នៅវៀតណាម មិនមែនតែឆ្កែ សូម្បី«ឆ្មា»ក៏ក្លាយជាម្ហូបពិសេស
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៨ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 28, 2014
- ប្រធានបទ: ចំណីពិសេស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចំណីពិសេស - នៅប្រទេសវៀតណាម ដែលល្បីខាងម្ហូបពិសេស ធ្វើអំពីសាច់សត្វឆ្កែនោះ នៅពេលនេះម្ហូបពិសេសមួយទៀត កំពុងបង្កឲ្យមានភាពជ្រួលជ្រើមខ្លាំងឡើង ក្នុងនោះគ្រឿងផ្សំរបស់វា ជាសាច់របស់សត្វឆ្មា។ បានមកភាគច្រើនពីការលួចប្រមាញ់តាមផ្ទះនោះ សាច់សត្វឆ្មាផ្សំគ្រឿងពិសេស ត្រូវបានចុងភៅជាតិវៀតណាមទាំងនេះ យកទៅបកស្បែក ប្រឡាក់ខ្ទឹម លាយគ្រឿង រួចនឹងអាលយកទៅបង់ខ្លាញ់ ដាក់ស្ងោរ ឬក៏យកទៅខ្វៃ តាមបំណងរបស់អ្នកស្វែងរកទទួលទាន។
សាច់ឆ្មារ មិនត្រូវបានអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្ម ដើម្បីយកមកទទួលទានឡើយ នៅក្នុងប្រទេសកុម្មុយនីសមួយនេះ ដោយទំនងជាអាជ្ញាធរ ចង់ប្រើប្រាស់សត្វនេះ ដើម្បីកំចាត់កណ្ដុរ។ ប៉ុន្តែភោជនីយដ្ឋានមួយ ក្នុងរដ្ឋធានីហាណូយ (ភាគខាងជើង) ដែលមានទទួលធ្វើម្ហូបសាច់ឆ្មាផ្សំគ្រឿងពិសេសនេះ មិនមានការហាមឃាត់អ្វី ពីសំណាក់អាជ្ញាធរវៀតណាមឡើយ។
ថៅកែភោជនីយដ្ឋាន លោក ថូ វ៉ានឌឿន (To Van Dung) បានថ្លែងថា៖ «មនុស្សជាច្រើន ញ៉ាំសាច់ឆ្មា។ ជាម្ហូបផ្សំគ្រឿងថ្មី អញ្ចឹងហើយពួកគេចង់សាកល្បង។»
ថៅកែអាយុ៣៥ឆ្នារូបនេះ បានពន្យល់ទៀតថា៖ «មនុស្សមួយចំនួនគិតថា ញ៉ាំសាច់ឆ្មា នៅដើមខែព្រះចន្ទពេញវង់ នឹងនាំមកនូវសំណាង។ វាមិនដូចគ្នាទៅនឹងសាច់សត្វឆ្កែទេ។ យើងញ៉ាំសាច់ឆ្កែ នៅចុងខែព្រះចន្ទពេញវង់។»
មេចុងភៅ ង៉ុក ទៀន (Ngoc Thien) ក៏បានអះអាងដែរថា លោកក៏មានចិញ្ចឹមសត្វឆ្មាមួយក្បាលដែរ តែនៅថ្ងៃណាមួយ សត្វដែលលោកចិញ្ចឹមនេះ នឹងចូលទៅក្នុងខ្ទះបង់ខ្លាញ់ដូចគ្នា ជាពិសេសនៅពេលណា ដែលវាមានសាច់ឈាមបន្ដិច។
មានថ្ងៃខ្លះ ភោជនីយដ្ឋាននេះ បានទទួលអតិថិជន ដល់ទៅជាង១០០នាក់ ដែលចង់មកភ្លក្សម្ហូបថ្មី សាច់ឆ្មាផ្សំគ្រឿងពិសេស។ ហើយសត្វឆ្មាដែលហាងម្ហូបពិសេស យកមកបម្រើភ្ញៀវទាំងនេះ បាននាំចូលពីទីកន្លែងចិញ្ចឹមឆ្មាមួយចំនួន នៅក្នុងតំបន់។ ប៉ុន្តែចំនួនសត្វឆ្មា ពីទីនោះមិនគ្រប់គ្រាន់ទេ ហើយភោជនីយដ្ឋានចាំបាច់ ត្រូវនាំចូលសត្វឆ្មាជាច្រើនរយក្បាល ពីប្រទេសជិតខាង ដូចយ៉ាងឡាវ និងថៃជាដើម (កម្ពុជា ក្នុងពេលឆាប់ៗខាងមុខ?)។
គួរបញ្ជាក់ដែរថា ផ្ទុយពីប្រទេសលោកខាងលិច ឬប្រទេសនៅជាប់ជិតខាង ដែលតែងចាត់ទុកថា សត្វឆ្កែ ឬសត្វឆ្មា ជាសត្វដែលរស់នៅជាមួយមនុស្ស (ឬជាមិត្តរបស់មនុស្ស) ជនជាតិវៀតណាមបែរជាយកសត្វទាំងនេះ មកធ្វើជាចំណីអាហារយ៉ាងពិសេសទៅវិញ។ ពេទ្យសត្វមួយរូប នៅរដ្ឋធានីហាណូយ (កម្រមានពេទ្យសត្វណាស់ នៅវៀតណាម) បាននិយាយថា នេះមកពីនៅក្នុងប្រវត្តិសាស្ត្រ ប្រទេសវៀតណាមធ្លាប់ធ្លាក់ខ្លួន ទៅក្នុងភាពលំបាកលំបិនអត់ឃ្លានជាច្រើនឆ្នាំ ជាពិសេសនៅក្នុងសម័យកាលសង្គ្រាម។ «យើងទទួលទាន នូវអ្វីៗដែលយើងអាចរកបាន ដូចជាសត្វល្អិត ឆ្កែ ឆ្មា ឬក៏កណ្ដុរ ហើយវាក្លាយជាទម្លាប់ទៅហើយ»៕
បទយកការណ៍ជាវីដេអូ របស់ទូវរទស្សន៍បារាំង៖