ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី ទិញយន្ដហោះអ៊ែរប៊ូស ២៣៤គ្រឿង
ក្រុមហ៊ុនអាការសចរណ៍ឥណ្ឌូនេស៊ី បម្រើសេវាកម្មថោក ឡាយអន អ៊ែរ (Lion Air) បានបញ្ជាទិញ យន្ដហោះអ៊ែរប៊ូស (Airbus) ក្នុងចំនួនដ៏ច្រើនជាងគេមួយ មិនដែលធ្លាប់មានពីមុនមក។
យន្ដហោះគំរូ អ៊ែរប៊ូស សម្រាប់ក្រុមហ៊ុន ឡាយអន អ៊ែរ។
វិមានប្រធានាធិបតីបារាំង អេលីហ្សេរ និងក្រុមហ៊ុនផលិតយន្ដហោះ របស់អ៊ឺរ៉ុប អ៊ែរប៊ូស បានប្រកាសអោយដឹង នូវការបញ្ជាទិញយន្ដហោះ ចំនួន២៣៤គ្រឿង ប្រភេទ អា៣២០ (Airbus A320 ) របស់ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសឥណ្ឌូនេស៊ី បម្រើសវាកម្មថោកមួយ មានឈ្មោះថា ឡាយអន អ៊ែរ នៅក្នុងទឹកប្រាក់សរុប ចំនួន ១៨,៤ពាន់លានអ៊ឺរ៉ូ ដែលជាតម្លៃនៅក្នុងបញ្ជីលក់ របស់ក្រុមហ៊ុនផលិតយន្ដហោះ។
ឡាយអន អ៊ែរ ធ្លាប់ជាអតិថិជន របស់ក្រុមហ៊ុន ប៊ូអ៊ីញ (Boeing) របស់អាមេរិក គូរប្រជែងធំជាងគេរបស់អ៊ែរប៊ូស។ ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសឥណ្ឌូនេស៊ី មួយនេះ បានបង្ហាញពីកំនើនយ៉ាងខ្ពស់ នៃចំណូលរបស់ខ្លួន ក្នុងរយះពេលចុងក្រោយនេះ។
កិច្ចសន្យាបញ្ជាទិញនេះ ត្រូវបានចុះហត្ថលេខ នៅវិមានប្រធានាធិបតី នៅក្រោមអធិបតីរបស់ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) និងនាយកប្រតិប័ត្តិ ក្រុមហ៊ុន អ៊ែរប៊ូស លោក ហ្វាប្រ៊ីស ប្រ៊េហ្សីយ៉េ (Fabrice Brégier)។ ជាដំណឹងដ៏ល្អសម្រាប់ប្រទេសបារាំង ដែលបើតាមរយះការបញ្ជាទិញនេះ ប្រទេសបារាំងនឹងអាចផ្ដល់ការងារ បាន៥០០០កន្លែងថែមទៀត សម្រាប់រយះពេល១០ឆ្នាំទៅមុខ។
វិមានប្រធានាធិបតីបានធ្វើអត្ថាធិប្បាយថា «ជាកិច្ចសន្យាគំរូមួយ ដែលនិយាយពីភាពជោគជ័យ នៃវិស័យអាកាសយាន្ដ និងជាអ្វីដែលយើងចង់ធ្វើ នៅគ្រប់វិស័យឧស្សាហកម្មផ្សេងទៀតទាំងអស់»។
គួរបញ្ជាក់ថា ការប្រកាសធ្វើកិច្ចសន្យានេះ បានកើតឡើងនៅក្រោយពេល ដែលការស្ទង់មតិ ទៅលើប្រជាប្រិយភាព របស់និតិប្រតិប័ត្តិ បានធ្លាក់ចុះកាន់តែទាបៗ។ អ្វីដែលអាក្រក់សម្រាប់ប្រធានាធិបតី និងរដ្ឋាភិបាលបារាំងនៅពេល ជាបញ្ហាគ្រោះអត់ការងារធ្វើ ដែលពីមួយថ្ងៃទៅមួយថ្ងៃ មានចំនួនចេះតែកើនឡើង មិនឈប់ឈរ៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ