ហូ វ៉ាន់៖ សង្រ្គោះជាតិដោយឡែក ហ៊ុនស៊ិនប៉ិចដោយឡែក
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៣ តុលា ២០១៤
- កែប្រែចុងក្រោយ: October 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្របពេលដែលមានការរិះគន់ និងការអស់សង្ឃឹមពីសំណាក់អ្នកគាំទ្រ ក្នុងពេលដែលគណបក្សសង្គ្រោះជាតិ ព្រមចរចាចូលសភាកាន់ក្បាលម៉ាស៊ីនរដ្ឋសភា ជាមួយគណបក្សប្រជាជនកម្ពុជានោះ លោក ហូ វ៉ាន់ តំណាងរាស្រ្តមណ្ឌលភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ បានអះអាងថាគណបក្សសង្គ្រោះជាតិរបស់លោក នឹងមិនដើរជាន់ដានចាស់ដូចគណបក្ស ហ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ នោះឡើយ។
ថ្លែងទៅកាន់មនុស្សជាងមួយពាន់ ដែលបានដាក់នៅរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះ លោក ហូ វ៉ាន់ ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា ផ្នែកអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ បានបញ្ចាក់យ៉ាងដូច្នេះថា៖ «សូមបងប្អូនចងចាំរឿងតែមួយបានហើយ គណបក្សសង្រ្គោះជាតិ ដាច់ខាត មិនធ្វើដូចគណបក្សហ៊ុនស៊ិនប៉ិចទេ សូមបងប្អូនកុំច្រលំឱ្យសោះ។ សង្រ្គោះជាតិដោយឡែក ហ៊ុនស៊ិនប៉ិចដោយឡែក។»
លោកបន្តថា ពិតមែនតែគណបក្សរបស់លោកចូលសភាក៏ពិតមែន ក៏ប៉ុន្តែលោកនឹងខំពង្រឹង នូវការគោរលិទ្ធិប្រជាធិតេយ្យ។ មកដល់ពេលគណបក្សសង្រ្គោះជាតិ បានចូលរួមជាមួយគណបក្សកាន់អំណាច ក្នុងការរៀបចំច្បាប់បោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ជាពិសេសការកែទម្រង់ គ.ជ.ប ដែលឥលូវនេះកំពុងធ្វើជាជំហានៗហើយ ពីព្រោះជម្រើសមានតែមួយទេ គឺមិនប្រើអំពើរហិង្សា គឺមានតែប្រកួតប្រជែងទៅលើការបោះឆ្នោត។
ការអះអាងរបស់លោក ហូ វ៉ាន់ មិនមែនជារឿងថ្មីទេ។ បន្ទាប់ពីបានចូលទៅអង្គុយធ្វើការក្នុងរដ្ឋសភា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ក៏តែងបានអះអាងដូចគ្នាអញ្ចឹងដែរ ពីគោលជំហររបស់ក្រុមខ្លួនទៅកាន់ពលរដ្ឋអ្នកគាំទ្រ ជាញយដង ជាពិសេសទៅកាន់ពលរដ្ឋ ដែលបានលះបង់ទាំងកម្លាំងកាយ ទាងថវិការ ដើម្បីចូលរួមធ្វើបាតុកម្ម រាប់ចាប់តាំងពីក្រោយការបោះឆ្នោត ឆ្នាំ២០១៣ អស់ជាច្រើនខែ។ ប្រជាពលរដ្ឋមួយចំនួន ដែលធ្លាប់តស៊ូប្តូរផ្តាច់ជាមួយគណបក្សសង្គ្រោះជាតិ បានបង្ហាញពីក្តីខកបំណងរបស់ពួកគេ ដោយពួកគេបានបារម្ភថា គណបក្សសង្គ្រោះជាតិ អាចនឹងជាន់ដានចាស់របស់គណបក្សហ្វុនស៊ីនប៉ិច ដែលបច្ចុប្បន្នមានកម្លាំងនយោបាយចុះខ្សោយ រកតែសម្លេងអសនៈក្នុងសភាមួយកៅអីគ្មាន៕