រឿង​អាស្រូវ​សហជីព ស៊ីខាវដូ ឈាន​ដល់​ប្ដឹង អាត់ ធន់ ទៅ​តុលាការ

កម្មកររោងចក្រអ៊ីហ្គាមេនចំនួន ២៩នាក់ បានប្តឹងថ្នាក់ដឹកនាំ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅ​កាត់ថា ស៊ីខាវឌូ (C.Cawdu) ដែលរួមមានលោកអាត់ ធន់ លោក គង់អាទិត្យ និងលោក ឯក សុភក្តី ទៅសាលា​ដំបូងរាជធានីភ្នំពេញ ពីបទ​កេង​បំបាត់ប្រាក់រំលឹករបស់កម្មករចំនួន ៩២៩២៩ដុល្លា។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៥ មិនា ២០១៤
  • កែប្រែចុងក្រោយ: March 16, 2014
  • ប្រធានបទ: ប្រព័ន្ធតុលាការ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងពាក្យបណ្តឹង ចុះកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ បានបញ្ជាក់ថា ថ្នាក់ដឹកនាំសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានកិបកេងប្រាក់រំលឹករបស់កម្មករ បន្ទាប់ពីមានការចរចារវាង​សហជីពនិង​និយោជក ក្រុមហ៊ុនបានយល់ព្រមទទួលកម្មករ៦១នាក់អោយចូលធ្វើការវិញ និងបើកប្រាក់រំលឹកពីថ្ងៃបញ្ឈប់រហូត​ដល់ថ្ងៃចូលធ្វើការវិញ។ ពាក្យបណ្ដឹងដែលបានដាក់ជូន​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៤ តែទើបតែធ្លាយមកដល់ដៃអ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមីនានេះ បាន​សរសេរទៀតថា បន្ទាប់ពីទូទាត់លើប្រាក់ខែ ដែលទទួលបានពីថ្នាក់ដឹកនាំ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ​កាត់ដេរកម្ពុជា បានប្រគល់ជាក់ស្តែង គឺមានចំនួនតិចជាងបើធៀបទៅនឹងនឹងប្រាក់ ដែលក្រុមហ៊ុនបានប្រគល់ឲ្យ​សហជីព។

នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៤នេះ លោក អាត់ ធន់ និងអ្នករងបណ្តឹងពីរនាក់ទៀត មិនអាចទាក់ទងធ្វើ​អត្ថាធិប្បាយ​លើបញ្ហានេះបានទេ។ ប៉ុន្តែក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ​កន្លងទៅ លោកអាត់ ធន់ បានថ្លែងបដិសេធចំពោះរឿងនេះថា មិនបានប្រព្រឹត្តិដូចការចោទប្រកាន់នេះទេ។ លោក​បានថ្លែងថា «ពួកយើងស្អាតស្អំណាស់ ពួកយើងដាច់ខាតហើយ មិនប្រព្រឹត្តិអំពើពុករលួយនោះទេ»។

បណ្ដឹងប្ដឹងផ្ដល់នេះ បានកើតឡើងស្របនឹងជម្លោះផ្ទៃក្នុង របស់សហជីពស៊ីខាវឌូ បន្ទាប់ពី លោក អាត់ ធន់ បាន​ចេញ​លិខិតបញ្ឈប់​អតីតសមាជិកស្ថាបនិកនៃសហជីពនេះពីររូប គឺលោក អ៊ុំ វិសាល និងអ្នកស្រីរឿន ចាន់ថន កាលពីថ្ងៃ​ទី​១៩ ខែកុម្ភៈកន្លងទៅ ដោយមូលហេតុ «មិនចុះកិច្ចសន្យាការងារ»។ បន្ទាប់មក រឿងកឹបកេងប្រាក់កម្មករនេះ ត្រូវបាន​ទម្លាយចេញជាសាធារណៈ និងបានដាក់ការចោទប្រកាន់ទៅលើថ្នាក់ដឹកនាំសហជីព ជាពិសេសពីសំណាក់អតីត​សមាជិកស្ថាបនិកដែលត្រូវបានបញ្ឈប់ពីសហជីព។ លោក អាត់ ធន់ បានចាត់ទុកការបែកធ្លាយនេះ ជាសកម្មភាព​បរិហាកេរ្ត៍។ លោក បានថ្លែងចោទប្រកាន់វិញថា «គាត់ខ្លួនឯង ដល់ពេលគេបញ្ឈប់គាត់ គាត់អត់មានការងារ​អីធ្វើ គាត់​ក៏ដើរបង្ខូចកេរ្ត៍ឈ្មោះទៅ។ ហេតុអីយូហើយគាត់មិនឡូឡា ទាល់តែគេបញ្ឍប់គាត់ទើបគាត់និយាយ។»

សម្រាប់លោក អ៊ុំ វិសាល ដែលត្រូវបានគេបញ្ឈប់វិញ បានថ្លែងផ្ទុយពីលោក អាត់ ធន់ ថា មូលហេតុចំបងដែលឈាន​ទៅដល់ការបណ្ដេញរូបលោកចេញពីសហជីពនោះ សារតែលោកបានជីកកកាយ ករណីប្រាក់រំលឹករបស់​កម្មករ​រោងចក្រ​អ៊ីហ្គាមិននេះឯង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...