ស្ត្រី​២​នាក់​សន្លប់ និង​របួស​ច្រើន​នាក់៖ ក្រុម​សន្តិសុខ​​វិល​មក​សងសឹក?

អ្នកតវ៉ាជាស្រ្តីពីរនាក់សន្លប់ និងមួយចំនួនត្រូវរងរបួស ក្នុងព្រឹត្តិការណ៍ទង្គិចគ្នារវាងសន្តិសុខ និងអ្នកមានជម្លោះដីធ្លី នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ។ មតិនានាបានលើកឡើងថា នេះអាចមកពីក្រុមសន្តិសុខនោះ មានបំណងសងសឹក​ទៅលើក្រុមអ្នកតវ៉ាវិញ ដែលបានធ្វើឱ្យពួកខ្លួនរងរបួសជាច្រើននាក់កាលពីថ្ងៃទី១៥ កក្កដាកន្លងទៅ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកតវ៉ាជាស្រ្តីពីរនាក់សន្លប់ និងមួយចំនួនត្រូវរងរបួស ក្នុងព្រឹត្តិការណ៍ទង្គិចគ្នារវាងសន្តិសុខ និងអ្នកមានជម្លោះដីធ្លី នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ។ មតិនានាបានលើកឡើងថា នេះអាចមកពីក្រុមសន្តិសុខនោះ មានបំណងសងសឹក​ទៅលើក្រុមអ្នកតវ៉ាវិញ ដែលបានធ្វើឱ្យពួកខ្លួនរងរបួសជាច្រើននាក់កាលពីថ្ងៃទី១៥ កក្កដាកន្លងទៅ។


សហគមន៍អតីតអ្នកភូមិបឹងកក់ តវ៉ានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ហិង្សា - នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤នេះ អ្នកភូមិមានបញ្ហាជម្លោះដីធ្លី បានប៉ះទង្គិចជាមួយ​ក្រុមសន្តិសុខ​ថែរក្សាសណ្តាប់ធ្នាប់ សាលារាជធានីភ្នំពេញម្តងទៀត ក្រោយពីអ្នកមានជម្លោះដីធ្លីទាំងនោះរួមមាន ប្រជាសហគមន៍​បឹងកក់ អតីតបឹងកក់ ថ្មគោលនិងបុរីកីឡា ដែលមានគ្នាប្រមាណជា១០០នាក់ បាននាំគ្នា បន្ដសកម្មភាពរបស់ខ្លួន ដើម្បីទាមទារឱ្យសាលារាជធានីភ្នំពេញ ដោះស្រាយបញ្ហាដីធ្លីជូនពួកគេ។

តំណាងសហគមន៍បូរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន បានឱ្យដឹងថា ក្រោយពីមានការរុញច្រានរបស់កងកម្លាំងសន្តិសុខ រហូតមកដល់ពេលនេះ ស្រ្តីពីនាក់បានរងរបួសរហូតដល់សន្លប់ និងមួយចំនួនទៀត ត្រូវបានក្រុមសន្តិសុខ​ទាំងនោះ​«ខ្វាច»មុខ និងត្រូវប្រើដំបងឆក់លើខ្លួនជាដើម ដែលធ្វើឱ្យរងរបួសស្រាល។

អ្នកស្រីបន្តថា ជាក់ស្តែងកាលពីព្រឹកមិញនេះ មិនត្រូវមានការប៉ះទង្គិចគ្នាទេ ព្រោះក្រុមអ្នកមានជម្លោះដីធ្លីទាំងអស់ គ្រាន់ទៅសួរសាលារាជធានីភ្នំពេញ ឱ្យរកដំណោះស្រាយលើបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃ របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ប៉ុន្តែ​បែរជាមានកងកម្លាំងខាងសន្តិសុខ និងខាងអាជ្ញាធរមករុញច្រាន កុំឱ្យឈរស្រែកនៅមុខសាលាក្រុងទៅវិញ ជាហេតុ​បណ្តាលឱ្យមានការប្រតាញប្រតប់គ្នាដូចនេះ។

ក្រុមអ្នកតវ៉ា បានលើកឡើងទៀតថា ក្រុមសន្តិសុខ ហាក់​ដូចជាមានបំណង​ចង់សងសឹក​ ទៅលើក្រុមអ្នកតវ៉ាវិញ បន្ទាប់ពីព្រឹត្តិការណ៍នៅក្បែរស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងមក ដែលក្រុមរបស់ខ្លួន ​ត្រូវ​វាយ​ជាដំណំ និងត្រូវរងរបួសធ្ងន់ស្រាលជាច្រើននាក់ ដោយក្រុមអ្នកតវ៉ានៅទីនោះ។

ចំពោះបញ្ហានេះ មន្រ្តីសង្គមស៊ីក៏ធ្លាប់លើកជាការព្រួយបារម្ភដែរថា ប្រសិនបើម្ខាងមិនព្រមបញ្ឈប់ នូវអំពើ​ហិង្សា​រៀង​ខ្លួន អាចនឹងមានការសងសឹកគ្នាទៅវិញទៅមក។ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសនៃអង្គការលីការដូ បាន​លើកឡើងថា ក្រុមអ្នកតវ៉ា និងកងសន្តិសុខប្រៀបដូចជាក្របី និងចេកអញ្ចឹងដែលកាលជួបគ្នា តែងតែមានការប៉ះ​ទង្គិចគ្នាជានិច្ច។

លោកបន្តថា អាជ្ញាធរគួរបញ្ឈប់ការប្រើប្រាស់ កងកម្លាំងសន្តិសុខបែបនេះ ដើម្បីធ្វើការបង្រ្កាបតទៅទៀត ហើយ​ក្រុមអ្នកតវ៉ា ក៏គួរតែជម្រុះចោលវប្បធម៌នៃអំពើហិង្សានេះដែរ។ កាលពីមុនក្រុមសន្តិសុខ នៅពេលដែលមានការ​តវ៉ា​គាត់ជាអ្នកបណ្តុះគំនិតក្រុមអ្នកតវ៉ាឱ្យប្រើអំពើហិង្សា ហើយកាលថ្ងៃទី១៥ក្រុមអ្នកតវ៉ាបានយកអ្វី ដែលក្រុម​សន្តិសុខ​ធ្វើ​មកលើខ្លួន ធ្វើទៅលើសន្តិសុខវិញ ដែលធ្វើឱ្យលោកបារម្ភថា ក្រុមទាំងពីនេះអាចនឹងត្រូវប៉ះទង្គិចគ្នាជាបន្តបន្ទាប់ នៅពេលមានការតវ៉ាលើកក្រោយៗ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...