អេង ឆៃអ៊ាង ច្រានចោលការថ្លែងរបស់កូនប្រុស ក្នុងការបង្កើតគណបក្សថ្មី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មេសា ២០១៨
- កែប្រែចុងក្រោយ: April 27, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់អ្នកឃ្លាំមើលបញ្ហានយោបាយ និងអ្នកដែលស្គាល់គ្រួសារលោក អេង ឆៃអ៊ាង យល់ភ្លាមថា សារដែលយុវជន អេង រតនៈ សរសេរឡើងចង់បង្កើតគណបក្ស«សម្ដេចឪ» និងយករូបសញ្ញា«អ៊ុនតាក់» ជារូបសញ្ញាសម្គាល់គណបក្សនោះ មិនគួរយកជាការបានឡើយ។ តែសម្រាប់បណ្ដាញឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាវិញ បានយកសារទាំងនេះ ទៅចុះផ្សាយបន្តព្រោងព្រាត ដោយមិនខ្វល់ខ្វាយ ក្នុងការផ្ទៀងផ្ទាត់ព័ត៌មាននេះ ថាអាចយកជាការបាន ឬគ្រាន់ជាការសរសេរ ឲ្យតែបានៗនោះទេ។
ឃ្លាទាំងស្រុង របស់យុវជន អេង រតនៈ (ដែលពេលនេះ ត្រូវបានលប់ចេញ ពីគណនីហើយ) មានជាអាទិ៍ថា៖
នៅចំពោះហេតុការណ៍នេះ លោក អេង ឆៃអ៊ាង ដែលជាឪពុក និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានចេញមកបំភ្លឺ ប្រាប់ឲ្យអ្នកផង កុំយកចិត្តទុកដាក់ នឹងសារបង្ហោះ របស់កូនប្រុសលោក។ មេដឹកនាំបក្សប្រឆាំង ដែលកំពុងរស់នៅឯសហរដ្ឋអាមេរិក បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោកថា៖ «អេង រតនៈ កូនប្រុសខ្ញុំ គាត់មានបញ្ហាសុខភាព ដែលក្រុមគ្រួសារខ្ញុំ កំពុងខ្វល់ខ្វាយយ៉ាងខ្លាំង។ ដូច្នេះ សូមបងប្អូនជនរួមជាតិ កុំយកចិត្តទុកដាក់ ឬចាប់អារម្មណ៍ នឹងការសរសេរ ផុសតាមបណ្តាញសង្គមរបស់គាត់។»។
រឿងរ៉ាវទាក់ទងនឹងកូនប្រុស របស់អនុប្រធានគណបក្សសង្គ្រោះជាតិ រូបនេះ មិនមែនទើបនឹងកើតឡើង ជាលើកទីមួយទេ។ កាលពីដើមខែវិច្ឆិកា ឆ្នាំទៅម៉ិញ លោក អេង ឆៃអ៊ាង ក៏ធ្លាប់ចេញមុខមក«សុំទោស» ជំនួសឲ្យកូនលោក ដែលលោកអះអាង ថាមាន«បញ្ហាសុខភាព» បន្ទាប់ពីកូនប្រុសម្នាក់នេះ បានបង្ហោះសារយ៉ាងច្រើន បរិហារលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថាជាមនុស្សចូលចិត្ត«កុហក»។
កាលពេលនោះ យុវជន អេង រតនៈ បានពន្យល់យ៉ាងច្រើន ជុំវិញការកុហកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីសំណាក់លោក កឹម សុខា ហើយនៅមានពាក្យពេជន៍ធ្ងន់ៗ ជាច្រើនទៀត ដែលកូនប្រុសអនុប្រធានគណបក្ស សរសេរសំដៅទៅប្រធានគណបក្សប្រឆាំង ក្នុងនោះមានដូចជា៖ «កឹម សុខា នឹងដឹកនាំប្រទេស ទៅរកសភាពធ្ងន់ធ្ងរជាង ហ៊ុន សែន ទៀតផង ព្រោះ កឹម សុខា មិនមែនធ្វើ ដើម្បីជាតិពិតប្រាកដឡើយ កឹម សុខា ធ្វើដើម្បីខ្លួនឯងច្រើនជាង!»៕