កឹម សុខា ថា គ.ជ.ប ជា«មេរោគ»នាំឲ្យគាំងនយោបាយ
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជាមូលហេតុចម្បង នាំឲ្យមានភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត ហើយចាំចាច់ត្រូវតែដោះស្រាយបញ្ហានេះឲ្យបាន។
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.infO/ O. Vary)
នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី យប់ថ្ងៃទី១៤ ខែមីនា អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់បែបប្រៀបធៀបថា៖ «ដូចមនុស្សញ្ចឹង បើយើងចេះតែដាក់ថ្នាំផ្តេសផ្តាស់ ហើយអត់ពិនិត្យរកមេរោគ ដាក់ថ្នាំអត់ត្រូវទេ។ អញ្ចឹងមេរោគនាំឲ្យគាំងនយោបាយ គឺមកពី គ.ជ.ប ដែលបោះឆ្នោតមិនត្រឹមត្រូវ ទៅប្រកាសលទ្ធផលតាមទំនើងចិត្ត។»។
អនុប្រធានគណបក្សជំទាស់រូបនេះ បន្ថែមថា បើគណបក្សប្រជាជនកម្ពុជា មានសុឆន្ទះ ពិតប្រាកដក្នុងការកែទម្រង់ការបោះឆ្នោត និងដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ គឺត្រូវកែទម្រង់លើ គ.ជ.ប មុនគេ ទើបអាចធានាទៅសម្រេចលើបញ្ហាផ្សេងទៀតបាន។ លោក កឹម សុខា បញ្ជាក់ថា៖ «ដូច្នេះប្រសិនបើគណបក្សសង្រ្គោះជាតិនឹងចូលប្រជុំថ្ងៃទី១៧ គឺត្រូវលើករបៀបវារៈកែទម្រង់ គ.ជ.ប»។
ថ្ងៃទី១៧ ខែមីនា ជាថ្ងៃដែលក្រុមការងារបច្ចេកទេស គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គ្រោងនឹងជជែគ្នាបន្តទៀតលើការកែទម្រង់ការបោះឆ្នោត។ ការកែទម្រង់ការបោះឆ្នោត ដែលគណបក្សទាំងពីរបានឯកភាពគ្នាលើករណីមួយចំនួនហើយ មានការចុះឈ្មោះអ្នកបោះឆ្នោត ការបង្កើតច្បាប់ហិរញ្ញវត្តុគណបក្សនយោបាយជាដើម តែចំណុចរសើប ដែលជាឧបសគ្គដល់ការបន្តចរចា គឺគណបក្សប្រជាជនកម្ពុជា មិនទាន់ឯកភាពដាក់ស្ថាប័នបោះឆ្នោត ទៅជាស្ថាប័នធម្មនុញ្ញ តាមការស្នើសុំរបស់គណបក្សសង្រ្គោះជាតិនៅឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសលទ្ធលផលផ្លូវការ ក្រោយការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣ ថាគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ រីឯគណបក្សសង្រ្គោះជាតិទទួបាន៥៥អាសនៈ។ លទ្ធផលនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ទទួលយក តែគណបក្សសង្គ្រោះជាតិ បានបដិសេធ ហើយបន្តធ្វើពហិការមិនចូលប្រជុំសភា រហូតដល់ពេលនេះ ដោយទាមទារឲ្យបោះឆ្នោតមុនអាណត្តិឡើងវិញ។
ជុំវិញករណីនេះ លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានពន្យល់ថា បើស្ថាប័នរៀបចំការបោះឆ្នោតនៅកម្ពុជាមានភាពឯករាជ្យ និងអព្យាក្រិត្យ គ្រប់គ្រាន់ នោះកម្ពុជាមិនបាច់កែទម្រង់ នោះទេ តែស្ថាប័នបោះឆ្នោតនៅកម្ពុជា បានធ្វើឲ្យមានឧបសគ្គនយោបាយក្រោយការបោះឆ្នោត ច្រើនអាណត្តិមកហើយ ព្រោះគណបក្សនយោបាយ មិនជឿជាក់លើស្ថាប័នមួយនេះ។ លោកសុខ ទូច បញ្ជាក់ថា៖ «ស្ថាប័នបោះឆ្នោត មិនមែនជាឧបករណ៍របស់អ្នកនយោបាយឬ គណបក្សនយោបាយ ទេ គឺត្រូវឯករាជ្យ អព្យាក្រិត្យ »៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ មីនា ២០១៤