អ្នកជំនាញ អ.ស.ប ដាក់ករណីរឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជា ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំ
- ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 15, 2018
- ប្រធានបទ: សេរីភាពសារព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«កង្វល់អំពីការហាមប្រាមនោះ ត្រូវបានកត់សម្គាល់ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំចុងក្រោយ របស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា» នេះ ជាការបញ្ជាក់ឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ពីទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលមានទីតាំងក្នុងក្រុង ហ្សឺណែវ ប្រទេសស្វីស។
សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរសំដែងនូវកង្វល់ របស់ក្រុមអ្នកជំនាញរបស់អង្គការពិភពលោក ជុំវិញការ«បង្ក្រាបប្រព័ន្ធផ្សព្វផ្សាយ នៅមុនការបោះឆ្នោតជាតិ» ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
ជាប្រតិកម្ម របស់ក្រុមអ្នកជំនាញ អ.ស.ប ទៅនឹងសេចក្ដីប្រកាសមួយ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលលើកឡើង ពី«ក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការបោះឆ្នោត ដោយហាមប្រាមមិនឲ្យចុះផ្សាយព័ត៌មាន ដែលអាចនាំឲ្យមានការភាន់ច្រឡំ និង/ឬបាត់បង់ទំនុកចិត្ត ក្នុងការបោះឆ្នោត ដោយធ្វើការផ្សាយព័ត៌មាន ដែលរារាំងប្រជាពលរដ្ឋមិនឲ្យបោះឆ្នោត និងបញ្ចេញមតិផ្ទាល់ខ្លួន ឬបុរេនិច្ឆ័យ។»
សេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយទីក្រុង ហ្សឺណែវ ប្រទេសស្វីស និងដែលទើបនឹងធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះ បានស្រង់សំដីក្រុមអ្នកជំនាញ មកសរសេរថា៖ «ការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងក្រមសីលធម៌នេះ បាននាំឲ្យមានកង្វល់ជាខ្លាំង អំពីសេរីភាពសារព័ត៌មាន។ (...) ការហាមឃាត់ទាំងនេះ ប្រើពាក្យពេចន៍ក្នុងន័យទូលាយ និងមិនច្បាស់លាស់ ដែលអាចនាំឲ្យមានការរឹតត្បិត លក្ខណៈទូលំទូលាយ លើប្រព័ន្ធផ្សព្វផ្សាយ ដែលអាចមិនស្រប ទៅនឹងបទដ្ឋានអន្តរជាតិ។»។
ក្រុមអ្នកជំនាញ របស់អ.ស.ប បានបន្តទៀតថា៖ «អ្នកសារព័ត៌មានមានទំនួលខុសត្រូវ ក្នុងការធ្វើសេចក្តីរាយការណ៍ អំពីបញ្ហាទាំងឡាយ ដែលកើតមាន នៅមុនពេលបោះឆ្នោត ជាពិសេស បញ្ហាចម្រូងចម្រាសនានា។ ការរាយការណ៍បែបនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការរាយការណ៍ព័ត៌មាន ដែលមានតម្លាភាព និងមានទំនួលខុសត្រូវ នៅក្នុងអំឡុងពេលបោះឆ្នោត។ ការរាយការណ៍នេះ ជួយដល់អ្នកបោះឆ្នោត ឲ្យធ្វើការជ្រើសរើស ដោយបានទទួលព័ត៌មានគ្រប់គ្រាន់។»។
មិនត្រឹមតែប៉ះពាល់ ទៅដល់សិទ្ធសេរីភាព នៃសារព័ត៌មាន និងសិទ្ធិសេរីភាព នៃការទទួលបានព័ត៌មាននោះទេ តែក្រុមអ្នកជំនាញបានអះអាងបន្ថែមថា៖ «ការហាមប្រាមនេះ ក៍មានផលប៉ះពាល់អវិជ្ជមានផងដែរ ទៅលើសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ដែលជាលក្ខខណ្ឌចាំបាច់ សម្រាប់ការចូលរួមជាសាធារណៈ ក្នុងបរិបទនៃការបោះឆ្នោត។»៕