នៅជាមួយសពម្ដាយតាំងពី៥ថ្ងៃ ព្រោះស្មានតែ«គេងលក់»
- ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មករា ២០១៥
- កែប្រែចុងក្រោយ: January 16, 2015
- ប្រធានបទ: រន្ធត់ចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពអនិច្ចា និងភាពខ្លោចផ្សារ ចេះតែកើតមាន ដរាបណាមានជីវិត។ កុមារមួយរូប បានរស់នៅជិតសពម្ដាយរបស់ខ្លួន តាំងពី៥ថ្ងៃកន្លងមក ដោយសារកុមារបានគិតស្មានថា ម្ដាយរបស់ខ្លួនកំពុងតែគេងលក់។ កាសែតបារាំង La Voix du Nord បានសរសេរឲ្យដឹងថា គឺអ្នកគ្រូរបស់ក្មេងប្រុសតូចនេះ ដែលបានរាយការណ៍ប្រាប់នគរបាល ឲ្យចុះជួយទៅរកមើលកុមារ ដោយហេតុថា នាងបានបារម្ភនឹងអវត្តមានរបស់សិស្សខ្លួន ក្នុងរយៈពេលយូរដូច្នេះ។
នៅថ្ងៃចន្ទសប្ដាហ៍នេះ នគរបាលនិងក្រុមអ្នកជួយសង្គ្រោះបារាំង បានមកដល់គេហដ្ឋានរបស់កុមារ ហើយបានរកឃើញសាកសពរបស់ម្ដាយ អាយុ៣៨ឆ្នាំ ស្លាប់ក្នុងថ្លុកឈាម នៅក្នុងសង្កាត់មួយនៃក្រុង អាម៉ង់ទីជែ ស្ថិតក្នុងភាគខាងជើងនៃប្រទេសបារាំង ជាប់នឹងព្រំដែនជាមួយប្រទេសប៊ែលហ្សិក។ ពួកគេក៏បានសម្ដែងការរន្ធត់ជាខ្លាំងដែរ ដែលបានរកឃើញកុមារដែលជាកូនប្រុសរបស់សាកសព អាយុប្រមាណជា៦ឆ្នាំ បានរស់នៅជិតរូបរាងគ្មានជីវិតរបស់ម្ដាយខ្លួន តាំងពីប្រាំថ្ងៃមកហើយ ដោយរកទទួលទានតែជាមួយនំក្រៀម និងទឹកម៉ាស៊ីន។
គ្រួសារមួយយកទៅចិញ្ចឹមជាបណ្ដោះអាសន្ន...
សុខភាពរបស់កុមារ ត្រូវបានអ្នកជួយសង្គ្រោះវាយតម្លៃថា មានលក្ខណៈល្អប្រសើរនៅឡើយ។ កុមារត្រូវបានក្រុមគាំពារសង្គមប្រចាំតំបន់ យកទៅថែរក្សា ហើយបន្ទាប់មកត្រូវបានគ្រួសារមួយ ទទួលយកទៅនៅជាមួយ ជាបណ្ដោះអាសន្ន។ ចំពោះមរណៈភាពរបស់ម្ដាយកុមារ នៅមិនទាន់ត្រូវបានអាជ្ញាធររកឃើញមូលហេតុនៅឡើយ។ ការធ្វើកោសល្យវិច្ច័យទៅលើសាកសព បានប្រព្រឹត្តិទៅ កាលពីថ្ងៃពុធ ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់។ គេគ្រាន់តែដឹងថា ស្ត្រីជាម្ដាយនេះគ្មានការងារធ្វើ ហើយបានរស់នៅតែឯង ជាមួយនឹងកូនប្រុសម្នាក់នេះ៕