រ្គោះជាតិ និងអ្នកគាំទ្របន្ថែមសម្ពាធថែមទៀត លើរដ្ឋាភិបាល រួមជាមួយនឹងការគាំទ្រពីសហគមអន្តរជាតិ។ នៅក្នុងបរិបទនេះ គេក៏បានសង្កេតឃើញគណបក្សប្រជាជនកម្ពុជា ហាក់ដូចជាកំពុងបង្ហាញជំហរទន់ភ្លន់ ងាកមករកនិន្នាការនេះដែរ។
អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)
នយោបាយកម្ពុជា - ជុំវិញបញ្ហានេះ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ បានពន្យល់ថា ក្រោយការបោះឆ្នោតដែល«ជាប់ជំពាក់»នឹងភាពមិនប្រក្រតី គណបក្សសង្រ្គោះជាតិ និងអ្នកគាំទ្រមិនបានទទួលស្គាល់លទ្ធផលបោះឆ្នោត នឹងការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីនោះទេ។
នាយកប្រតិបត្តិដដែលនេះបន្តថា ការដែលមិនបានទទួលស្គាល់ បានជម្រុញឲ្យពួកគេពហិការចូលរដ្ឋសភា និងបន្តការតវ៉ារហូតមកដល់ពេលនេះ ដែលជាការដាក់សម្ពាធលើរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំងឡើង។ លោក គល់ បញ្ហា បញ្ជាក់ថា៖ «ជាធម្មតាកាលណារងសម្ពាធយូរៗទៅ វាអាចជាការពិនិត្យលទ្ធភាព នៃការដូររូល (ច្បាប់ទម្លាប់) នៃការលេងល្បែង ដើម្បីឲ្យគេទាំងអស់គ្នាមើលឃើញថា ការប្រកួតមួយ មានកិត្តិយស មានសុចរិតភាព មានយុត្តិធម៌ (...)»។
សូមរម្លឹកថា ក្រោយការទាមទាររបស់គណបក្សសង្រ្គោះជាតិ ឲ្យមានការបោះឆ្នោតឡើងវិញ លោក ស ខេង ជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ក្នុងសន្និសីទកាសែតនៅទីស្តីការក្រសួងមហាផ្ទៃ បានបញ្ជាក់តបថា ៖ «មូលហេតុចំបងនោះ តើមានបញ្ហាអ្វីខ្លះដែលនាំឲ្យ ឈានទៅដល់បោះឆ្នោតឡើងវិញ។ ហើយកម្ពុជា យើងខ្ញុំគិតថា ប្រហែលជាមិនទាន់ដើរដូចថៃ ថាត្រូវបោះឆ្នោតពីរខែទៀត យើងរៀបចំទាន់? ប្រហែលជាទៅមិនទាន់រួចទេ។ (…) បើត្រូវបោះឆ្នោតឡើងវិញ ក៏ត្រូវប្រើពេលវេលា យ៉ាងហោចណាស់ពីមួយឆ្នាំ ទៅពីរឆ្នាំសម្រាប់ការរៀបចំ។»
ជាការបង្ហាញគោលជំហររបស់គណបក្ស ជាថ្មីម្តងទៀត ពីព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ តាមរយៈវីដេអូខ្លីមួយ ដែលត្រូវបង្ហោះឡើងលើទំព័រហ្វេសបុកផ្លូវការ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសថា ដើម្បីឲ្យមានការផ្លាស់ប្តូរដោយសន្តិវិធី ចាប់ពីថ្ងៃទី១៥ធ្នូ គណបក្សសង្គ្រោះជាតិ នឹងដឹកនាំធ្វើបាតុកម្មរៀងរាល់ថ្ងៃទូទាំងប្រទេស ឥតឈប់ឈរ ក្នុងបំណងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ នៅឆ្នាំ២០១៤។
ទាក់ទងបញ្ហានេះ លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC) បានបន្យល់ថា វាជាការលំបាកសម្រាប់ការរៀបចំ ឲ្យមានការបោះឆ្នោតឡើងវិញ ក្នុងរយៈពេលខ្លីខាងមុខនេះ ព្រោះគណបក្សទាំងពីរនៅមានចំណុចខ្វែងគំនិតគ្នានៅឡើយ។
លោកបណ្ឌិតដដែលនេះបន្តថា និតិវិធីក្នុងការរៀបចំការបោះឆ្នោតឡើងវិញក្នុងរយៈពេលខ្លី ដែលអាចធានាបាននូវតម្លាភាព និងយុត្តិធម៌ អាចទទួលយកបានសម្រាប់គ្រប់គូរភាគី ដើម្បីជៀសវាងការជាប់គាំងនយោបាយក្រោយការបោះឆ្នោតជាថ្មីនោះ ក៏មានភាពស្មុគស្មាញដែរ។ តែលោកបណ្ឌិត ហង្ស ពុទ្ធា អះអាងថា លទ្ធភាពនៃការបោះឆ្នោតឡើងវិញ ក៏ប្រហែលជាអាចទៅរួចដែរ ប្រសិនបើភាគីអន្តរជាតិជួយសម្របសម្រួល ស្របពេលដែលរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញសញ្ញាថា នឹងធ្វើកិច្ចសហការជាមួយភាគីដែលពាក់ព័ន្ធរួចទៅហើយនោះ៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ