កម្ពុជាបន្តបញ្ជូនកងទ័ពពាក់មួក អ.ស.ប. ទៅប្រទេសម៉ាលី
យោងលើមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ស្ថិតក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ប្រទេសកម្ពុជាបានសម្រេចថា នឹងបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនចំនួនជិត ៣០០នាក់បន្ថែមទៀត ទៅកាន់ប្រទេសម៉ាលី។ កងនាំមុខចំនួន៣០នាក់ នឹងចេញដំណើរនៅចុងសប្តាហ៍នេះ មុននឹងកងទ័ពផ្សេងទៀត នឹងចេញដំណើរនៅចុងខែកុម្ភះខាងមុខ។
កងមួកខៀវកម្ពុជាដែលត្រូវបញ្ជូនទៅបំពេញបេសកកម្ម ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ (រូបថត សុវណ្ណរា)
កងមួកខៀវកម្ពុជា - លោក ប្រាក់ សុខុន ជាប្រធានអាជ្ញាធរបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់កម្ពុជា បានថ្លែងនៅវិមានសន្តិភាព នៅថ្ងៃទី៦ ខែកុម្ភៈ នេះថា ការសម្រេចបញ្ជូនកម្លាំងបន្ថែមទៅបរទេសនៅពេលនេះ គឺជាជំហានថ្មីមួយទៀត ដែលបានបង្ហាញពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលកម្ពុជា និងពលរដ្ឋកម្ពុជា ក្នុងការរួមចំណែកកាន់តែធំ និងកាន់តែសកម្ម ថែមទៀតដល់ បុព្វហេតុ រក្សាសន្តិភាព និងមនុស្សធម៌ នៅលើពិភពលោក។
ថ្លែងនៅវិមានសន្តិភាព នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ទៅកាន់កងរក្សាសន្តិភាពដែលគ្រោងនឹងបញ្ជូនទៅកាន់ប្រទេសម៉ាលីនៅថ្ងៃអាទិត្យខាងមុខនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ថា៖ «ការងារស្នូលរបស់កងរក្សាសន្តិភាព គឺចូលរួមចំណែករក្សាសន្តិភាព និងរួមចែករំលែកការងារនៅក្នុងក្រុមរបស់ខ្លួន និងក្រុមរបស់ប្រទេសផ្សេងៗទៀត»។
កងកម្លាំងនាំមុខចំនួន៣០នាក់ នឹងចេញដំណើរទៅកាននប្រទេសអាហ្វ្រិកកណ្ដាលមួយនេះ ដើម្បីរៀបចំការងារ និងស្ថានការណ៍ជាមុនសិន មុននឹងកងកម្លាំងសរុបទាំងអស់ចំនួន២៩៨នាក់ នឹងត្រូវបញ្ជូនទៅដល់ប្រទេសដដែលនេះនៅចុងខែកុម្ភះនេះ។ នេះបើតាមលោកឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ហៅកាត់តាមភាសាអង់គ្លេសថា NPMEC។
គួររម្លឹកថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា បានបញ្ជូនកម្លាំងរក្សាសន្តិភាព ច្រើនរយនាក់ ជាបន្តបន្ទាប់ ដើម្បីចូលរួម បេសកម្មរបស់ អង្គការសហប្រជាជាតិ នៅក្នុងប្រទេស ដែលទើបងើបពីសង្គ្រាម ដូចជាប្រទេសស៊ូដង់ ប្រទេសឆាត អាហ្វិកកណ្តាល ប្រទេសលីបង់ និងប្រទេសម៉ាលីជាដើម។ កម្លាំងដែលភាគីកម្ពុជា បញ្ជូនទៅនោះរួមមានផ្នែកវិស្វកម្ម បោសសំអាតមីន និងសុខាភិបាលផងដែរ តែមិនមានបញ្ជូនកម្លាំងប្រយុទ្ធនោះទេ។
គួរកត់សម្គាល់ថា ការបញ្ជូនកងទ័ពកម្ពុជា ទៅចូលរួមវិភាគទានជាមួយអង្គការសហប្រជាជាតិ ក្នុងការស្តា និងអភិវឌ្ឍន៍ បណ្តាប្រទេសដែលទើបងើបពីសង្រ្គាម ជាបន្តបន្ទាប់នោះ បានបង្ហាញឲ្យឃើញពីមោទកភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ក្នុងវិស័យមនុស្សធម៌។ ហើយក៏បានបង្ហាញពីគុណធម៌ របស់ពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូលផងដែរ ព្រោះកម្ពុជានៅអំឡុងឆ្នាំ១៩៩៣ ក៏ធ្លាប់ទទួលកងទ័ពមួកខៀវ ក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ មកជួយរៀបចំការបោះឆ្នោតរបស់ខ្លួនលើកដំបូង ក្រោយពីបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃជាង២ទសវត្សរ៍នោះមក៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤