ម្តាយចុងចិត្តកំណាច វាយបំបាក់ជើងកូនប្រុសអាយុពីរខួបកន្លះ
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៩ មករា ២០១៥
- កែប្រែចុងក្រោយ: January 20, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អស់ជាង ១០ថ្ងៃកន្លងមកហើយ ដែលកុមារា សំណាង ត្រូវបានម្តាយចុងចិត្តអប្រិយ បានវាយបំបាក់ជើងខាងឆ្វេង និងបន្ទាប់មក ត្រូវបានឪពុករបស់ខ្លួននាំយកមកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា។ ប៉ុន្តែគេនៅមិនទាន់ដឹងថា អាចជាសះស្បើយដូចសភាពដើម ឬអត់នៅឡើយទេ។ ក្នុងសភាពត្រូវព្យូជើងទំាងពីរឡើងលើ ដើម្បីតភ្ជាប់ឆ្អឹងដែលបាក់នោះ កុមារ សំណាង ត្រូវគេងស្ងៀមនៅលើគ្រែ ពិបាកទាំងការហូបចុក ការដេកពួនក៏មិនស្រួល ទាំងបន្ទោបង់ក៍ពិបាក។ ប៉ុន្តែរឿងដែលគួរឲ្យសរសើនោះ សំណាង មិនមានយំស្រែកឲ្យឪពុករបស់ខ្លួនលំបាកឡើយ ទោះជាខ្លួនទទួលភាពឈឺចាប់យ៉ាងណាក៏ដោយ។
សម្រាប់លោក ហេល ហេង ដែលជាឪពុករបស់កុមារាបានប្រាប់ទស្សនាដ្តីមនោម្យ.អាំងហ្វូថា មូលហេតុដែលបណ្តាលឲ្យកូនរបស់គាត់បាក់ជើងគឺមកពី សំណាង បានប្រលែងរត់លេងជាមួយបងប្អូនរបស់គេ ហើយខណៈពេលដែលរត់នោះ ត្រូវផុងនឹងរនាបធ្លុះ ធ្លាក់ជើងមកក្រោម ដែលនាំឲ្យគេរលាត់ជើងខាងស្តាំ និងបាក់ចំភ្លៅខាងឆ្វេងដូច្នេះ។
ប៉ុន្តែអ្វីដែលជាការលើកឡើង របស់លោក ហេល ហេង ខាងលើនេះ ជាការមិនពិតឡើយ ព្រោះលោកមានចេតនាចង់លាក់បាំងរឿង ដែលប្រពន្ធចុងរបស់ខ្លួនបានវាយមកលើកុមារា សំណាង និងដោយសារតែលោក ហេល ហេង មិនចង់មានរឿងច្រើន នៅក្នុងគ្រួសាររបស់លោក។ នេះ បើតាមអះអាងផ្ទុយមកវិញ របស់លោក សែម ជឿន សប្បុរសជនដែលជួយផ្តល់ជាថវិការ និងកំពុងស្វែងរកជំនួយបន្ថែមសំរាប់កុមានេះ ក្នុងការសម្រាកព្យាបាលជំងឺ។
លោក សែម ជឿន បានរៀបរាប់ថា ថ្ងៃដំបូងដែលកុមារា សំណាង មកដល់ពេទ្យ លោកបានជួយផ្តល់ជាថវិការ និងជួយរៃអង្គាស់ប្រាក់ ពីអ្នកមកថែជំងឺក្មេងដូចគ្នា នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានោះ ដើម្បីជួយឧបត្ថម្ភ ព្រោះលោក ហេល ហេង គ្មានប្រាក់សូម្បីតែ ១០០រៀល នៅក្នុងហោប៉ៅរបស់គាត់នោះទេ ទើបអ្នកជិតខាងគេអាណិតនាំគ្នាជួយគាត់។ ហើយឆ្លៀតពេលនោះ លោក សែម ជឿន បានជជីកសួរពីហេតុដែលបណ្តាលឲ្យក្មេងបាក់ជើងដូច្នេះ ទៅលោកហេល ហេង។
ភ្លាមៗ ឪពុកក្មេងនេះហាក់ដូចមានការរអៀសពិបាកនឹងប្រាប់ដែរ តែដោយមានការទើសទាល់ ក៍ប្រាប់ពីការពិតតែម្តងថា សំណាង កូនប្រុសរបស់គាត់ ត្រូវបានប្រពន្ធចុងរបស់លោក វាយដល់បាក់ជើង ខណៈដែលគាត់ទៅធ្វើការសំណង់។ នៅពេលដែលបុរសជាឪពុករូបនេះ បានវិលត្រឡប់មកពីធ្វើសំណង់វិញ ក៍ស្រាប់តែឃើញកូនរបស់ខ្លួនបាក់ជើងទៅហើយ។ លោកថា ស្ត្រីជាប្រពន្ធចុងបានប្រាប់ម្តាយបង្កើត ឲ្យជួយលាក់ពីរឿងនេះថា កូនរត់ប្រលែងគ្នាលេង ដួលបាក់ជើងដោយខ្លួនឯង។ ទោះបីជាស្ត្រីជាម្តាយចុង ខំប្រឹងរួមគំនិតជាមួយម្តាយបង្កើត កុហកយ៉ាងណា ក៍លាក់រឿងមិនជិតនោះដែរ។ លោក ហេល ហេង បានដឹងពីដំណើរដើមទងនេះច្បាស់ តែមិនបានរករឿងអ្វីនឹងប្រពន្ធនោះទេ ហើយលោកក៍បានប្រញាប់ប្រញាល់ យកកូនមកពេទ្យតែម្តង។
បើតាមលោក ហេល ហេង បានឲ្យដឹងថា គ្រូពេទ្យនៅមិនទាន់អាចបញ្ជាក់ថា កូនរបស់គាត់ត្រូវវៈកាត់ជើងចេញ ឬយ៉ាងណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា សភាពរបួសរបស់កូនរបស់លោក ត្រូវចាំមើលរយៈពេលមួយខែទៀតសិន ហើយប្រសិនបើឆ្អឹងជើងរបស់កុមារ មិនតភ្ជាប់បានដោយខ្លួនឯងនោះទេ គេនឹងត្រូវវៈកាត់កាត់ជើងចេញ។ រីឯលោក សែម ជឿន បានបញ្ជាក់ទៀតថា រហូតមកដល់បច្ចុប្បន្ន លោកបានដើររៃអង្គាសពីសម្បុរសធម៌មួយចំនួន ហើយទទួលបានថវិការបានច្រើនគួសមដែរ ហើយលោកនឹងនាំយកជំនួយទាំងនេះ ទៅផ្តល់ជូនជនឪពុករងគ្រោះក្នុងថ្ងៃនេះ។
រហូតមកដល់ពេលនេះ គេនៅមិនដឹងថា តើម្ដាយចុងចិត្តអប្រិយ នឹងត្រូវរងចំណាត់ការពីអាជ្ញាធរមូលដ្ឋាន និងពីសំណាញ់ច្បាប់ ឬយ៉ាងណានៅឡើយ៕
កុមាររងគ្រោះ និងឪពុកកំពុងគេងកំដរ។ (រូបថតហ្វេសប៊ុក)