អតីតឧត្ដមសេនីយ៍ម្នាក់ ប្រកាសឲ្យ«ងើបឡើងតស៊ូ»ដើម្បីមាតុភូមិកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ តុលា ២០១៧
- កែប្រែចុងក្រោយ: October 12, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោះជាអតីតចលនាតស៊ូជាច្រើន ដែលធ្លាប់មានវត្តមាន នៅក្នុងទសវត្សន៍ឆ្នាំ៧០ មកទល់នឹងចុងទសវត្សន៍ឆ្នាំ៨០ បានរំលាយខ្លួនអស់ ក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ក្ដី តែមិនប្រាកដថា អតីតយុទ្ធជននៃចលនាតស៊ូទាំងនោះ បានបាត់រូបអស់ទៅ ចេញពីពិភពលោកនោះទេ។ ហើយការវិវត្តន៍ផ្នែកនយោបាយចុងក្រោយ ក្នុងប្រទេសកម្ពុជា បានជំរុញឲ្យអតីតឧត្ដមសេនីយ៍យោធាម្នាក់ ចេញមុខប្រកាស ទៅកាន់បណ្ដាខ្មែរ«អ្នកស្នេហាជាតិ»ទាំងឡាយ ឲ្យ«ងើបឡើងតស៊ូ» ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
លោក សក់ ស៊ុតសារ៉េត ដែលគេស្គាល់ថា ជាអតីតមេបញ្ជាការកងអត្តឃាត នៃចលនាតស៊ូរណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ -ដែលកាលនោះ ស្ថិតក្រោមការដឹកនាំ របស់លោក សឺន សាន) បានប្រកាសដូច្នេះ នៅលើគណនេយ្យហ្វេសប៊ុករបស់លោក ដោយសរសេរថា៖ «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនជនរួមជាតិ ទាំង៣លាននាក់ នៅក្នុងប្រទេស ដែលគាំទ្រ បោះឆ្នោតឲ្យ CNRP [កាលពីឆ្នាំ]២០១៣ ត្រូវតែងើបឡើងតស៊ូ ធ្វើមហាបាតុកម្មទូទាំងប្រទេស ២៥ខេត្តក្រុង កុំខ្លាចស្លាប់ [ព្រោះ]មុននិងក្រោយ គង់តែស្លាប់ដូចគ្នា»។
អតីតឧត្ដមសេនីយ៍ បានរៀបរាប់ ដោយប្រើពាក្យធ្ងន់ៗថា៖ «ខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ ដែល (...) បានរួមចំណែកចូលបម្រើ ជាបុគ្គលិកពេទ្យ និងយុទ្ធជន ក្នុងការប្រយុទ្ធតស៊ូ ប្រឆាំងពួកកុម្មយនិស្តយួនចិន និងអាយ៉ងយួន ចាប់ពីឆ្នាំ១៩៧០ ដល់១៩៧៥ និងចូលតស៊ូ ជាមួយចលនាខ្មែសេរី វាយអាយ៉ងយួន និងយួនកុម្មុយនីស្ត ចាប់ពីឆ្នាំ១៩៧៧ រហូតយួនដកទព័ ចេញពីស្រុកខ្មែរ ១៩៨៩ [និង]រហូតមានកិច្ចព្រមព្រៀង ២៣ តុលា ១៩៩១ នៅ Paris ប្រទេសបារាំង»។
ការអំពាវនាវឲ្យពលរដ្ឋងើបឡើង ធ្វើបាតុកម្មនោះ ត្រូវបានលោក សក់ ស៊ុតសារ៉េត សង្កត់ធ្ងន់ថា៖ «ប្រឆាំងនឹង ហ៊ុន សែន នៅពេលខាងមុខ កុំខ្លាចស្លាប់ យកគំរូតាមវិរភាព របស់លោកបណ្ឌីត កែម ឡី "ជូតទឹកភ្នែករួច ធ្វើដំណើរទៅមុខ" ធ្វើមហាបាតុកម្មទូទាំងប្រទេស ប្រឆាំងជាមួយ ពួកក្បត់ជាតិ ដែលមាន ហ៊ុន សែន ជាមេក្លោង អោយវាដោះលែង លោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ និងកម្លាំងស្នេហាជាតិ»។
កាលពីម្សិលម្ងៃ លោក សក់ ស៊ុតសារ៉េត បានប្រកាសថា លោកនឹងចាកចេញពីប្រទេសអូស្ត្រាលី ដែលលោកមានទីលំនៅ ដើម្បីធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសផ្សេងទៀត ក្នុងពិភពលោក សម្រាប់ធ្វើយុទ្ធនាការមួយ ដែលលោកហៅថា ដើម្បី«មាតុភូមិកម្ពុជា» រហូតដល់ដង្ហើមចុងក្រោយ។ សេចក្ដីប្រកាសនោះ ត្រូវបានលោកសរសេរ នៅលើគណនេយ្យហ្វេសប៊ុកដដែល តែត្រូវបានលប់ចេញទៅវិញ នៅពេលក្រោយមក។
នៅក្នុងសេចក្ដីប្រកាសនោះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ចូលទៅអានទាន់ មុនការលប់ចេញ បានសរសេរថា៖ «ខ្ញុំបាទ សក់ស៊ុតសារ៉េត នឹងចាកចេញ ពីប្រទេសអូស្ត្រាលី (...) ដើម្បីបំពេញបេសកកម្ម ក្នុងការរួមចំណែក ចំពោះប្រទេសជាតិ ដែលកំពុងត្រូវបំផ្លាញ ហើយលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសខ្មែរ [ត្រូវបានសម្លាប់] ដោយស្នាដៃឃាតករ និងបរិវាក្បត់ជាតិ ក្បត់ប្រជារាស្ត្រ របស់ត្រកូលហ៊ុន និង ហ៊ុនសែន»។
លោក សក់ ស៊ុតសារ៉េត បានបញ្ជាក់ទៀតថា៖ «យើងខ្ញុំបានប្តេជ្ញាពលីជីវិត និង[ហ៊ាន]ចូលគុក ហើយសូមប្រកាស ដល់កម្លាំងស្នេហាជាតិទាំងអស់គ្នា ងើបឡើងតស៊ូ ដើម្បីមាតុភូមិកម្ពុជា នៃដង្ហើមចុងក្រោយ របស់ពួកយើងទាំងអស់គ្នា»។
យ៉ាងណា អតីតមេបញ្ជាការកងអត្តឃាតរូបនេះ មិនបានបញ្ជាក់នៅពេលនោះថា ការធ្វើយុទ្ធនាការរបស់លោក នឹងឈានទៅដល់ការតស៊ូ ដោយប្រើរូបភាព បែបណានោះឡើយ។ ប៉ុន្តែនៅចំពោះការហៅរូបលោក ថាជាអ្នកនយោបាយម្នាក់នោះ លោក សក់ ស៊ុតសារ៉េត បានឆ្លើយតបមកវិញ យ៉ាងហ្មត់ចត់ដូច្នេះ៖ «ខ្ញុំមិនមែនអ្នកធ្វើនយោបាយទេ ខ្ញុំជាយុទ្ធជនការពារឆន្ទះរាស្ត្រ»។
ការប្រកាសរបស់អតីតឧត្ដមសេនីយ៍ បានធ្វើឡើងស្របពេល នឹងការប៉ុនប៉ងកាន់តែច្បាស់ឡើង ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេស និងការធ្វើវិសោធនកម្មច្បាប់ជាច្រើន យ៉ាងតក់ក្រហល់ ពីសំណាក់រដ្ឋសភាគណបក្សប្រជាជនកម្ពុជា ដើម្បីបែងចែកអាសនៈសភា របស់គណបក្សប្រឆាំង ទៅឲ្យគណបក្សផ្សេងទៀត ដែលទទួលបានការគាំទ្រតិចតួច ពីពលរដ្ឋម្ចាស់ឆ្នោត។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងតាមរយៈវិទ្យុអាស៊ីសេរី កាលពីម្សិលម៉ិញថា៖ «បើដល់ដំណាក់កាលហ្នឹង [ប្រជាពលរដ្ឋខ្មែរ] ពួកគាត់ច្បាស់ជាមិននៅស្ងៀមទេ ហើយថ្នាក់ដឹកនាំសង្គ្រោះជាតិ ក៏មិននៅស្ងៀមដែរ គឺយើងត្រូវតែមាន ផែនការយុទ្ធសាស្ត្រ អ្វីមួយច្បាស់លាស់ ចំពោះស្ថានភាពដំណាក់កាលហ្នឹងហើយ។ (...) នេះ គេមកសម្លាប់យើង អញ្ចឹងយើងមិនអាច ឈរឲ្យអ្នកដែលមកសម្លាប់យើងហ្នឹង សម្លាប់យើងដោយងាយស្រួលពេកទេ។ ចំពោះប្រជាពលរដ្ឋខ្មែរ កន្លះនគរហ្នឹង ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិហ្នឹង គឺលោកមិនសុខចិត្តទេ។»។
សម្រាប់ក្រុមអ្នកឃ្លាំមើលវិញ បានពន្យល់ថា នៅក្នុងដំណាក់កាលនេះ ការប្រើប្រាស់រូបភាព ជាយោធា ឬជាការងើបឡើងតស៊ូ ជាលក្ខណៈប្រដាប់អាវុធ នឹងផ្ដល់លេស សម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបង្ក្រាបដោយគ្មានត្រាប្រណី ទៅលើចលនាប្រឆាំង ដោយការតស៊ូផ្នែកមតិ និងដោយអហិង្សា នៅក្នុងប្រទេស។ ហើយម្យ៉ាងទៀត លោក ហ៊ុន សែន នឹងប្រើលេសនេះ ដើម្បីបន្តកាន់អំណាច ជាបន្តទៀត ដោយមិនចាំបាច់ ឆ្លងកាត់ការបោះឆ្នោត៕