ម៉ុង ឬទ្ធី ពន្យល់ពីតួនាទី និងភារកិច្ចរបស់ឧកញ៉ា
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី ០៣ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 06, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើការធ្វើជាឧញ៉ា មានភារកិច្ចអ្វីខ្លះ? ឆ្លើយតប នឹងសំនួរនេះ លោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ យ៉ាងខ្លីថា៖ «ឧញ៉ា មានភារកិច្ចធ្វើកិច្ចការសង្គម ដូចខ្ញុំអញ្ចឹង»។
ថ្លែងក្នុងឱកាស នៃសន្និសីទតស៊ូមតិថ្នាក់ជាតិមួយ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបានធ្វើឡើង ដើម្បីលើកកម្ពស់ គណនេយ្យភាពសង្គម លើអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ នៅកម្ពុជានោះ លោកសេដ្ឋី ម៉ុង ឬទ្ធី បានថ្លែងពាក់ព័ន្ធ នឹងជម្លោះដីធ្លី ដែលកើតមានកន្លងមក ដែលលោកហៅថា បណ្ដាលមកពីការមិនយោគយល់គ្នា គ្មានការអនុគ្រោះគ្នាទៅវិញទៅមក។ លោកបានបញ្ជាក់ថា ជូនកាលអ្នកទាមទារ បានធ្វើការទាមទារខ្លាំងពេក ខ្លះខ្សោយពេក ចំណែកឯអ្នកមានអំណាចវិញ មិនធ្វើការអនុគ្រោះ ទៅដល់ប្រជាពលរដ្ឋនោះវិញទេ។
ជាបទពិសោធ៍របស់លោក ដែលជាប្រធានក្រុមហ៊ុនម្នាក់ និងដែលបានរួចចំណែក ក្នុងការអភិវឌ្ឍន៍ ដូចអ្នកមានប្រាក់ចំនួនទៀតដែរ លោកបានពន្យល់ថា៖ «អ្នកក្រនៅតាមទីជនបទ មិនដែលត្រូវការឡានទំនើបៗ ផ្ទះវីឡាធំៗពេកនោះទេ។ ពួកគាត់ត្រូវការ តែផ្ទះសមរម្យរស់នៅ មានដីធ្លីសមល្មម មានការងារធ្វើ បើអាចមានកង់ក៏បាន ឬម៉ូតូក៏បាន»។ លោកបាននិយាយទៀតថា ដូច្នេះ បណ្តាអ្នកវិនិយោគធំៗ តោងសិក្សាឲ្យបានច្បាស់ ពីការរស់នៅរបស់អ្នកទាំងនោះ នៅពេលខ្លូនឯងចាប់ផ្តើមអភិវឌ្ឍន៍។
លោកម៉ុង ឬទ្ធី បានថ្លែងឲ្យដឹងទៀតថា ទោះជាលោកមិនសូវមានបុណ្យស័ក្តធំ និងអំណាចខ្លាំងក្លាក៏ដោយ តែលោកជាមនុស្សម្នាក់ ដែលដឹងពីទុក្ខធុរៈអ្នកក្រីក្រច្រើន។ លោកថា លោកមិនបានជួយពលរដ្ឋ ពេញមួយប្រទេសកម្ពុជាទេ តែអ្វីដែលលោកធ្វើ តាមលទ្ធភាព និងសិទ្ធិដែលលោកមាន។ បើនិយាយឲ្យងាយយល់ អ្នកមានប្រាក់រូបនេះ មិនចង់បានពាក្យសម្តីមិនល្អ ពីអ្នកក្រីក្រ នៅពេលលោកអស់ជីវិតនោះទេ លោកចង់ឲ្យកេរ្តិ៍ឈ្មោះ នៅមានយូរអង្វែង។
» ទស្សនាការថ្លែង របស់លោកឧកញ៉ា ម៉ុង ឬទ្ធី ទាំងស្រុង ដូចតទៅ៖
សូមជម្រាបជូនដែរថា លោកតា ឡឹក ម៉ាល់ ដែលជាជនជាតិដើមម្នាក់ មកពីខេត្តមណ្ឌលគិរី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ពលរដ្ឋភាគតិចដូចលោក ត្រូវការការកស៊ីបែបធម្មជាតិ រួមមាន ចូលព្រៃជា ជ័រ បេះដំណាំនៅក្នុងព្រៃ យកទៅលក់ជាដើម។ តែបើព្រៃឈើត្រូវបានកាប់បំផ្លាញ ដោយស្នាដៃក្រុមអ្នកមានប្រាក់ មានអំណាច ហើយក្រុមប្រជាពលរដ្ឋ ដាក់ពាក្យប្តឹងទៅ បែរជាគ្មានដំណោះស្រាយ ពីអាជ្ញាធរមូលដ្ឋាននោះ ពួកគាត់មិនអាចរស់នៅ មានសេចក្តីសុខទេ។
» ទស្សនាការថ្លែង របស់លោក ឡឹក ម៉ាល់ ទាំងស្រុង ដូចតទៅ៖