យន្ដហោះ​បាត់​ខ្លួន ទំនង​ជា​បាន​ហោះ​នៅ​កំពស់​ជាង​១៣​គីឡូម៉ែត្រ ឆ្ពោះ​ទៅ​ប្រជុំ​កោះ អាដាម៉ាន

«យន្ដហោះបានធ្វើការហោះហើរ នៅកំពស់ដ៏ខ្ពស់ និងបានផ្លាស់ប្ដូរមិនទៀតទាត់» នេះបើតាមការសែតអាមេរិកាំង​មួយទៀតឈ្មោះ ញ៉ូយកថែម បានស្រង់សេចក្ដីរាយការណ៍ របស់ក្រុមអ្នកស៊ើបអង្កេត មកចុះផ្សាយក្នុងទំព័ររបស់ខ្លួន នៅថ្ងៃសុក្រទី១៤ ខែមីនានេះ។ ការស៊ើបអង្កេត លើការបាត់ខ្លួននៃយន្ដហោះ ប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ី អ៊ែរឡាញ ដែលតាំងពីជាង១សប្ដាហ៍មកហើយ បានប្ដូរទិសដៅរបស់វា ឆ្ពោះទៅរកការសង្ស័យនៃ«ការចាប់ពង្រត់»​មួយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យន្ដហោះបានធ្វើការហោះហើរ នៅកំពស់ដ៏ខ្ពស់ និងបានផ្លាស់ប្ដូរមិនទៀតទាត់» នេះបើតាមការសែតអាមេរិកាំង​មួយទៀតឈ្មោះ ញ៉ូយកថែម បានស្រង់សេចក្ដីរាយការណ៍ របស់ក្រុមអ្នកស៊ើបអង្កេត មកចុះផ្សាយក្នុងទំព័ររបស់ខ្លួន នៅថ្ងៃសុក្រទី១៤ ខែមីនានេះ។ ការស៊ើបអង្កេត លើការបាត់ខ្លួននៃយន្ដហោះ ប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ី អ៊ែរឡាញ ដែលតាំងពីជាង១សប្ដាហ៍មកហើយ បានប្ដូរទិសដៅរបស់វា ឆ្ពោះទៅរកការសង្ស័យនៃ«ការចាប់ពង្រត់»​មួយ។


យន្ដហោះអ៊ែរប៊ូស អា៣៨០ ដ៏ធំរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរឡាញ។ (រូបថតឯកសារ)

បាត់យន្ដហោះ - យ៉ាងណាក៏ដោយ ក៏គេនៅតែមិនទាន់ដឹងថាយន្ដហោះប៊ូអ៊ីង ដ៏ធំនេះ ត្រូវបានចាប់ពង្រត់យក​លាក់ទុកនៅទីណានៅឡើយ។

ទិន្នន័យលំអិតពីប្រព័ន្ធផ្កាយរណប ដែលត្រូវបានផ្សាយជាសាធារណៈ រហូតមកដល់ពេលនេះ បានបញ្ជាក់​ពីវត្តមាន​នៃយន្ដហោះមួយ ដែលមិនស្គាល់អត្តសញ្ញាណ ហើយដែលទំនងជាយន្ដហោះ ប៊ូអ៊ីង៧៧៧ នេះ។ មិនត្រឹមតែប៉ុណ្ណឹង​ទេ គេថែមទាំងដឹងទៀតថា យន្ដហោះប៊ូអ៊ីង បានហោះហើរនៅរយៈកំពស់មិនទៀតទាត់ បន្ទាប់ពីបានផ្ដាច់ការ​ទាក់​ទងរបស់ខ្លួនមកផែនដី។ នេះបើតាមការសែតញ៉ូយកថែម (New York Times) ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា​នេះ។

បើតាមទិន្នន័យនៃប្រព័ន្ធចាប់រលកអាកាស ដែលត្រូវបានថតទុកដោយកងទ័ពម៉ាឡេស៊ី បានឲ្យដឹងថា បន្ទាប់ពីបាន​ផ្ដាច់ការទាក់ទងជាមួយផែនដី និងបានបត់ទៅឆ្វេងយ៉ាងគំហុកនោះមក យន្ដហោះទំនងជាបានហោះឡើង ទៅដល់​កំពស់ ១៣ ៧០០ម៉ែត្រ ដែលហួសពីកម្រិតអនុញ្ញាត របស់យន្ដហោះប៊ូអ៊ីញ ប្រភេទ៧៧៧-២០០នេះ។ ប្រទេស​ម៉ាឡេស៊ី មិនបានផ្សាយរឿនេះ ជាសាធារណៈទេ តែបានបញ្ជូនប្រាប់ទៅប្រទេសចិន និងអាមេរិក។

ប្រភពដដែលដែលត្រូវបានសារព័ត៌មានអាមេរិកដកស្រង់សម្ដីនោះ បានអះអាងថា បន្ទាប់ពីហោះឡើង​ខ្ពស់ជាង​១៣គីឡូម៉ែត្រនោះរួច យន្ដហោះបានបន្ទាបខ្លួនមកវិញ នៅពេលដែលហោះមកក្បែរកោះ ប៉េណាង របស់ប្រទេស​ម៉ាឡេស៊ី ដែលសម្បូរមនុស្សរស់នៅ។ ក្រោយមកទៀត យន្ដហោះបានហោះឡើងទៅក្នុងកំពស់ដ៏ខ្ពស់ដដែលវិញ ឆ្ពោះទៅកាន់ទិសពាយ័ព្យជាបន្ត ដែលអាចជាប្រជុំកោះដ៏ស្មុគ្រស្មាញមួយ ឈ្មោះ អាដាម៉ាន នៅកណ្ដាលមហា​សមុទ្រឥណ្ឌា ។

អ្នកទទួលខុសត្រូវជាន់ខ្ពស់ នៃនគរបាលជាតិម៉ាឡេស៊ី បាននិយាយថា «អ្វីដែលយើងអាចនិយាយបាននៅពេលនេះ គឺយើងកំពុងប្រឈមមុខនឹងការសង្ស័យមួយ ដែលមានលក្ខណៈជាការចាប់ពង្រត់»។ ចំណែកឯរដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូនម៉ាឡេស៊ី លោក ហ៊ីសាមូដាំង ហ៊ូសេន (Hishammudin Hussein) បានថ្លែងដែរថា «នៅក្នុងការស៊ើបអង្កេត​ធម្មតា ព័ត៌មានថ្មីៗបានបង្រួញគម្រោងរុករកជាមួយនឹងពេលវេលា តែលើកនេះមិនមែនជាការស៊ើបអង្កេតធម្មតា​នោះទេ»។

ការសង្ស័យដែលនិយាយថា យន្ដហោះត្រូវបានផ្លាស់ប្ដូរទិសដៅរបស់វា ហើយបានហោះឆ្ពោះទៅកាន់ទីប្រជុំកោះ អាដាម៉ាន (Andaman) នោះ នៅមិនទាន់​មានលក្ខណៈពិតប្រាកដនៅឡើយ។ ប្រជុំកោះអាដាម៉ាន ស្ថិតនៅកណ្ដាល​មហាសមុទ្រឥណ្ឌា និងជាបណ្ដុំកោះ​ប្រមាណជាង៥០០កោះ ដែលមិនសូវមានមនុស្សរស់នៅច្រើនទេ។ កងទ័ព​ជើង​ទឹករបស់ឥណ្ឌា បានបញ្ជូនយន្ដហោះ​រុករក​របស់ខ្លួនចំនួន២គ្រឿង ហោះនៅលើតំបន់ប្រជុំកោះនេះ និងតំបន់​ផ្នែក​ខាងកើតនៃមហាសមុទ្រឥណ្ឌា ដើម្បីជួយតាមស្វែង​រកយន្ដហោះដែលបាត់ខ្លួនដ៏អាថ៌កំបាំង តែការរុករកនៅមិន​ទាន់​បង្ហាញពីក្ដីសង្ឃឹមអ្វីនៅឡើយ៕

------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៥ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...