កីឡាការិនីជំទង់ កាហ្សាស្ដង់ ស្អាតពេក ឡើងល្បីពេញតៃវ៉ាន់ (pic)
កីឡាការិនីវ័យជំទង់មួយរូប ជាតិកាហ្សាស្ដង់ ជំនាញខាងបាល់ទះ កញ្ញា សាប៊ីណា អាទីនប៊ែកូវ៉ា (Sabina Altynbekova) ទំនងជាទទួលភាពជោគជ័យ យ៉ាងសម្បើមមួយដែលធ្លាប់មាន ពីមុនមក។ ប៉ុន្តែមិនមែនដោយសារ មកពីនាងពូកែលេងបាល់ទះនោះទេ ... ជោគជ័យបណ្ដាលមកពី «រូបសម្ផស្ស»របស់នាង។
កញ្ញា សាប៊ីណា អាទីនប៊ែកូវ៉ា អង្គុយនៅលើទីលានប្រកួត។
សម្ផស្ស - ក្នុងវ័យ១៧ឆ្នាំ កញ្ញា សាប៊ីណា អាទីនប៊ែកូវ៉ា ទំនងជាធ្វើឲ្យអ្នកដែលចូលចិត្តបាល់ទះ ពេញចិត្តពេញថ្លើមខ្លាំងណាស់។ នៅមុនការប្រកួត ក្នុងរដ្ឋធានីតៃប៉ិ នៃប្រទេសតៃវ៉ាន់ សម្រាប់ការដណ្ដើមជើងឯក ខាងបាល់ទះផ្នែកអាយុក្រោម១៩ឆ្នាំ នាង សាប៊ីណា ជានារីធម្មតាដូចកីឡាការិនីដទៃទៀតដែរ។ ប៉ុន្តែបន្ទាប់ពីនាងបានចូលប្រកួត រូបសម្ផស្សរបស់នាង បានបង្កឲ្យមានចំណាប់អារម្មណ៍ ពេញកោះតៃវ៉ាន់។ នៅតាមបណ្ដាញសង្គមវិញ នាងក៏ទទួលបានការចាប់អារម្មណ៍ភ្លាមៗ ពីអ្នកប្រើប្រាស់ជាច្រើនម៉ឺននាក់ដែរ។
គ្រូបង្វឹករបស់នាង បានពន្យល់ទាំងមិនសប្បាយចិត្ត ប្រាប់សារព័ត៌មានអង់គ្លេស Daily Mail ថា៖ «ទស្សនិកជន ចាប់អារម្មណ៍ខ្លាំង ទៅលើតែកីឡាការិនីម្នាក់ ដូចជានៅក្នុងការប្រកួតនេះ មានមនុស្សលេងតែម្នាក់ឯងដូច្នេះ។ វាពិតជាពិបាកខ្លាំងណាស់ ដែលត្រូវធ្វើការក្នុងស្ថានភាពបែបនេះ។»។ នៅក្នុងអត្ថបទមួយទៀត ចុះផ្សាយក្នុងប្រទេសកាហ្សស្ដង់ គ្រូបង្វឹករូបនេះ ក៏បាននិយាយដែរថា ក្រុមជម្រើសជាតិខាងបាល់ទះ ផ្នែកអាយុក្រោម១៩ឆ្នាំ ត្រូវបាន«រំខាន» ដោយកញ្ញា សាប៊ីណា។
តែស្រីស្រស់ជំទង់ មិនបានជំទាស់អ្វី ពីការលើកឡើងរបស់គ្រូបង្វឹករបស់នាងទេ។ នាងនិយាយថា៖ «ខ្ញុំសប្បាយត្រេកអរណាស់ មុនដំបូង។ តែវាដូចជាជ្រុលបន្តិច។ ខ្ញុំចង់ផ្ចង់អារម្មណ៍ ដើម្បីលេងបាល់ទះឲ្យល្អ។» គេហទំព័រមួយទៀត ក្នុងប្រទេសកាហ្សាស្ដង់ បានលើកយកសម្ដីរបស់ម្ដាយនាង មកបញ្ជាក់ដែរថា៖ «ខ្ញុំចង់ឲ្យនាងរៀនខាងច្បាប់ តែនាងបែរជាជ្រើសរើសខាងកីឡាទៅវិញ»។ តែម្ដាយនាងក៏បានបញ្ជាក់ដែរថា កូនស្រីដ៏ស្រស់ស្អាតម្នាក់នេះ ធ្លាប់ត្រូវបានគេអញ្ជើញឲ្យទៅធ្វើជាតារាបង្ហាញម៉ូដ ជាច្រើនដងហើយ។ ប៉ុន្តែការអញ្ជើញនេះ ត្រូវបានឪពុកម្ដាយនាងបដិសេធ៕
នេះជារូបភាពរបស់នាងមួយចំនួន ដែលត្រូវបានចុះផ្សាយតាមបណ្ដាញសង្គម៖