ភរិយា កែម ឡី៖ «ម្ចាស់ស្វាយ ទៅចោលស្វាយ»
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 19, 2017
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនគ្រាន់តែជា «ទុក្ខស្ត្រីប្ដីព្រាត់» ប៉ុណ្ណោះទេ តែសម្រាប់អ្នកស្រី ប៊ូ រចនា វាជាការព្រាត់ទៅ ដោយមិនវិលត្រឡប់ ព្រាត់ទៅទាំងអស់ ទាំងផ្ទះសម្បែង ទាំងអ្វីៗ បើសូម្បីអនុស្សាវរីយ៍ចាស់ថ្មី ដែលអ្នកស្រី និងស្វាមី លោក កែម ឡី ធ្លាប់បានសាងរាប់សិបខែឆ្នាំរួមគ្នា កន្លងមកនោះក៏ដោយ។ ឃាតកម្មបាញ់សម្លាប់លោក កែម ឡី បានកន្លងទៅ ជាង១០ខែទៅហើយ ហើយតុលាការកម្ពុជាបានកាត់ក្ដី ឲ្យជនសង្ស័យម្នាក់ ឈ្មោះ «ជួប សម្លាប់» ឲ្យជាប់ពន្ធនាគារ អស់មួយជីវិតនោះ រួចហើយដែរ តែអ្នកស្រីនៅបន្តដង្ហោយរកយុត្តិធម៌ ជាបន្តទៀតសម្រាប់គ្រួសារអ្នកស្រី៖ «អយុត្តិធម៌ណាស់ សម្រាប់ខ្ញុំនិងកូនៗ»។
ឃ្លាដ៏ខ្លីខាងលើ ជាដំណកស្រង់ពីអារម្មណ៍ របស់អ្នកស្រី ប៊ូ រចនា ដែលមានកូនប្រាំនាក់ នៅក្នុងបន្ទុក និងកំពុងរស់នៅភៀសខ្លួន ពីមាតុប្រទេសរបស់ខ្លួន បន្ទាប់ពីអំពើឧក្រិដ្ឋដ៏ព្រៃផ្សៃ និងផ្អើលអស់លោកី ធ្វើទៅលើស្វាមីអ្នកស្រី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំកន្លងទៅ នៅកណ្ដាលបេះដូង នៃរាជធានី របស់ព្រះរាជាណាចក្រ។
សំណេរនេះ ត្រូវបានអ្នកស្រីសរសេរ តបទៅនឹងរូបថតមួយសន្លឹក របស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានថតយកទិដ្ឋភាព ដើម និងផ្លែស្វាយ ដាំដោយលោក កែម ឡី មកបង្ហោះផ្សាយកាលពីប៉ុន្មានថ្ងៃមុន ជាមួយពាក្យពេជន៍អង្រួនឡើងវិញ ពីអនុស្សាវរីយ៍របស់ម្ចាស់ស្វាយដូច្នេះថា៖ «ចង់ញាំស្វាយ របស់លោកបណ្ឌិត កែម ឡី ដាំនេះទេ? (...) ដើមស្វាយទាំងនេះ គឺលោកបណ្ឌិត កែម ឡី ដាំដោយផ្ទាល់ដៃណាពុកម៉ែបងប្អូន ផ្លែវាធំៗល្អៗណាស់។»។
តើមានមនុស្ស«បេះដូងជាមនុស្ស»ណាម្នាក់ ដែលអាចទទួលយកបាន? ដាំដើមស្វាយ នៅលើដីរបស់ខ្លួនរួច បើសូម្បីតែបាននៅជិតដើមស្វាយ ដែលខ្លួន និងគ្រួសារបានដាំ ក៏មិនបានដែរនោះ? ភរិយាម្ចាស់ស្វាយ ដែលបាននាំកូនៗទាំងអស់ ភៀសខ្លួនចេញពីប្រទេសកម្ពុជា នៅចុងខែសីហា ឆ្នាំ២០១៦នោះ បានឆ្លើយថា៖ «ស្វាយនៅបន្តផ្លែរហូត តែម្ចាស់ស្វាយ[ទៅវិញទេ] បែរជាទៅចោលស្វាយ ទៅចោលផ្ទះ ទៅចោលប្រពន្ធកូន ដែលខំរកប្រាក់មកសាងសង់ ទំរាំបានជាផ្ទះមួយខ្នងនេះ គឺទាំងប្តីទាំងប្រពន្ធខំណាស់»។
ក្ដីសង្ឃឹម ដែលអ្នកស្រី និងលោក កែម ឡី បានត្រៀមបម្រុងទុក សម្រាប់ជីវិតទៅអនាគត ជាពិសេសសម្រាប់កូនៗ ក៏ត្រូវបានរលាយបាត់អស់ដែរ។ ក្ដីសង្ឃឹម ដែលគ្រាន់តែចង់រស់នៅ ឯស្រុកស្រែចំការ នៅពេលដែលអ្នកទាំងពីរ ឈានដល់បច្ឆិមវ័យ។ អ្នកស្រី ប៊ូ រចនា បានរៀបរាប់បន្តថា៖ «ហើយសង្ឃឹមថា នៅពេលចាស់តិចទៀត នាំគ្នាទៅរស់នៅផ្ទះឯស្រែ។ តែអ្វីដែរយើងទាំងពីនាក់ បានជជែកគ្នានោះ វារលាយអស់ទៅហើយ។»។
ភរិយាមេម៉ាយបានបញ្ចប់ឃ្លា ដែលគួរឲ្យស្រក់ទឹកភ្នែកថា៖ «[នៅពេលនេះ] គឺមានតែផ្នូរប្តី[តែប៉ុណ្ណោះ] ដែលនៅចាំផ្ទះម្នាក់ឯង។ រីឯប្រពន្ធកូន មិនអាចទៅមើលថែរផ្នូរប្តី និងផ្នូរប៉ាបាន សូម្បីតែផ្ទះខ្លួនឯង ក៏មិនអាចទៅរស់នៅបានដែរ ដោយសារតែ (...)។»។
«អយុត្តិធម៌ណាស់ សម្រាប់ខ្ញុំនិងកូនៗ»៕