សហជីពនឹងបន្តធ្វើកូដកម្ម បើទោះតុលាការដោះលែងជនទាំង២៣
លោក រ៉ុង ឈុន (ខាងស្ដាំ) ឡើងលើដំបូលរថយន្ដ ថ្លែងទៅកាន់ក្រុមកម្មករ នៅមុខក្រសួងការងារ។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិការងារ - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៦ ខែកុម្ភៈ នេះថា ក្រុមសហជីពទាំង៩ កំពុងរង់ចាំមើលការជំនុំជម្រះ លើជនទាំង២៣នាក់ ដោយសាលាតំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ។ ហើយប្រសិនបើតុលាការ សម្រេចដោះលែងជនទាំង២៣នាក់នោះឲ្យមានសេរីភាព វាគឺជារឿងត្រឹមត្រូវមួយ និងគួរតែអបអរសាទរ។
ប្រធានសហភាពសហជីពកម្ពុជាដដែលនេះបន្តថា ចំពោះការទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារដល់កម្មករ មិនមានពាក់ព័ន្ធនឹងជនទាំង២៣នាក់នោះទេ។ មានន័យថា ខាងសហជីពមិនបោះបង់ការទាមទារនោះទេ បើទោះជាតុលាការសម្រេចចំពោះជនទាំង២៣នាក់នោះយ៉ាងម៉េចក៏ដោយ ហើយចរន្តទាមទារប្រាក់ឈ្នួលជាថ្មីនេះ នឹងនៅតែបន្តជាមួយនឹងទ្រង់ទ្រាយធំជាងមុនទៅទៀត។
ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពកម្មករ ដែលជាសហជីពមួយក្នុងចំណោមសហជីពទាំង៩ ក្នុងកិច្ចប្រជុំ នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ នៅថ្ងៃនេះ បានបញ្ជាក់ថា៖ «យើងមិនដែលបោះបង់ការបេ្តជ្ញារបស់យើងទេ។ រហូតមកដល់ថ្ងៃនេះ ពុំទាន់មានសញ្ញាវិជ្ជមានណាមួយពីរដ្ឋាភិបាល ក៏ដូចជាអ្នកបញ្ជាទិញនោះទេ ជុំវិញការរកដំណោះស្រាយរឿងប្រាក់ខែ។ ដូច្នេះយើងជំរុញ ឲ្យមានការជជែកគ្នាជាថ្មី។»
គួររំលឹកដែរថា កាលពីដើមខែមករា ឆ្នាំ២០១៤ នៅរោងចក្រយ៉ាកជីង និងចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង លើទឹកដីរាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានធ្វើការបង្រ្កាបយ៉ាងចាស់ដៃលើកម្មករដែលធ្វើកូដកម្ម និងបដិសធប្រាក់ឈ្នួលគោល១០០ដុល្លារ ដែលសម្រេចដោយភាគីរដ្ឋាភិបាល និងភាគីនិយោជក ខណៈបាតុករចង់បានប្រាក់ឈ្នួលគោល១៦០ដុល្លារ។ ក្រោយការបង្រ្កាបយ៉ាងហិង្សានោះ ក្រសួងមហាផ្ទៃ និងសាលារាធានីភ្នំពេញ បានដាក់កំហិត មិនអនុញ្ញាតឲ្យមានការជួបជុំ ឬធ្វើកូដកម្ម ទាមទារប្រាក់ឈ្នួល បន្តទៀតទេ រហូតដល់ស្ថានការណ៍មានភាពល្អប្រសើរឡើងវិញ៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤