ហ៊ុន សែន ត្រៀមធ្វើសង្គ្រាម
- ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 10, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើគ្រាន់តែ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ លោក ហ៊ុន សែន បានព្រមានថា លោកសុខចិត្តឲ្យ«សង្គ្រាមផ្ទុះក៏ផ្ទុះទៅចុះ» តែលោកនឹងមិនសុខចិត្ត ឲ្យចលនាពលរដ្ឋ ដែលមាននិន្នាការប្រឆាំង ប្រព្រឹត្តិនូវអំពើខុសច្បាប់ ដូចជាការ«ដុតឡាន» ឬការរារាំង«ពលរដ្ឋ មិនឲ្យបោះឆ្នោត» នោះឡើយ។ នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានអតីតភាព ជាទាហានខ្មែរក្រហម និងជាជនកុម្មុយនីស ស្និតនឹងប្រទេសវៀតណាម បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី១០ ខែឧសភានេះ ក្នុងពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ។
នៅចំពោះអតីតយោធិនជាច្រើនរយនាក់ លោក ហ៊ុន សែន បានប្រើប្រាស់ពេលជាច្រើនម៉ោង ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអគ្គមេបញ្ជាការកងទ័ពជាតិ ដើម្បីរៀបរាប់ពីគុណសម្បត្តិ នៃការដឹកនាំច្រើនទសវត្សន៍ របស់លោក និងគណបក្សប្រជាជនកម្ពុជា។ នៅទីបំផុត លោកបានសរុបសេចក្ដីថា៖ «គណបក្សប្រជាជន[កម្ពុជា] ត្រូវតែឈ្នះឆ្នោត នៅគ្រប់ការបោះឆ្នោតទាំងអស់»។
នាយករដ្ឋមន្ត្រី ដែលមិនរង្គើចេញពីតំណែង តាំងពីជាង៣០ឆ្នាំមកនេះ បានព្រមានសុខចិត្តឲ្យផ្ទុះសង្គ្រាមថា៖ «សូមកុំភ្លេច ថ្ងៃ២៨ ខែកក្កដា [ឆ្នាំ២០១៣] មិនទាន់ទាំងដឹងលទ្ធផលផ្លូវការផង ឆេះឡានអស់ប៉ុន្មាន នៅស្ទឹងមានជ័យ? អ្នកឯងធ្វើសកម្មភាព ច្រើនទីកន្លែង មិនឲ្យពលរដ្ឋចូលបោះឆ្នោត។ តែដើម្បីថ្នាក់ថ្នមសភាពការណ៍ យើងអត់ធ្មត់ មិនធ្វើសកម្មភាព។ តែកុំភ្លេចថា ២០១៧ និង២០១៨ បើសកម្មភាពពួកអ្នកឯងរបៀបនេះ កម្លាំងប្រដាប់អាវុធ ត្រូវចេញបង្ក្រាបភ្លាម បើផ្ទុះសង្គ្រាម ក៏ឲ្យវាផ្ទុះទៅចុះ។»។
«ថ្ងៃបុណ្យខ្មោច...»
លោក ហ៊ុន សែន បានព្រមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយចំមុខ ថាបើនៅតែហ៊ានធ្វើរឿងទាំងនោះ ថ្ងៃនេះគឺថ្ងៃបុណ្យខ្មោច របស់ប្រធានគណបក្សប្រឆាំងរូបនេះ ជាមិនខាន។ បុរសខ្លាំងកម្ពុជា បានថ្លែងថា៖ «អត់មានទុកឲ្យមកដុតឡាន បំផ្លាញសណ្ដាប់ធ្នាប់សាធារណៈនោះទេ។ មិនទាន់ទាំងឈ្នះ [ឆ្នោត] ផង បែរជាបង្កើតហេតុទៅហើយ។ បន្ទាប់ពីនោះ ធ្វើបាតុកម្ម "ហ៊ុន សែន អើយ ចុះចេញទៅ"។ ខ្ញុំបាននិយាយ ជាមួយ កឹម សុខា ដោយផ្ទាល់ នៅនឹងរដ្ឋសភា "ខ្ញុំថា ម៉េចឯកឧត្ដម បើមិនចុះ មានតែអង្រួនឲ្យចុះ"។ ខ្ញុំបានចង្អុលមុខគាត់ (...) ខ្ញុំថាឯកឧត្ដម បើសិនជាឯកឧត្ដមធ្វើ [ដូច្នេះ] ថ្ងៃនេះ គឹថ្ងៃបុណ្យខ្មោចឯកឧត្ដមទេ។ សុំ កុំព្រហើន!»។
» វីដេអូ នៃការថ្លែងពីបំណង ឲ្យផ្ទុះសង្គ្រាម របស់លោក ហ៊ុន សែន៖
មិនមានប្រតិកម្មដោយផ្ទាល់ ចេញពីគណបក្សសង្គ្រោះជាតិ ឬចេញពីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នោះទេ។ តែលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សប្រឆាំង បានបង្ហោះសារខ្លីមួយ នៅលើបណ្ដាញសង្គម ប្រៀបធៀបការព្រមានធ្វើសង្គ្រាម របស់លោក ហ៊ុន សែន ថាមានន័យស្មើរនឹង«ប្រឆាំងព្រះរាជា»។ តំណាងរាស្ត្ររូបនេះ បានសរសេរថា៖ «ព្រះរាជា ប្រាប់ទៅប្រជានុរាស្ត្ររបស់ព្រះអង្គ កុំភ័យខ្លាច នាំគ្នាទៅបោះឆ្នោត ឲ្យបានគ្រប់គ្នា។ ឯអ្នកបំភ័យរាស្ត្រថា បោះឆ្នោតចាញ់មានសង្គ្រាម បានន័យថាប្រឆាំងនឹងព្រះរាជា !»
«សេរីភាពសង្គម...»
សម្រាប់លោក ចាន់ វិបុល អ្នកជំនាញខាងអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយ បានថ្លែងចាត់ទុកការលើកឡើង របស់លោក ហ៊ុន សែន ជាគម្រាមកំហែង ទៅដល់សេរីភាពសង្គម និងបង្កការរំខាន ដល់ការសម្រេចចិត្ត របស់ពលរដ្ឋ។ អ្នកវិភាគបញ្ហាសង្គមរូបនេះ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃនេះថា៖ «ខ្ញុំយល់ឃើញថា នេះគឺជាសារគម្រាមកំហែង ទៅដល់សេរីភាពសង្គម ទៅដល់ចិរភាពសង្គម ទៅដល់ដំណើរការនៃការបោះឆ្នោត ហើយទៅដល់ការសម្រេចចិត្ត របស់ប្រជាពលរដ្ឋ។ ចំណុចទីពីរទៀត ខ្ញុំយល់ឃើញថា យើងនៅតែមើលមិនឃើញ ពីសញ្ញាណនៃការបង្កើតសង្គ្រាម [ពីភាគីណា] ទេ។»៕