ធ្លាក់យន្ដហោះ ប៊ូអីង ពេញព្រៃ ព្រោះរថភ្លើងងាកផ្លូវ (vdo)
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៦ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 07, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តួយន្ដហោះប៊ូអីង (Boeing) ជាច្រើន បានដួលដេករមៀល រណូករណែលនៅក្នុងព្រៃ និងខ្លះទៀតធ្លាក់ចូលក្នុងស្ទឹង ដោយសារតែរថភ្លើងដែលដឹកសម្ភារៈយន្ដហោះទាំងនេះ បានងាកចេញពីផ្លូវ នៅក្នុងរដ្ឋម៉ុងតាណា (Montana) សហរដ្ឋអាមេរិក។
គ្រោះថ្នាក់រថភ្លើង - បើតាមសារព័ត៌មានក្នុងតំបន់ បានឲ្យដឹងថា យ៉ាងហោចទូរថភ្លើងចំនួនបី ពីក្នុងចំណោមទូរថភ្លើងចំនួន១៩ បានរអិលធ្លាក់តាមជំរាលភ្នំ ហើយបានគ្រវែងតួយន្ដហោះប៊ូអីង ចេញពីលើទូរថភ្លើងទាំងនេះ ធ្លាក់ចូលទៅក្នុងទឹកស្ទឹង ក្លារហ្វ័ក (Clark Fork)។ ហេតុការណ៍បានកើតឡើង នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន នៅក្នុងរដ្ឋ ម៉ុងតាណា សហរដ្ឋអាមេរិក។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាយស្ម័យាន មិនបានបញ្ជាក់ពីជនរងគ្រោះនោះទេ ហើយមូលហេតុនៃការងាកចេញពីផ្លូវរបស់រថភ្លើង ក៏នៅមិនទានដឹងនៅឡើយដែរ។ ប៉ុន្តែអ្នកនាំពាក្យបាននិយាយថា ការស៊ើបអង្កេតបានចាប់ផ្ដើមធ្វើហើយ ដើម្បីកំណត់ឲ្យច្បាស់ពីហេតុការណ៍នេះ។
ដោយឡែក សហគ្រាសផលិតយន្ដហោះ ប៊ូអីង របស់អាមេរិក បានឲ្យដឹងថា តួយន្ដហោះ និងគ្រឿងបន្លាស់ ដែលបានរងគ្រោះធ្លាក់ពេញព្រៃ និងក្នុងស្ទឺងនោះ នឹងត្រូវយកមកតម្លើង និងបំពាក់ឲ្យយន្ដហោះធុន ប៊ូអីង ៧៣៧ ៧៧៧ និង៧៤៧។
នៅខាងក្រោមនេះ ជារូបភាព និងវីដេអូដ៏អស្ចារ្យ ដែលត្រូវបានក្រុមអ្នកជួយសង្គ្រោះ និងបណ្ដាជនដែលរស់នៅជិតកន្លែងកើតហេតុ ថតបានហើយធ្វើការផ្សព្វផ្សាយ នៅពាសពេញបណ្ដាញអ៊ីនធើណែត។