ហេតុអ្វី បក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស ពុង ឈីវកេក ជាសមាជិក គ.ជ.ប?

តើការសម្រេចចិត្តរបស់គណបក្សសង្គ្រោះជាតិ ក្នុងការជ្រើសរើសលោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក (Dr. Kek Galabru) ធ្វើជាសមាជិកទី៩ នៃ គ.ជ.ប មានអាថ៌កំបាំងអ្វីឬទេ? សូមតាមដានការបកស្រាយ របស់មន្ត្រីមួយរូបពី​គណបក្សនេះ ពីមូលហេតុដែលជ្រើសរើស ស្ត្រីមេដឹកនាំអង្គការសិទ្ធិមនុស្សរូបនេះ ដូចខាងក្រោម។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមាជិកថ្មី គ.ជ.ប - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក រស់ សួរ មន្រ្តីមួយរូបពីគណបក្ស​សង្គ្រោះជាតិ បានលើកយកមូលហេតុមួយចំនួន ដែលនាំឲ្យគណបក្សសង្គ្រោះជាតិ ឈានទៅដល់ការ​សម្រេច​«ជ្រើស​តាំង» លោកស្រី ពុង ឈីវកេក ជាសមាជិកទី៩ នៃស្ថាប័នជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងនីតិកាល​ទីប្រាំ មកបញ្ជាក់ជាពិសេសថា លោកស្រីជាជនជាតិខ្មែរម្នាក់ ដែលបានរៀបចំឲ្យមានការចរចា រវាងលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង សម្តេចព្រះ​មហាក្សត្រ នរោត្តម សីហនុ លើសន្ធិសញ្ញាសន្តិភាពទីក្រុងបារីស នៅឆ្នាំ ១៩៩១។ ហើយលោកស្រី ក៏ជាស្រ្តីខ្មែរដំបូង ដែលបង្កើតឲ្យមានអណត្តិ នៃបេសកម្មអង្គការសហប្រជាជាតិមកកម្ពុជា ក្នុងការ​រៀបចំការបោះឆ្នោតជាតិ និងដោះ​ស្រាយជម្លោះដ៏រ៉ាំរ៉ៃក្នុងឆ្នាំ១៩៩៣។

លោក រស់ សួរ បានបញ្ជាក់បន្ថែមទៀតថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មកលោកស្រីបានចូលរួមយ៉ាងសកម្ម ក្នុង​ការជម្រុញឲ្យមានការអនុវត្តច្បាប់ អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពិសេសការពារ​អ្នកនយោបាយ និងសិទ្ធិប្រជាពលរដ្ឋ ស្រ្តី និងកុមារ តាមរយៈការបង្កើតអង្គការសង្គមស៊ីវិល ដំបូងបង្អស់នៅកម្ពុជា។

លោកស្រីជាមនុស្សតែម្នាក់គត់ ដែលមាននិន្នការសន្តិភាព ជាបុគ្គលកណ្តាល ឯករាជ្យ គិតប្រយោជន៍ជាតិនិង​ប្រជា​ពលរដ្ឋទូទៅ ជាងប្រយោជន៍បុគ្គល។ ឆ្លងតាមការស្រាយជ្រាវ និងអង្កេតរបស់គណបក្សសង្គ្រោះជាតិ លោកស្រីមាន​គំនិតជា«វីរៈបុរស» ដែលធ្វើអ្វីៗ មិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។

លោក រស់ សួរ និយាយថា៖ «តាមសមត្ថភាពរបស់គាត់ បើគាត់គិតប្រយោជន៍ខ្លួនជាងជាតិ នោះ ក្រោយការបោះ​ឆ្នោត​១៩៩៣ មកទល់បច្ចុប្បន្ននេះ គាត់អាចបែកចេញមកធ្វើជាអ្នកនយោបាយ ឬបង្កើតគណបក្សនយោបាយ​ហើយ។ (...) តែនេះមិនដែលឃើញ មានន័យថា គាត់មិនដែលគិតក្នុងករណីនេះឡើយ ហើយក៏មិនមាននិន្នាការ​លំអៀង ទៅរកគណបក្សនយោបាយណាមួយឡើយ។»

អ្វីដែលលោកស្រីចង់បាន គឺចូលរួមជំរុញឲ្យប្រទេសជាតិឈានទៅរកសុខសន្តិភាព។ លោកស្រីជាបុគ្គល«ទីមួយ» ដែលបានការពារ«អ្នកទោស»នយោបាយនៅកម្ពុជា។ លោក រស់ សួរ បានចាត់ទុកលោកស្រី ពុង ឈីវកេក ថាជា​មនុស្ស«ប្រាំ»សម័យកាល ដែលបានធ្វើការតស៊ូមតិ ដូចជាសម័យកាលបារាំង សម័យកាលសង្គមរាស្រ្តនិយម សម័យកាលឈានទៅរកការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម័យកាលអន្តរកាល(១៩៩៣) រហូតសម័យ​កាលថ្មី (គឺបច្ចុប្បន្ន)។

សូមរំលឹកថា លោកស្រី ពុង ជីវ កេក ជាប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បង្កើតដំបូងនៅប្រទេសបារាំង​ក្នុងឆ្នាំ​១៩៩២។ លោកស្រីកើតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៤២។ លោកស្រីជាកូនច្បង ក្នុងចំណោមកូនពីរនាក់ ឯប្អូនស្រី​ឈ្មោះ ពុង ឈីវហៀង។ ឪពុកឈ្មោះ ពុង ប៉េងចេង និងម្តាយឈ្មោះ សៀវ អេងតុង។ លោកស្រី ពុង ឈីវ កេក មាន​វិជ្ជាជីវៈជាគ្រូពេទ្យ ក្នុងឆ្នាំ១៩៦៨។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ លោកស្រី រួមទាំងគ្រួសារបានទៅរស់នៅប្រទេស​បារាំង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...