អ្នក​រាយការណ៍ អ.ស.ប ថា CNRP ត្រូវ​បន្ត​វត្តមាន ដើម្បី​ពលរដ្ឋ​មាន​ជម្រើស

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានចេញសេចក្ដីថ្លែងការណ៍ ពីទីក្រុង ហ្សឺណែវ ប្រទេសស្វីស សម្ដែងក្ដីបារម្ភកាន់តែខ្លាំងឡើង នៅចំពោះការវិវត្តន៍ចុងក្រោយ នៃនយោបាយនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅចំពោះការបោះឆ្នោតជាតិ ដែលនឹងខិតមកដល់ ក្នុងប៉ុន្មានខែខាងមុខ។
អ្នក​រាយការណ៍ អ.ស.ប ថា CNRP ត្រូវ​បន្ត​វត្តមាន ដើម្បី​ពលរដ្ឋ​មាន​ជម្រើស
អ្នកស្រី រ៉ូណា ស្មីត (ខាងឆ្វេង) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 12, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សិទ្ធិស៊ីវិល និងនយោបាយ នៅក្នុងប្រទេសកម្ពុជា កំពុងធ្លាក់ចុះដុនដាប យ៉ាងឆាប់រហ័ស បណ្ដាលឲ្យ​មានការព្រួយបារម្ភ​យ៉ាងខ្លាំង នៅចំពោះការបោះ​ឆ្នោត​ជាតិ នាពេលខាងមុខ ក៏ដូចជាចំពោះអនាគត នៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដែលចេញផ្សាយ ក្នុងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ ពីទីក្រុង ហ្សឺណែវ ប្រទេសស្វីស។

សេចក្ដីថ្លែងការណ៍​របស់អ្នករាយការណ៍ពិសេស ដែលមានលក្ខណៈម៉ឺងម៉ាត់ ជាងពេលណាទាំងអស់ បានធ្វើឡើង​នៅក្រោយ​ការដាក់បណ្ដឹង ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅកាន់តុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ និងការធ្វើវិសោធនកម្មច្បាប់ជាច្រើន យ៉ាងតក់ក្រហល់ ពីសំណាក់រដ្ឋសភាគណបក្សប្រជាជនកម្ពុជា (គណបក្សកាន់អំណាច) ដើម្បី​បែង​ចែក​អាសនៈ​សភា របស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សផ្សេងទៀត ដែលទទួលបានការគាំទ្រតិចតួច ពីពលរដ្ឋម្ចាស់ឆ្នោត។

អ្នកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត បានលើកឡើងថា៖ «ដើម្បីឲ្យពលរដ្ឋកម្ពុជា អាចធ្វើការជជែកពិភាក្សា ផ្នែកនយោបាយមួយ ដែលមានលក្ខណៈបើកទូលាយ និងដោយ​ហ្មត់ចត់នោះ គណបក្សប្រឆាំងត្រូវបន្តវត្តមាន និងអាចដំណើរការទៅមុខ ដោយគ្មានការភ័យខ្លាច និងការបំភិតបំភ័យ»។

អ្នកស្រីបានថ្លែងបន្តថា៖ «ការរំលាយគណបក្សសង្គ្រោះជាតិ នឹងបង្កការប៉ះពាល់ ទៅដល់សម្លេងរបស់ពលរដ្ឋកម្ពុជា និងជម្រើសគ្រប់ជាន់ថ្នាក់ របស់រដ្ឋអំណាច ហើយនឹងបង្ក ឲ្យមានការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅ ដល់​ភាពជាតំណាង​របស់រដ្ឋអំណាច ចំពោះពលរដ្ឋកម្ពុជា។ ខ្ញុំសូមរំលឹកឡើងវិញ ពីសេចក្ដីអំពាវនាវ កាលពីខែមុន ដែលធ្វើឡើង ដោយ[ព្រះអង្គម្ចាស់]ស្នងការជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងដែលបានទទូច ឲ្យរដ្ឋាភិបាលគោរព នូវសិទ្ធិស៊ីវិល និងនយោបាយ ព្រមទាំងសេរីភាព ជាមូលដ្ឋាន។»។

អ្នកជំនាញរូបនេះ បានបន្តថា៖ «ខ្ញុំក៏ខ្វាយខ្វល់ណាស់ដែរ ដែលរដ្ឋាភិបាលកម្ពុជា ថាបានធ្វើរឿងទាំងនេះឡើង ដោយប្រើមូលហេតុថា ដើម្បីអនុវត្តនីតិរដ្ឋ»។

ជំហានឈានទៅរំលាយគណបក្សប្រឆាំង ត្រូវបានរដ្ឋាភិបាលយកច្បាប់ ស្ដីពីគណបក្សនយោបាយ មកអនុវត្តន៍ បន្ទាប់ពីច្បាប់នេះ បានរងការធ្វើវិសោធនកម្មម្ដងជាពីរដង នៅដើមឆ្នាំ២០១៧កន្លងទៅនេះ ដោយរដ្ឋសភា​មួយ ដែលមានការចូលរួមប្រជុំ តែសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា។ ក្នុងថ្ងៃនេះ រដ្ឋសភាដដែល បានប្រជុំពិភាក្សា ដើម្បីឈានទៅសម្រេច ការធ្វើវិសោធនកម្មច្បាប់ ជាច្រើនទៀត ដែលតម្រូវឲ្យធ្វើ«ជាបន្ទាន់ និងជាការប្រញាប់» នឹងអាលបែងចែកអាសនៈ របស់គណបក្សសង្គ្រោះជាតិ ឲ្យគណបក្សដទៃ ទាំងគ្មានការគាំទ្រ (ឬមានការ​គាំទ្រ​តិចតួច) ពីសំណាក់ពលរដ្ឋម្ចាស់ឆ្នោត។

«ជារដ្ឋដែលប្រើអំណាច និងមិនមែនជានីតិរដ្ឋនោះឡើយ» 

អ្នកស្រី រ៉ូណា ស្មីត បានពន្យល់ថា បើការធ្វើវិសោធនកម្មនេះ ត្រូវបានអនុម័តមែននោះ ភាពជាតំណាងផ្នែកនយោបាយ ឲ្យពលរដ្ឋកម្ពុជា ពីសំណាក់គណបក្សនយោបាយ ដែលពលរដ្ឋស្រឡាញ់ និងគាំទ្រ នឹងបង្កឲ្យមានចំណោទឡើង ខណៈភាពស្របច្បាប់ នៃភាពជាតំណាងជាថ្មីទាំងនោះ អាចនឹងត្រូវពិនិត្យឡើងវិញ បើយោងតាមគោលការណ៍នៃច្បាប់ ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

អ្នករាយការណ៍ពិសេស បានបញ្ជាក់ថា៖ «នីតិរដ្ឋ មិនគ្រាន់តែ ជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ។ គ្រប់ច្បាប់ទាំងអស់ ដែលបង្កើតឡើង ត្រូវគោរពតាមបទដ្ឋាន ស្ដីពីសិទ្ធិមនុស្ស ហើយត្រូវឆ្លុះបញ្ចាំង ពីសមភាពជាមូលដ្ឋានគ្រឹះ ពីយុត្តិធម៌ និងពីការចូលរួម របស់សាធារណជន។ បើមិនដូច្នោះទេ វានឹងក្លាយជារដ្ឋ​ដែលប្រើអំណាច និងមិនមែន ជានីតិរដ្ឋនោះឡើយ។»។

អ្នកស្រី បានបញ្ចប់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​នោះថា៖ «កម្ពុជាក្នុងសម័យទំនើបនេះ ត្រូវបានបង្កើតឡើង តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានការគោរព និងគាំពារ នូវសិទិ្ធមនុស្ស ដូចដែលរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ បានកំណត់ឲ្យទប់ស្កាត់ ការវិលត្រឡប់ទៅរករដ្ឋ ដែលមាន​តែឯកបក្ស​ឡើងវិញ។ អ្នកដែល​សរសេររដ្ឋធម្មនុញ្ញ សុទ្ធតែយល់ដឹងជាមុន ពីផលវិបាកយ៉ាងធ្ងន់ធ្ងរ នៃការគ្រប់គ្រង តាមបែបឯកបក្ស។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...