វិភាគ៖ គួរបង្កើតច្បាប់លើកលែងទោស ឬការពារនាយករដ្ឋមន្រ្តី ?

មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានអះអាងប្រាប់កាសែតដឺនេសិន (The Nation) របស់ប្រទេសថៃកាល​ពីថ្ងៃទី ១០ មីនាកន្លងទៅថា ខណៈដែលបក្សទាំងពីរកំពុងចរចាគ្នា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ធ្លាប់ស្នើសុំទៅ​គណបក្សសង្គ្រោះជាតិ ឲ្យរៀបចំបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តី ឬច្បាប់លើកលែងទោសមេដឹកនាំកំពូលៗ។ ការ​ស្នើសុំរបស់លោក ហ៊ុន សែន បែបនេះ ត្រូវគេមើលឃើញថា លោក ហ៊ុន សែន មានបំណងចង់ដោះខ្លួន​មិនទទួល​ខុស​ត្រូវចំពោះទង្វើនាពេលកន្លងមក ដែលបក្សប្រឆាំងចោទថា បានប្រព្រឹត្តបទឧក្រិដ្ឋសម្លាប់ពលរដ្ឋខ្លួនឯង ដែល​ត្រូវប្រឈមមុខ នឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: March 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានអះអាងប្រាប់កាសែតដឺនេសិន (The Nation) របស់ប្រទេសថៃកាល​ពីថ្ងៃទី ១០ មីនាកន្លងទៅថា ខណៈដែលបក្សទាំងពីរកំពុងចរចាគ្នា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ធ្លាប់ស្នើសុំទៅ​គណបក្សសង្គ្រោះជាតិ ឲ្យរៀបចំបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តី ឬច្បាប់លើកលែងទោសមេដឹកនាំកំពូលៗ។ ការ​ស្នើសុំរបស់លោក ហ៊ុន សែន បែបនេះ ត្រូវគេមើលឃើញថា លោក ហ៊ុន សែន មានបំណងចង់ដោះខ្លួន​មិនទទួល​ខុស​ត្រូវចំពោះទង្វើនាពេលកន្លងមក ដែលបក្សប្រឆាំងចោទថា បានប្រព្រឹត្តបទឧក្រិដ្ឋសម្លាប់ពលរដ្ឋខ្លួនឯង ដែល​ត្រូវប្រឈមមុខ នឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ។


ខាងមុខ៖ លោក ហេង សំរិន (ខាងឆ្វេង) និងលោក ហ៊ុន សែន ក្នុងថ្ងៃបើកនិតិកាលទីប្រាំនៃរដ្ឋសភា ថ្ងៃទី២៣​ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

វិភាគ - «មនុស្សដែលប្រព្រឹត្តអំពើអាក្រក់រមែងដេកជាទុក្ខ និងសៅហ្មងក្នុងចិត្តទាំងបច្ចុប្បន្ន និងអនាគត» នេះគឺ​ជា​ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ តាំងពីជាង ២៥០០ ឆ្នាំមុនមកម្លេះ ។ ព្រះពុទ្ធដីការនេះ គឺព្រះអង្គចង់បង្ហាញពី​ហានិភ័យ និងវិប្បដិសារីរបស់ឧក្រិដ្ឋជន ឬជនដែលប្រព្រឹត្តអំពើអាក្រក់ទាំងឡាយ មិនថាប្រជាពលរដ្ឋ ឬអ្នកដឹកនាំ នៅក្នុងលោកនាសម័យកាលរបស់ព្រះអង្គ។

ងាកមកមើលនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នវិញ ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រជាពលរដ្ឋ​អ្នក​គាំទ្រគណបក្សប្រឆាំង បានមើលឃើញថា លោក ហ៊ុន សែន បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មមនុស្សជាតិ រាប់មិនអស់​ចាប់តាំងលោកបានដឹកនាំប្រទេសកម្ពុជា ជាង ៣០ ឆ្នាំមកនេះ។ អំពើធំៗរបស់លោក ហ៊ុន សែន ដែលគេចោទថា បានប្រព្រឹត្តិឧក្រិដ្ឋកម្ម ដែលគួរនាំយកកាត់ទោស នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ មានដូចជា ការកាប់សម្លាប់​ពលរដ្ឋស្លូតត្រង់ដោយមិនរើសមុខនៅឆ្នាំ ១៩៩៧-១៩៩៨ ជាពិសេសព្រឹត្តិការណ៍ថ្មីៗនៅឆ្នាំ ២០១៣ និង ២០១៤ តែម្តង ដែលលោក ហ៊ុន សែន បានប្រើប្រាស់កម្លាំងឲ្យសម្លាប់ប្រជាជនស្លូតត្រង់ នៅក្នុងអំឡុងបាតុកម្មរបស់​គណបក្ស​ប្រឆាំង ព្រមទាំងសម្លាប់កម្មករ-កម្មការិនី ដែលធ្វើកូដកម្មទាមទារតម្លើងប្រាក់ខែ អស់ជាច្រើននាក់ដោយ​មិនរើសមុខ។

សំណុំរឿងទាំងអស់នេះ កាលពីពេលកន្លងទៅ គណបក្សប្រឆាំងបានជួលមេធាវីអន្តរជាតិ ដើម្បីស៊ើបអង្កេតរក​ភស្តុតាង​ឲ្យបានច្រើន ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិអាយស៊ីស៊ី(ICC) ប្រឆាំងនឹង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយចោទពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ក្រៅពីរឿងសម្លាប់​មនុស្ស លោក ហ៊ុន សែន ក៏កំពុងរងការប្តឹងផ្តល់ប្រឆាំងពីសំណាក់យុវជនខ្មែរទៅកាន់តុលាការ ពីបទធ្វើឲ្យបាត់បង់​ទឹកដីទៅលើប្រទេសវៀតណាមផងដែរ។

នៅចំពោះមុខសេនារីយាបែបនេះ ចង់មិនចង់ លោក ហ៊ុន សែន ក៏មានការកោតញញើត ខ្លាចរអាមិនតិចនោះដែរ បើទោះបីជាសំបកខាងក្រៅលោកហាក់មិនភ្ញាក់ផ្អើលក៏ដោយ ។ ពីព្រោះថា តុលាការអន្តរជាតិ មិនមែនដូចតុលាការ​ស្រុកខ្មែរ ដែលលោកអាចបញ្ជាបានតាមចិត្តនោះទេ។ ទើបនៅពេលនេះ ខណៈពេលដែលបក្សទាំងពីរកំពុងចរចាគ្នា លោក ហ៊ុន សែន ឆ្លៀតឱកាសដាក់លក្ខខណ្ឌ និងស្នើឲ្យគណបក្សសង្គ្រោះជាតិ រៀបចំច្បាប់ការពារនាយក​រដ្ឋមន្រ្តី​នេះឡើង។ ដូច្នេះ តើគួរបង្កើតឲ្យមានច្បាប់ការពារនាយករដ្ឋមន្រ្តីដែរឬទេ?

នៅត្រង់ចំណុចនេះ គេពិបាកនឹងឆ្លើយថា គួរបង្កើត ឬមិនគួរបង្កើតណាស់។ តែសាកល្បងមកពិចារណា​ទាំងអស់​គ្នា​ជាមុនសិន។ ប្រសិនបើច្បាប់នេះកើតឡើងមែន វាមានចំណុចវិជ្ជមានផង និងអវិជ្ជមានផង។ អ្នកដែលគិតថា មាន​ផលវិជ្ជមានបានឲ្យហេតុផលថា ច្បាប់នេះ អាចជួយនាយករដ្ឋមន្រ្តី ឲ្យរួចផុតពីទោសទណ្ឌក្នុង​អំឡុងខ្លួនប្រព្រឹត្ត​ខុស​ពេលកាន់អំណាច ព្រោះពេលខ្លះអ្នកដឹកនាំធ្វើដោយចេតនា និងពេលខ្លះធ្វើដោយមិនមានចេតនា ។ ចំណុចវិជ្ជមាន​មួយទៀត ធ្វើឲ្យនាយករដ្ឋមន្រ្តី ហ៊ានចុះចេញពីអំណាចនៅពេលពលរដ្ឋអស់ទំនុកចិត្ត ព្រោះខ្លួនមិនភ័យខ្លាចពេល​អស់អំណាចទៅ ត្រូវគេយកទៅកាន់ទោសនោះទេ។ លើសពីនេះ ធ្វើសង្គមមានការរីកចម្រើន មានប្រជាធិតេយ្យ កាត់បន្ថយអំពើហិង្សាកាប់សម្លាប់ និងកាត់បន្ថយអំពើពុករលួយជាដើម ពីព្រោះ អ្នកដែលដឹកនាំស្រុកទេស​មិនអាច​នៅក្រាញអំណាចយូរ ខ្លាចខ្លួនផុងជ្រុលនឹងឧក្រិដ្ឋកម្មនានា។

ចំណុចអវិជ្ជមាន កាលណាច្បាប់នេះ កើតឡើង នឹងធ្វើឲ្យមេដឹកនាំជិះសេះលែងដៃ ប្រព្រឹត្តឧក្រិដ្ឋកម្មមិនខ្លាចរអា គ្មានលទ្ធិប្រជាធិបតេយ្យ ប្រទេសជាតិធ្លាប់ក្នុងសភាពវឹកវរ ពលរដ្ឋចាំតែស្លាប់ នៅពេលដែលងើបប្រឆាំងនឹង​រដ្ឋាភិបាល អ្នកដឹកនាំក្រាញអំណាច ធ្វើគ្រប់ល្បិចកលទាំងអស់ ឲ្យខ្លួននៅតែរក្សាដំណែងខ្លួន បានរហូតដល់​ខ្លួន​ចាស់ស្លាប់ ឬបន្តអំណាចឲ្យដល់ពូជពង្សវង្សត្រកូលរបស់ខ្លួនទៀត ដើម្បីជៀសវាងទទួលទោសទណ្ឌ ឬកំហុស​ដែលខ្លួនបានធ្វើ។

ជារួមមក ច្បាប់ការពារនាយករដ្ឋមន្រ្តី មានចំណុចអវិជ្ជមានច្រើនជាងចំណុចវិជ្ជមាន។ ម្លោះហើយ មិនគួរនឹងបង្កើត​ច្បាប់​ការពារនាយករដ្ឋមន្រ្តីនោះឡើយ។ ក៏ប៉ុន្តែដើម្បីការពារ ជៀសវៀងកុំឲ្យនាយករដ្ឋមន្រ្តីក្រាញអំណាច និងកាប់​សម្លាប់ប្រជាពលរដ្ឋខ្លួនឯង ជាដំណោះស្រាយគេអាចប្រើយន្តការ ដើម្បីដោះស្រាយបញ្ហាចំនួន ២ ចំណុចសំខាន់ៗ៖

ចំណុចទី១ ត្រូវកែទម្រង់នៃប្រព័ន្ធដឹកនាំរដ្ឋ តាមរយៈការកាត់បន្ថយអំណាចមេដឹកនាំ ពោលគឺមិនឲ្យនាយករដ្ឋ​មន្រ្តី​កាន់ទ័ព និងបង្កើតអង្គរក្សរាប់ពាន់ រាប់ម៉ឺននាក់ដោយខ្លួនឯងដូចបច្ចុប្បន្ន។ ចំណុចទី២ ត្រូវកំណត់នៅក្នុងច្បាប់​កំពូល​​ គឺ​ច្បាប់​រដ្ឋធម្មនុញ្ញឲ្យច្បាស់ថា លទ្ធភាពនាយករដ្ឋមន្រ្តី ត្រូវធ្វើបានតែពីរអាណត្តិតែប៉ុណ្ណោះ សម្រាប់ពលរដ្ឋ​ម្នាក់ៗ។ យន្តការទាំងពីរចំណុចនេះ ជាយន្តការដ៏មានសារៈសំខាន់ ដោយមិនចាំបាច់ធ្វើច្បាប់ការពារនាយករដ្ឋមន្រ្តី ឬលើកលែងទោសអ្នកនយោបាយឡើយ៕

------------------------------
ដោយ វិធូ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១៤ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...