មេបក្សប្រឆាំង ប្ដេជ្ញារកយុត្តិធម៌ឲ្យជនរងគ្រោះនឹងការគប់គ្រាប់បែក
លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោកកឹម សុខាជាអនុប្រធាន បានប្តេជ្ញាចំពោះគ្រួសារជនរងគ្រោះថា ដរាបណាលោកនៅមានដង្ហើម លោកត្រូវតែរកយុត្តិធម៌ជូនជនរងគ្រោះ ឲ្យទាល់តែបាន។
ចេតិយសម្រាប់ឧទ្ទិសឲ្យជនរងគ្រោះនឹងការគប់គ្រាប់បែក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ O. Vary)
ប្រព័ន្ធយុត្តិធម៌ - ថ្លែងទៅកាន់អ្នកគាំទ្រនាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៤នេះ ដែលជាថ្ងៃរំលឹកខួបទី១៧នៃព្រិត្តិការណ៍គប់បែក នៅមុខអតីតរដ្ឋសភា ក្រោយពីបានសម្តែងការសោកស្តាយ លោក សម រង្ស៊ី បានអះអាងថា «ឥលូវនេះ ជាឆ្នាំពិសេស ខ្ញុំមិនដែលមានសង្ឃឹមខ្លាំងជាង ឆ្នាំនេះ ពេលនេះ ឆ្នាំ២០១៤នេះ ខ្ញុំមានជំនឿថាពន្លឺយុត្តិធម៌ មកដល់ហើយបងប្អូន»។
ចំពោះអំណះអំណាង ដែលប្រធានគណបក្សប្រឆាំងមួយនេះ បានធានាអះអាងទៅកាន់អ្នកគាំទ្រខ្លួន ដោយយោងទៅលើហេតុផលថា ចំនួននៃប្រជាជន ដែលគាំទ្រការដឹកនាំ របស់គណបក្សសង្រ្គោះជាតិ កាន់តែមានសន្ទុះខ្លាំង និងករណីមួយទៀត តុលាការបារាំងបានចាត់ចៅក្រមថ្មីមួយ ដើម្បីពន្លឿនការស៊ើបអង្កេតនេះ ដូច្នេះក្រោមការដឹកនាំរបស់ចៅក្រមថ្មីនេះ ការស៊ើបអង្កេតរបស់អាជ្ញាធរបារាំង នឹងអាចចាប់ជនល្មើសបានឆាប់ៗ។
ប្រធានក្រុមស៊ើបអង្កេត របស់សមាគមការពារសិទ្ឋិមនុស្សអាដហុក លោកចាន់ សុវ៉េត បានលើកឡើងថា ជនល្មើសដែលបានគប់គ្រាប់បែក នៅមុខអតីតរដ្ឋសភា បាននៅក្រៅសំណាញ់ច្បាប់១៧ឆ្នាំហើយ រីឯការលើកឡើងរបស់លោកសម រង្ស៊ី ថាបារាំងបានទទួល ពាក្យបណ្តឹងនោះ មិនដឹងថាតើវាមានប្រសិទ្ធភាពប៉ុណ្ណានោះទេ ព្រោះប្រទេសបារាំងជាប្រទេសផ្សេងពីកម្ពុជា ហើយបារាំងក៏មិនមែនជាប្រទេសមួយ ដែលមានឥទ្ធិពល ឬលទ្ធភាពមកធ្វើកិច្ចការ នៅក្នុងប្រទេសកម្ពុជាដែរ។ លោកបន្តថា «យើងហាក់បីដូចជាមានការរំពឹងគិតដែរ តែវាជាស្រមោល តែបើថា យកជាការជាក់ស្តែងហាក់បីដូចជានៅមានកំរិតនៅឡើយ យើងមិនទាន់មានការជឿជាក់មួយរយភាគរយទេ ព្រោះរយៈពេលវាយូរហើយ»។
មន្ត្រីឃ្លាំមើលសិទ្ឋិមនុស្ស លោក ចាន់ សុវ៉េត បានបញ្ជាក់បន្ថែមថា បទល្មើសមួយនេះជាបទល្មើសព្រហ្មទណ្ឌ វាមានអាជ្ញាយុកាល។ ប៉ុន្តែបើមានការរួមសហការ និងឆន្ទះពីសំណាក់រដ្ឋាភិបាលកម្ពុជានោះ គេ អាចសង្ឃឹមថា នឹងធ្វើកិច្ចការនេះបាន។ លោកមើលឃើញថា ដល់ពេលបច្ចុប្បន្ន អាជ្ញាធរដែលគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា ហាក់បីដូចជាអត់មាននណារមួយធ្វើការងារអោយបានពេញលេញ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងរឿងបំផ្ទុះគ្រាប់បែកនេះទេ។ សំរាប់មន្រ្តីសង្គមស៊ីវិលរូបនេះបានចាត់ទុកថា អំពើគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧នេះ ថាជាទម្រង់នៃអំពើនិទន្ទភាពនៅកម្ពុជា មុនដំបូងគេបំផុត។
បើទោះជាតុលាការបារាំង អាចនឹងគ្មានឥទ្ធិពលសម្រាប់ការអនុវត្តសាលក្រម នៅក្នុងប្រទេសកម្ពុជា តែសម្រាប់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិវិញ លោកបានបង្ហាញជំនឿចិត្តខ្លាំង ថានៅមានតុលាការអន្តរជាតិ មានដូចជាតុលាការឧក្រិដ្ឋកម្មអន្តរជាតិផ្សេងទៀតជាដើម ដែលអាចរកយុត្តិធម៌ឲ្យជនរងគ្រោះបាន។ លោកបានថ្លែងទៀតថា «ខ្ញុំមានក្តីសង្ឃឹមថាថ្ងៃណាមួយ ឃាតករដែលសំលាប់ នឹងដេកក្នុងគុកជាមិនខាន។»
អតីតប្រធានគណបក្សសិទ្ធិមនុស្សរូបនេះ បានថ្លែងបញ្ជាក់ដែរថា «ទោះបីយើងមិនទាន់រកឃើញ បង្ហាញមុខនូវឃាតករពិតប្រាកដហើយក៏ដោយ ក៏ពិភពលោកក៏ដូចជាប្រជារាស្រ្តខ្មែរដឹងហើយ ថានណាជាឃាតករ។ យើងដឹងច្បាស់ថា នណារជាឃាតករ ប៉ុន្តែក្នុងថ្ងៃនេះ ដោយសារឃាតករនៅមានអំណាចនៅឡើយ មិនទាន់បាត់បង់អំណាច ដូច្នេះហើយ ដោយសារសង្គមរបស់យើងតុលាការមិនមានយុត្តិធម៌ យើងមិនទាន់ចាប់យកឃាតករទាំងនោះ យកមកផ្តន្ទាទោសអោយបានពេញចិត្ត របស់វិញ្ញាក្ខន្ធវិរៈបាតុករយើងបាន។»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ៣០ មិនា ២០១៤