ពលរដ្ឋ​រង​គ្រោះ​ប្រតិកម្ម​នឹង​ការ​តម្លើង​«សក្តិ» ​និង​ផ្កាយ​ឲ្យ​មន្រ្តី​ប្រើ​ហិង្សា

មជ្ឈដ្ឋានមួយចំនួន ជាពិសេសពលរដ្ឋរងគ្រោះ បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ចំពោះការតំឡើងឋានន្តរសក្តិ ឲ្យទៅ​នាយទាហានជាន់ខ្ពស់មួយចំនួន ស្រប ឬតំណាលពេលនៃការបង្ក្រាប លើការតវ៉ាតំឡើង«ប្រាក់ខែ» របស់កម្មករ រហូតមានមនុស្សស្លាប់ របួស និងបាត់ខ្លួនជាច្រើននោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មជ្ឈដ្ឋានមួយចំនួន ជាពិសេសពលរដ្ឋរងគ្រោះ បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ចំពោះការតំឡើងឋានន្តរសក្តិ ឲ្យទៅ​នាយទាហានជាន់ខ្ពស់មួយចំនួន ស្រប ឬតំណាលពេលនៃការបង្ក្រាប លើការតវ៉ាតំឡើង«ប្រាក់ខែ» របស់កម្មករ រហូតមានមនុស្សស្លាប់ របួស និងបាត់ខ្លួនជាច្រើននោះ។


កងទាហ៊ានដែលមកពីកង​ឆ័ត្រ​យោង៩១១ ត្រូវបានបញ្ជូនមកធ្វើការបង្ក្រាបបាតុករស៊ីវិល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣នេះ។ (រូបថត REUTERS/​Samrang Pring)

ច្បាប់ និងនីទណ្ឌភាពនៅកម្ពុជា - សាធារណៈមតិ ពិសេសជនកំពុងរងគ្រោះ និងនៅតែបន្តរងគ្រោះដោយ​ការ​រំលោភសិទ្ធិដីធ្លី ដែលគ្មានដំណោះស្រាយ បានចេញមុខធ្វើការរិះគន់ទៅលើរដ្ឋាភិបាលថា កំពុងតែលើកទឹកចិត្ត​ចំពោះ​អ្នកប្រើប្រាស់នូវអំពើ«ហិង្សា» ដោយទម្លាក់ការអនុវត្តច្បាប់ចោលតាម​រយៈការ«ពង្រឹង»នីទណ្ឌភាព​នៃក្រុម​មន្រ្តី និងបក្សពួកនិយមទាំងនោះនៅកម្ពុជា។ នេះបើយោងតាមការយល់ឃើញ របស់ប្រជាពលរដ្ឋដែលបានរងគ្រោះ​ដោយការរំលោភសិទ្ធិ និងដីធ្លី ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី០៦ ខែកុម្ភះនេះ។

«នេះជាការជំរុញឲ្យពួកគាត់ប្រព្រឹត្តនូវ​ហិង្សា​កាន់តែខ្លាំង»

អ្នកស្រី ទេព វន្នី តំណាងប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ បានសម្តែងនូវការហួសចិត្ត និងនឹកស្មានមិនដល់​នៃ​របៀប ការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ អ្នកស្រីបន្តថា បញ្ហាដីធ្លីពលរដ្ឋមិនទាន់បានដោះស្រាយ ហើយពលរដ្ឋគ្រាន់តែធ្វើបាតុកម្ម ដើម្បីទាមទារនូវសិទ្ធិសេរីភាពទាំងនោះដោយអហិង្សា តែបែរជាអាជ្ញាធរ​រដ្ឋាភិបាល​ប្រើប្រាស់នូវកម្លាំង បង្ក្រាបយ៉ាងឃោឃៅទៅវិញ។ ហើយក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលគួរយកចិត្តទុកដាក់​ទៅ​លើ«សុខទុក្ខ»ប្រជារាស្រ្តឲ្យបានច្រើន ពិសេសដោះស្រាយនូវរាល់បញ្ហានៃអ្នកស្រេក«ឃ្លាន» ទាំងសិទ្ធិរស់នៅ និង​ហូបចុក ជាច្រើនឆ្នាំមកហើយនោះ បែរជារដ្ឋាភិបាលនេះផ្តល់នូវការលើកទឹកចិត្ត ចំពោះក្រុមមន្រ្តីដែលប្រើប្រាស់ នូវ​ហិង្សាផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញទៅវិញ។

អ្នកស្រីបានសម្តែងនូវការមិនសម្បាយចិត្តថា «ពលរដ្ឋនឹងមិនសប្បាយចិត្ត ក្នុងនាមជាអ្នកដឹកនាំ ត្រូវទទួលខុសត្រូវ​ទាំងស្រុងចំពោះការប្រើប្រាស់នូវហិង្សា ការរំលោភសិទ្ធិប្រជាពលរដ្ឋ។ ត្រូវចាត់ការទៅលើមន្រ្តីទាំងនោះ មិនមែនទៅ​គាំទ្រ និងលើកទឹកចិត្តពួកគាត់តាមរយៈការតម្លើងឋានៈនោះទេ។ (…) នេះជាការជំរុញឲ្យពួកគាត់ប្រព្រឹត្តនូវ​ហិង្សា​កាន់តែខ្លាំង និងរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋកាន់តែធ្ងន់។ (…) យើងមិនគាំទ្រ មិនពេញចិត្តទាល់តែសោះ។ យើង​ត្រូវការឲ្យរដ្ឋាភិបាល រកយុត្តិធម៌ជូនពលរដ្ឋ ដាក់ទោសទៅលើមន្រ្តីដែលល្មើសច្បាប់ ទើបជាអ្នកដឹកនាំ​ដែលល្អ​សម្រាប់​ប្រជាពលរដ្ឋគោរព។»

«ធាតុពិតចង់ក្រាញអំណាច និងអូសទាញអ្នកដែលនែបនិត្យខ្លួន»

ទាក់ទិនទៅនឹងការចេញអនុក្រិត្យ ឬព្រះរាជក្រិត្យនៃការតម្លើងឋានន្តរសក្តិ នៃនាយទាហានជាន់ខ្ពស់នេះ សម្រាប់​លោក ពៅ បញ្ញា តំណាងសហគមន៍៣៤៧ បានផ្តល់ជាចំណាប់អារម្មណ៍ថា ការការខកចិត្តរបស់ប្រជាពលរដ្ឋ​ចំពោះ​រដ្ឋាភិបាល។ លោកបានពន្យល់ថា ជាក់ស្តែងបញ្ហានៃការប្រើប្រាស់នូវហិង្សា របស់រដ្ឋាភិបាលមកលើប្រជាពលរដ្ឋ មិនមែនតែពលរដ្ឋក្នុងស្រុកបានដឹងទេ តែ(វា)ជាព័ត៌មានមួយ ដែលបានលឺទូទាំងពិភពលោក ហើយក៏កំពុងតែធ្វើការ​សង្កេតដោយអង្គការអន្តរជាតិផងដែរ ដែលហិង្សានោះ បានបណ្តាលឲ្យមានពលរដ្ឋស្លូតត្រង់ បានស្លាប់ជាច្រើន​នាក់។ លោកបានបញ្ជាក់ចំពោះកាតព្វកិច្ចរបស់រដ្ឋាភិបាលយ៉ាងដូច្នេះថា «មិនបានដោះស្រាយពីទុក្ខកង្វល់ អ្វីដែល​ជាបញ្ហាប្រឈម អ្វីដែលជាតម្រូវការ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជំនួសដោយការប្រើកម្លាំងប្រដាក់អាវុធ ក្រុម​ស៊ីវិលនៃក្រុមប្រដាប់អាវុធ មកធ្វើការបង្ក្រាបដោយហិង្សាលើក្រុមបាតុករ និងសកម្មជនសិទ្ធិដីធ្លី ដែលជាម្ចាស់ឆ្នោត។ (…) យើងមានការសោកស្តាយមែនទែន ដែលមានថ្នាក់ដឹកនាំបែបនេះ។»

លោកបានបញ្ជាក់ទៅលើការតម្លើងឋានៈនេះថា «ជាការលាបពណ៌ឲ្យឃើញថា យកចិត្តទុកដាក់លើមន្រ្តីរាជការ។ ធាតុពិតចង់ក្រាញអំណាច និងអូសទាញអ្នកដែលនែបនិត្យខ្លួន ក្នុងការបន្តអំណាចរបស់ខ្លូន​សម្រាប់ពង្រឹង​អំណាច​ផ្តាច់ការ ធ្វើការគាបសង្កត់ទៅលើអ្នកតស៊ូមតិ សកម្មជនសិទ្ធិមនុស្ស ក៏ដូចជាជនរងគ្រោះនៅទូទាំងប្រទេស។»

លើកឡើងប្រហែលគ្នានេះដែរ លោក គង់ ផល្លា តំណាងឲ្យសហកមន៍ថ្មគោល ដែលកំពង់រងគ្រោះដោយការ​បណ្តេញចេញដោយបង្ខំ នឹងមិនទាន់មានដំណោះស្រាយនៅឡើយ ពីរដ្ឋាភិបាលបច្ចុប្បន្ននោះ បានបង្ហាញនូវ​ទស្សនៈនៃការតម្លើងឋានៈនេះថា ជាការរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស រំលោភលើលិទ្ធិប្រជាធិបតេយ្យ ព្រោះតែ​បានធ្វើបាបប្រជាពលរដ្ឋដែលសុំតែសិទ្ធិរស់នៅសមរម្យ ដោយអំពើហិង្សាពីកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល រហូត​បណ្តាលឲ្យបាតុកររបួស និងស្លាប់។ លោកនិយាយថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាង​ណាកុំឲ្យពួកគាត់ទឹកផ្នែក ព្រោះតែការអភិវឌ្ឍន៍ តាមរយៈការបណ្តេញចេញដោយបង្ខំ និងគ្មានដំណោះស្រាយ​សមរម្យ និងគ្មានតុល្យភាព។ តែផ្ទុយទៅវិញ អ្នកតវ៉ា អ្នករងគ្រោះកាន់តែរងគ្រោះ ដោយបាត់បង់ដីធ្លី ផ្ទះសម្បែង​និង​ត្រូវបានចាប់ដាក់ពន្ធនាគារ ដោយរដ្ឋាភិបាលថែមទៀត។

លោកបានសង្កត់ធ្ងន់ថា អ្នកដែលសម្លាប់មនុស្ស ដូចក្រុមកម្លាំងដែលដឹកនាំនេះ បែរជាមានការលើកតំកើង​ដោយ​តម្លើងឋានៈ អ្នកបាញ់មនុស្សឲ្យរបួសដូចលោក ឈូក បណ្ឌិត បែរជារស់នៅយ៉ាងរំភើយ ហាក់ដូចជាប្រទេស​គ្មាន​ច្បាប់ ប្រកបដោយបក្សពួកនិយម និងពង្រីកនូវបញ្ហា«នីទណ្ឌភាព»កាន់តែធំនៅកម្ពុជា។

ផ្កាយថ្មីរីកព្រោងព្រាត បន្ទាប់ពីមានផ្កាយចាស់មួយចំនួនអស់ពន្លឺ ...

សូមរម្លឹកថា ដោយយោងតាមការតាំងចិត្តរបស់ក្រសួងការពារជាតិ កាលពីថ្ងៃទី៣ មករា បានចេញសេចក្តីប្រកាស​ព័ត៌មានមួយធ្វើការការ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារ រដ្ឋធម្មនុញ្ញយ៉ាងដាច់ខាត ជាមួយនឹងការ​គាំទ្រលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃអាណត្តិទីប្រាំនេះ។

តាមការគិតទុកជាមុនខាងលើ បានធ្វើឲ្យកម្លាំងទាំងនោះវាយបង្ក្រាបទៅលើបាតុករអហិង្សា បានជោគជ័យក្នុងថ្ងៃទី២ និងទី៣ មករា លើបាតុកម្មតវ៉ានៃកម្មកររោងចក្រនៅផ្លូវជាតិលេខ៤ ផ្លូវវ៉េងស្រេង ផ្លូវមុន្នីវង្សមុខក្រសូងព័ត៌មាន ធ្វើ​ឲ្យ​មានមនុស្សស្លាប់ប្រាំនាក់នាក់ ត្រូវចាប់ខ្លួន២៣នាក់ និងរបួសជិត៤០នាក់។

ជាស្នាដៃកម្រមាននេះទើបនៅនៅថ្ងៃទី៣០ មករា ២០១៤ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើសុំ​អនុញ្ញាតតំឡើងឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចំនួន​២៩រូបទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ព្រមដំឡើង​ឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ទាំងនោះ ឲ្យមានឋានៈជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ អគ្គមេបញ្ជាការ​រង  មេបញ្ជាការកងទ័ពជើងទឹក មេបញ្ជាការកងទ័ពជើងអាកាស អគ្គលេខាធិការ អគ្គនាយក និង​អគ្គនាយករងនៃកងយោធពលខេមរភូមិន្ទ យ៉ាងព្រោងព្រាត៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...