ឆ្នាំងសាកថ្មថោក បានផ្ដាច់ជីវិតម្ចាស់ទូរស័ព្ទ ពេលកំពុងទូរស័ព្ទ
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៣ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 06, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងដែលអ្នកធ្លាប់តែឮគេនិយាយ និងផ្សាយតាមបណ្ដាញហ្វេសប៊ុក ឥឡូវនេះ បានកើតមានពិតប្រាកដ។ ស្ត្រីមួយរូប ដែលទើបនឹងក្លាយជាម្ដាយ នៅក្នុងគ្រួសារមួយ ត្រូវបានគេរកឃើញស្លាប់ ដោយឆេះមួយចំហៀងមុខ ក្នុងលំនៅដ្ឋានរបស់ខ្លួន ស្ថិតនៅក្រុង ហ្គូសហ្វ័ដ (Gosford) នៃប្រទេសអូស្ត្រាលី។ ការវិភាគភិនភាគដំបូងបានឲ្យដឹងថា នាងត្រូវបាន«ឆក់»ដោយអគ្គិសនី នៅក្នុងពេលដែលនាងកំពុងទូរស័ព្ទ ទៅកាន់មិត្តស្រីមួយរូប។
នាងសេរីស ថតនៅឆ្នេរសមុទ្រ មុនពេលកើតហេតុការណ៍។ (រូបថតផ្តិតពីវីដេអូ)
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូនប្រិយមិត្តអ្នកអានរបស់ខ្លួន។
ស្លាប់នឹងទូរស័ព្ទ - ហេតុការណ៍ដែលអ្នកធ្លាប់តែឃើញ តាមរូបភាពឬដំណកស្រង់ផ្សេងៗ តាមបណ្ដាញអាំងធើណែត ឬបណ្ដាញសង្គមនោះ បានកើតមានមែននៅក្នុងប្រទេសអូស្ត្រាលី។ ហេតុការណ៍នេះ ត្រូវបានសារព័ត៌មានក្នុងប្រទេសអូស្ត្រាលី យកមកធ្វើសេចក្ដីរាយការណ៍ យ៉ាងព្រោងព្រាត បង្កឲ្យមានការភ្ញាក់ផ្អើលដ៏ខ្លាំងមួយ កាលពីសប្ដាហ៍កន្លងទៅនេះ។ នាង សេរីល អេ (Sheryl A.) ដែលមានបុត្រពីរនាក់ ត្រូវបានសម្លាប់នៅពេលដែលនាង កំពុងទូរស័ព្ទទៅកាន់មិត្តស្រីរបស់នាង។ ប្រដាប់បញ្ចូលថ្មទូរស័ព្ទ ឬឆ្នាំងសាក ដែលគ្មានយីហោត្រឹមត្រូវ ហើយបានខូច ទំនងជាមូលហេតុនៃមរណភាពនេះ។
តាមពិតទៅ មរណភាពនេះ បានកើតឡើងតាំងពីខែមេសាមកម្លេះ តែអាជ្ញាធរនៃប្រទេសអូស្ត្រាលី ទើបនឹងបញ្ចេញហេតុការណ៍នេះ មកផ្សាយជាសាធារណៈ កាលពីសប្ដាហ៍មុន ក៏ព្រោះតែមានគោលបំណងចង់ ពញ៉ាក់អារម្មណ៍អ្នកទិញឆ្នាំងសាកបញ្ជូលថ្ម ដែលមានតម្លៃថោកៗ តែមិនស្របតាមបច្ចេកទេស ឲ្យដឹងពីទំហំនៃគ្រោះថ្នាក់។
នៅមុនហេតុការណ៍កើតឡើង នាង សេរីល អាយុ២៨ឆ្នាំ ដែលជាគ្រូពេទ្យជាតិហ្វីលីពីនម្នាក់នោះ ទើបនឹងទទួលបានលិខិតស្នាមរស់នៅ ក្នុងប្រទេសអូស្ត្រាលី។ ស្វាមីរបស់នាង និងកូនទាំងពីរនាក់ទៀតរបស់នាង ត្រៀមនឹងទៅរស់នៅក្នុងក្រុង ហ្គូសហ្វ័ដ ជាមួយនាង។ ប៉ុន្តែទីបំផុតទៅ គឺក្រុមនគរបាលទេ ដែលបានទៅរកឃើញសាកសពរបស់នាងមុនគេ ដោយមានពាក់កាសស្ដាប់នឹងត្រជៀក និងមានទូរស័ព្ទកាន់ជាប់នឹងដៃ។ ទូរស័ព្ទនេះ មានដោតជាប់នឹងឆ្នាំងសាកបញ្ចូលថ្ម ដោយប្រើបច្ចេកវិទ្យា យូអេសប៊ី (usb)។
ស្វាមីរបស់នាង បានពន្យល់ប្រាប់សារព័ត៌មានរបស់ប្រទេសអូស្ត្រាលី ដេល្លី តេលេគ្រាហ្វ៍ (Daily Telegraph) ថានាងកំពុងទូរស័ព្ទទៅរកមិត្តស្រីរបស់នាងម្នាក់ នៅក្រុងឌុយប៊ៃ ប្រទេសអារ៉ាប់រួម ហើយនាងត្រូវបាន«ឆក់»ដោយកម្លាំងអគ្គិសនីដ៏ខ្លាំងមួយ។ ចរន្ដភ្លើងដែលមានកម្លាំង២៤០វ៉ុល បានឆេះកម្ទេចដើមទ្រូង និងត្រជៀកទាំងសងខាងរបស់នាង។ ការស៊ើបអង្កេតរបស់អាជ្ញាធរអូស្ត្រាលី បានកំពុងបន្តធ្វើនៅឡើយ។ ប៉ុន្តែសហគ្រាសដែលបានលក់ឆ្នាំងសាកនេះ ទំនងជាត្រូវបានក្រុមអ្នកស៊ើបអង្កេតរកឃើញហើយ ថាមានទីតាំងនៅក្នុងក្រុងស៊ីដនី។ ក្រុមអ្នកគ្រប់គ្រងសហគ្រាស អាចនឹងជាប់ទោសរហូតដល់ ២ឆ្នាំក្នុងពន្ធនាគារ និងបង់ការផាកពិន័យប្រមាណជា ៨៧៥ ០០០ដុល្លា៕
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកវិញនៅក្នុងអត្ថបទក្រោយរបស់ខ្លួន ដើម្បីជម្រាបជូនថា តើត្រូវធ្វើយ៉ាងណា ដើម្បីការប្រើប្រាស់ទូរស័ព្ទ ប្រកបដោយសុវត្ថិភាព។