សង្គម​​ស៊ីវិល​​និង​​ពលរដ្ឋ​​នៅ​​ព្រះ​​វិហារ ស្នើ​​ឲ្យ​​តុលាការ​​លែង​​សកម្មជន​​ពីរ​​នាក់ និង​​ទារិកា​​ម្នាក់

បន្ទាប់ប្រជាសហគមន៍ពោធ៌ទាប បានធ្វើការទាមទារឲ្យមានការដោះលែង សកម្មជនដីធ្លីពីររូបរបស់ពួកគាត់ និង​ទារក​អាយុ​៨ខែម្នាក់ កាលពីម្សិលម៉ិញ នៅថ្ងៃនេះ អង្គការសង្គមស៊ីវិលចំនួនបី បានចេញសេចក្ដីថ្លែងការណ៍ ប្រតិកម្ម​ពី​ករណី​នេះ​ដូច​គ្នា។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៩ មករា ២០១៤
  • កែប្រែចុងក្រោយ: January 20, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាញ​​អង្គការ​​សង្គម​​ស៊ីវិល​នៅ​ខេត្ដ​ព្រះវិហារ ​រួមមាន អង្គការ​ពន្លក​ខ្មែរ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​អូ​ភី​ស៊ី​ស៊ី បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ នៅ​ថ្ងៃ​ទី​២០ ខែ​មករា​នេះ ទាមទារ​​ឲ្យ​​តុលាការ និង​​ស្ថាប័ន​ពាក់ព័ន្ធ​ដោះ​លែង​​សកម្មជន​​ដី​ធ្លី​​ពីរ​​នាក់ និង​​ទារិកា​​ម្នាក់​​ឲ្យ​មាន​​សេរីភាព​​វិញ ដោយ​​ពួក​គេ​​យល់​ថា ​ការ​ឃុំ​ខ្លួន​​នេះ​​មិន​​អនុវត្ដ​​តាម​​នីតិវិធី និង​​ជា​​ការ​រំលោភ​​សិទ្ធិ​មនុស្ស​​ធ្ងន់​ធ្ងរ។​ សេចក្ដី​ថ្លែងការណ៍​ទាម​ទារ​នេះ បាន​កើត​ឡើង​មួយ​ថ្ងៃ បន្ទា​ប់​ពី​រលក​តវ៉ា​របស់​ពលរដ្ឋ មក​ពី​សហគមន៍​ពោធិទាប នៃ​ខេត្ត​ព្រះ​វិហារ បាន​ផ្ទុះ​ឡើង​កាល​ពី​ម្សិល​ម៉ិញ ទាម​ទារ​ឲ្យ​តុលាការ​សាលា​ដំបូង​របស់​ខេត្ត​នេះ ធ្វើការ​ដោះ​លែង​លោក សន វុទ្ធី និង​អ្នកស្រី លឹម ឃីម ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក សន វុទ្ធី រួម​ទាំង​ទារិកា​ដែល​ជា​កូន​របស់​អ្នក​ទាំង​ពីរ​ អាយុ​៨ខែ​ម្នាក់​ផង។

សកម្មជនដីធ្លីទាំងពីរនាក់ ដែលត្រូវបានក្រុមប្រជាសហគមន៍ និងបណ្ដាអង្កការសង្គមស៊ីវិល ធ្វើការ​តវ៉ាឲ្យ​មាន​ការដោះលែងជាបន្ទាន់នេះ ត្រូវបានរដ្ឋបាលព្រៃឈើចាប់ខ្លួន ឲ្យអជ្ញាធរធ្វើការដោះស្រាយនៅថ្ងៃទី ១៣ ខែ​មករា ក្រោយបន្ទាប់ពីអ្នកទាំងពីរ បានទៅចូលរួមជួយតវ៉ាពីបញ្ហាដីធ្លីដែលមានជំលោះ របស់ក្រុមសហគមន៍​ពោធិ៍ទាប កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ កន្លងមក។

លោក ឡោ ចាន់ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំការនៅខេត្តព្រះវិហារ បាន​ថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូឲ្យដឹងថា ប្ដីប្រពន្ធទាំងពីរតែងតែធ្វើការតវ៉ាយ៉ាងសកម្មជាងគេ នៅក្នុង​ស្រុកនោះ និងបានបកអាក្រតរឿងអំពើពុករលួយជាច្រើន របស់មន្ត្រីសុរិយោដីនៅទីនោះ រួមទាំងអជ្ញាធរ​ផ្សេងៗ​ទៀតផងដែរ។ ហើយទំនងជាអាជ្ញាធរមានការគុំគួនទុកមុន ទើបមានការចាប់ខ្លួនលោក សន វុទ្ធី និង​ភរិយាដែលទើបតែសម្រាលកូនខ្ចីដូច្នេះ ដែលសូម្បីតែទារកតូច ក៍ត្រូវពួកគេចាប់យកទៅដាក់ឃុំឃាំងជាមួយ​ម្តាយសសៃខ្ចីនោះដែរ។

សេចក្ដីថ្លែងការណ៍​រួម​ចុះ​ថ្ងៃ​អង្គារ​ទី​២០ ខែ​មករា របស់ក្រុមអង្គការសង្គមស៊ីវិល បាន​ថ្កោលទោសចំពោះ​ការឃុំ​ខ្លួន​ពលរដ្ឋ​មួយ​គ្រួសារ​នេះ​ ដោយ​ចោទថា តុលាការ​អនុវត្ដ​បែប​នេះ​ ដោយសារ​មាន​ការឃុបឃិត​ជាមួយ​មន្ដ្រី​រដ្ឋបាល​ ព្រៃឈើ និង​អាជ្ញាធរ​មួយចំនួន​ទៀត​ ដែល​បាន​ប្រព្រឹត​អំពើ​ពុករលួយ និង​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​ឲ្យមាន​សេរីភាព​ឡើងវិញ ដោយ​គ្មាន​លក្ខខណ្ឌ ។​

តបនឹងការចោទប្រកាន់ខាងលើ ព្រះរាជអាជ្ញា​អម​សាលាដំបូង លោក លី លន់ បានថ្លែងប្រាប់វិទ្យុសម្លេង​ប្រជា​ធិបតេយ្យថា ការឃុំខ្លួន​នេះ​ ដោយមានការ​ចោទប្រកាន់​ពី​បទ​រាន​ដី​រដ្ឋ​ខុសច្បាប់ ។ លោក​ឲ្យអង្គការ​សង្គម​ស៊ីវិល បើ​ចង់​ឲ្យ​ជនជាប់ចោទ​នៅ​ក្រៅ​ឃុំ ត្រូវ​ធ្វើតាម​នីតិវិធី ប៉ុន្ដែខាងតុលការ មិនមានការ​ឃុបឃិត​ជាមួយ​មន្ដ្រី​​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ពាក់ព័ន្ធទេ។ លោក លី លន់ បាននិយាយ​ថា៖ «មិនមែន​ទេ ខាង​អាជ្ញាធរ PJ គាត់​ជា​មន្ត្រី​ជំនាញ​ខាង​ផ្នែក​ព្រៃឈើ អ៊ីចឹង​គាត់​ដឹង​ថា​ព្រៃ​ណា​ជា​ព្រៃ​របស់​រដ្ឋ ព្រៃ​ណា​ជា​ព្រៃរបស់​ក្រុមហ៊ុន ដី​សម្បទាន​របស់​ក្រុមហ៊ុន ។ មុន​នឹង​ចាប់ អាជ្ញាធរ​ស្រុក​ឃុំ គេ​ឆ្លើយ​បំភ្លឺ​សព្វគ្រប់​អស់ហើយ បាន​គេ​ហ៊ាន​ចាប់ មិនមែន​ចេះតែ​ចាប់ៗ​ម៉េច​កើត គាត់​(​សង្គម​ស៊ីវិល​)​ចេះ​តែ​ស្រែក​ធ្វើឲ្យ​ខូច​សណ្តាប់ធ្នាប់​ពេញខេត្ត​។»

ចំណែកលោក ឡោ ចាន់ បានបញ្ជាក់ទៀតថា សមាគមអាដហុក បានទៅសួរសុខទុក្ខសកម្មជនទាំងពីរដែរ ហើយ​បច្ចុប្បន្ន​អ្នកស្រី លឹម ឃីម កំពុងមានអាការៈទាស់សសៃ ដោយគាត់គ្មានអាហារគ្រប់គ្រាន់​សំរាប់​បរិភោគ​នោះ​ទេ។ ចំណែកទារកតូចនោះវិញ ក៍កំពុងប្រឈម និងការគ្មានទឹកដោះបៅដែរ។ មន្ត្រីឃ្លាំមើលសិទ្ធិ​មនុស្ស​ដដែល បានបញ្ជាក់ទៀតថា សមាគមកំពុងតែរៀបចំយុទ្ធសាស្ត្រដើម្បីជួយដោះស្រាយបញ្ហានេះ ដោយ​បញ្ជូន​មេធាវី ទៅចរចារស្នើរសុំពួកគាត់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីធ្វើការត្រូតពិនិត្យ​ករណី​នេះ​តាមប្រព័ន្ធ​តុលាការ និងបញ្ជូនអ្នកសើបអង្គេត ទៅអង្គេតពាក់ព័ន្ធនឹងអំពើពុករលួយ ដែលថាអាជ្ញាធរ​បាន​យកលុយ ៨០០​ដុល្លា ពីប្រជាពលរដ្ឋដើម្បីធ្វើប្លង់ដីកម្មសិទ្ធឲ្យពួកគាត់ នាពេលកន្លងមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...