រថភ្លើងក្រឡាប់នៅក្បែរប៉ារីស របួស៧នាក់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 13, 2018
- ប្រធានបទ: គ្រោះផ្លូវដែក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍បានកើតឡើង ចំពោះរថភ្លើង «RER B» នៅចន្លោះក្រុង «Saint-Rémy-lès-Chevreuse» និងក្រុង «Orsay» ដែលស្ថិតនៅប្រមាណជាង ៣០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីប៉ារីស (បារាំង)។ ស្ថានភាពឧត្តុនិយមដ៏អាក្រក់ នៅក្នុងតំបន់ជុំវិញរដ្ឋធានី ប៉ារីស បានបង្កឲ្យមានទឹកជំនន់ និងបានហូរច្រោះយកដីកំណល់ផ្លូវរថភ្លើង គឺជាមូលហេតុ ដែលធ្វើឲ្យទូរថភ្លើងចំនួនបី ក្រឡាប់។
អ្នកស្រី «Elisabeth Borne» រដ្ឋមន្ត្រីដឹកជញ្ជូនបារាំង បានថ្លែងឡើងថា៖ «ការបាក់ដី បានបង្កឲ្យទូរថភ្លើងចំនួនបី នៃរថភ្លើង "RER B" មួយខ្សែរ ក្រឡាប់នៅលើផ្លូវ។ ជាសំណាងល្អ មានមនុស្សតែ៧នាក់ ដែលបានរងរបួសស្រាល។»។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនស្វ័យតអាយស្ម័យាន «RATP» បានថ្លែងឲ្យដឹងថា នៅមុនម៉ោង ៥ភ្លឺ ព្រឹកថ្ងៃអង្គារនេះ រវាងស្ថានីយ៍ «Saint-Rémy-lès-Chevreuse» និងស្ថានីយ៍ «Courcelle-sur-Yvette» ការដួលរលំ នៃទំនប់កល់ផ្លូវដែកមួយ ដែលបណ្ដាលមកពីទឹកភ្លៀង បានបណ្ដាលឲ្យរថភ្លើងរត់ខុសផ្លូវ មុននឹងរថភ្លើងមួយកំណាត់ បានក្រឡាប់ដេកនៅលើដី។
ដំណឹងចុងក្រោយ ដែលទើបនឹងធ្លាក់មកដល់ ក្នុងយប់ថ្ងៃដដែលនេះ បានអះអាងថា ការស៊ើបអង្កេតមួយ ត្រូវបានការិយាល័យអយ្យការក្រុង វែកសៃយ៍ (Versailles) បើកធ្វើ ដើម្បីស្វែងរកពីមូលហេតុច្បាស់លាស់ និងផ្លូវការ ដែលបង្កឲ្យមានពលរដ្ឋបារាំងទាំង៧រូប រងរបួស។
ហេតុការណ៍នេះ បានធ្វើឲ្យការរត់ទៅមក រវាងស្ថានីយ៍ទាំងពីរខាងលើ ត្រូវបានកាត់ផ្ដាច់ ហើយនឹងត្រូវរងការរអាក់រអួល សម្រាប់រយៈពេលជាច្រើនថ្ងៃ។ ក្រុមហ៊ុនស្វ័យតអាយស្ម័យាន បានយករថយន្ដក្រុងជាច្រើនគ្រឿង មករត់ភ្ជាប់ស្ថានីយ៍ទាំងពីរ ដើម្បីជាប្រយោជន៍ដល់អ្នកដំណើរ៕