ត្រាំ ខឹង​នាយករដ្ឋមន្ត្រី​កាណាដា រួច​ដក​ខ្លួន​ចេញ​ពី​សេចក្ដី​ប្រកាស​រួម G7

ខណៈជំនួបកំពូល «G7» បានស្រុះស្រួលគ្នា ជុំវិញការធ្វើពាណិជ្ជកម្ម​ពិភពលោកនោះ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ឯណោះ បានប្រកាសដកខ្លួនចេញពីសេចក្ដីប្រកាសរួម ដោយយកការលើកឡើង របស់នាយករដ្ឋមន្ត្រីកាណាដា មកធ្វើជាមូលហេតុ។ 
ត្រាំ ខឹង​នាយករដ្ឋមន្ត្រី​កាណាដា រួច​ដក​ខ្លួន​ចេញ​ពី​សេចក្ដី​ប្រកាស​រួម G7
លោក ដូណាល់ ត្រាំ (រូបអង្គុយ) នៅក្នុងចំណោមមេដឹកនាំ «G7» ដែលឈរនៅជុំវិញលោក។ (រូបថត Reuters)។
Loading...
  • ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 11, 2018
  • ប្រធានបទ: មហាអំណាចសេដ្ឋកិច្ច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រេចសម្រួលទៅ កិច្ចប្រជុំកំពូល «G7» បានដួលរំលំទាំងជំហរ ដោយសារការបង្ហោះសារមួយ របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក នៅលើបណ្ដាញសង្គមទ្វីសធើរ (Twitter) ដែលបញ្ជាក់ពីការដកខ្លួនចេញ ពីសេចក្ដីប្រកាសរួម របស់ «G7» ដែលត្រូវបានចេញផ្សាយ នៅពេលបញ្ចប់ជំនួបកំពូល។

ការប្រកាសរបស់ប្រធានាធិបតីអាមេរិក ធ្វើឡើងដោយយកការថ្លែង របស់នាយករដ្ឋមន្ត្រីកាណាដា លោក ជូស្ទីន ទ្រូដូ (Justin Trudeau) មកធ្វើជាមូលហេតុសំខាន់។ ការថ្លែងនោះ របស់លោកនាយករដ្ឋមន្ត្រី ត្រូវបានលោក ត្រាំ ចាត់ទុកថា មិនមានភាពសុច្ចរិត។

ការប្រកាសរបស់លោក ដូណាល់ ត្រាំ ទំនងជាធ្វើចេញពីយន្ដហោះ «Air Force One» ដែលដឹករូបលោក និងគណៈប្រតិភូរដ្ឋាភិបាលអាមេរិក ឆ្ពោះទៅកាន់ប្រទេសសិង្ហបូរី ដើម្បីត្រៀមជំនួប ជាមួយមេដឹកនាំកូរ៉េខាងជើង។ លោក ត្រាំ សរសេរថា៖ «ក្រោមហេតុផល បណ្ដាលមកពីការថ្លែងឡើង ដែលមិនត្រឹមត្រូវ របស់លោក ជូស្ទីន [ទ្រូដូ] នៅក្នុងសន្និសីទកាសែត និងបណ្ដាលមកពី ការកំណត់របស់ប្រទេសកាណាដា ក្នុងការយកពន្ធអាករដ៏ធ្ងន់ធ្ងរ ទៅលើកសិករ កម្មករ និងសហគ្រាសអាមេរិកាំង ខ្ញុំបានស្នើសុំទៅមន្ត្រីតំណាងរបស់សហរដ្ឋអាមេរិក ឲ្យដកខ្លួនចេញពីសេចក្ដីប្រកាសរួម ហើយយើងកំពុងពិនិត្យមើល ការបន្ថែមពន្ធទៅលើយានយន្ដ ដែលកំពុងមានវត្តមាន យ៉ាងសម្បើម ក្នុងទីផ្សាអាមេរិក»។

ខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាណាដាវិញ បានប្រតិកម្មមកវិញភ្លាមៗ ដោយច្រានចោល​ ការចោទប្រកាន់របស់លោក ត្រាំ។ នៅក្នុងសេចក្ដីប្រតិកម្មនោះ បានសរសេរឲ្យដឹងថា៖ «យើងផ្ចង់អារម្មណ៍ ទៅលើអ្វីដែលបានសម្រេច នៅទីនេះ ក្នុងជំនួបកំពូល "G7"។ (...) លោកនាយករដ្ឋមន្ត្រី មិនបាននិយាយអ្វីទាំងអស់ ពីអ្វីដែលលោកមិនបាននិយាយ ពីមុនមក ទោះជាក្នុងការថ្លែង ជាសាធារណៈ ឬជាលក្ខណៈឯកជនដ៏ដោយ ជាមួយលោកប្រធានាធិបតី។»  

កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ លោក ជូស្ទីន ទ្រូដូ បានថ្លែងនៅចុងបញ្ចប់នៃជំនួបកំពូល ដោយលើកឡើងពីការ«ប្រមាថ» ដើម្បីវាយតម្លៃ ទៅលើនយោបាយយកពន្ធអាករធ្ងន់ធ្ងរ ពីសំណាក់រដ្ឋបាលលោក ត្រាំ សម្រាប់ផលិតផលដែកថែប និងអាលុយមីញ៉ូម នាំចូលក្នុងសហរដ្ឋអាមេរិក។ លោក ទ្រូដូ បានលើកឡើងទៀតថា នឹងចាត់វិធានការតបវិញ ដោយមិនខ្វាយខ្វល់ អ្វីច្រើនឡើយ។

សាររបស់លោក ដូណាល់ ត្រាំ នៅលើបណ្ដាញសង្គម មិនត្រឹមតែបាញ់មុខព្រួញ ទៅរកនាយករដ្ឋមន្ត្រីកាណាដា តែម្នាក់ទេ។ តែការតម្លើងពន្ធ ទៅលើយានយន្ដ ក្នុងទីផ្សារអាមេរិក ជាការគម្រាមមួយទៀត បាញ់មុខព្រួញទៅរកប្រទេសយក្ស ខាងឧស្សាហកម្មយានយន្ដជាច្រើន នៅទ្វីបអ៊ឺរ៉ុប ជាពិសេសគឺប្រទេសអាល្លឺម៉ង់តែម្ដង។

១ភាគ៤ នៃផលិតផលរថយន្ដអាល្លឺម៉ង់ ត្រូវបាននាំចូល ទៅកាន់ទីផ្សារអាមេរិក។ របាយការណ៍មួយ របស់សហព័ន្ធយានយន្ដអាល្លឺម៉ង់ (VDA) បានឲ្យដឹងថា យីហោយានយន្ដ ដែលចេញពីប្រទេសអាល្លឺម៉ង់ បានកាន់កាប់ទីផ្សារអាមេរិក រហូតដល់ទៅជាង ៤០% លើសយីហោយានយន្ដ របស់ប្រទេសណាផ្សេងទាំងអស់ នៅក្នុងពិភពលោក។

សង្គ្រាមពាណិជ្ជកម្ម ផ្ទុះឡើង...

នៅមុនការចាកចេញ ពីជំនួបកំពូល «G7» កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិកបានថ្លែងឡើងថា៖ «យើងជាកូនជ្រូកសន្សំលុយ ដែលអ្នករាល់គ្នា នៅជុំវិញពិភពលោក លួចបេះបោចយកទៅ។ ប៉ុន្តែចាប់ពីថ្ងៃនេះទៅ រឿងបែបនេះ នឹងត្រូវបញ្ចប់។»។ លោកបានថ្លែងព្រមានបណ្ដាមេដឹកនាំ ដែលជាដៃគូនៅក្នុងជំនួប នៅក្នុងសន្និសីទកាសែតថា៖ «បើពួកគេចាត់វិធានការឆ្លើយតប វានឹងជាកំហុសមួយ»។

យ៉ាងណា វិធានការឆ្លើយតប ទល់នឹងការតម្លើងពន្ធ របស់រដ្ឋបាលលោក ត្រាំ អាចនឹងមានរូបរាង ចាប់ពីខែកក្កដាខាងមុខនេះទៅ។ ក្រុមមេដឹកនាំជាច្រើននាក់ ទាំងនៅក្នុងសហភាពអ៊ឺរ៉ុប និងប្រទេសកាណាដា បានសម្រេចរួចហើយ ជុំវិញការតម្លើងតម្លៃពន្ធ ទៅលើផលិតផលនាំចូលជាច្រើន ពីសហរដ្ឋអាមេរិក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...