ខឹម វាសនា ព្រមាន​ចាត់​វិធានការ​ប្រឆាំង​វិទ្យុ «VOD»

លោក ខឹម វាសនា នៅរសៀលថ្ងៃនេះ បានព្រមានវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ថា«រឿង» នឹងមិនចប់ដាច់ខាត ក្នុងលក្ខខណ្ឌទាមទារមួយ ដែលប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ តម្រូវឲ្យស្ថាប័នផ្សព្វផ្សាយ សរសេរទទួលស្កាល់ថា «ខ្លួនបានចុះផ្សាយខុស»។
ខឹម វាសនា ព្រមាន​ចាត់​វិធានការ​ប្រឆាំង​វិទ្យុ «VOD»
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅខ្លួនឯងថា «បក្សជួង»។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 04, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីក្រុមអ្នកប្រើប្រាស់​បណ្ដាញសង្គម ដែលនិយាយ ពីការលើកដៃ របស់លោក ខឹម វាសនា គាំទ្រច្បាប់ស្ដីពីសន្ធិសញ្ញាបំពេញបន្ថែម ក្នុងរដ្ឋសភា កាលពីឆ្នាំ២០០៥នោះ នៅថ្ងៃនេះ លោក«ប្រមុខបក្សជួង» បានងាកទៅព្រមាន ចាត់វិធានការ​ប្រឆាំងប្រព័ន្ធផ្សព្វផ្សាយម្ដង។ ប្រព័ន្ធផ្សព្វផ្សាយមុនគេ ដែលអាចរងគ្រោះ ទល់នឹង​ចំណាត់ការ​នោះ គឺវិទ្យុសម្លេងប្រជាធិបតេយ្យ ហៅកាត់ «VOD» ដែលមានលោក ប៉ា ងួនទៀង ជានាយកការផ្សាយ។

ការព្រមាននោះ ក៏មិនមែនធ្វើឡើងសម្រាប់តែ ការចេញផ្សាយមួយលើក ឬក្នុងថ្ងៃនេះ របស់វិទ្យុសម្លេង «VOD» នោះដែរ តែទំនងជាគំនុំ ដែលកើតមាន នៅក្នុងចិត្តរបស់លោក ខឹម វាសនា ជាយូរមកហើយ។ លោក«ប្រមុខ» បានសរសេរឡើងថា៖ «យើងអត់អោនឲ្យអ្នកយូរពេក និងច្រើនហួសពេកហើយ កន្លងមកនេះ»។

ប្រធានគណបក្ស«ជួង» បានសរសេរព្រមានដូច្នេះ នៅប៉ុន្មានម៉ោង​មុននេះ នៅលើគណនេយ្យ​ហ្វេសប៊ុក​របស់​លោក បន្ទាប់​ពីការចុះផ្សាយមួយ របស់ស្ថាប័នព័ត៌មាននេះ ដែលមានចំណងជើងថា "លោក ខឹម វាសនា អះអាងថាប្តឹងតែអ្នក «លាបពណ៌មួលបង្កាច់»" និងដែលធ្វើឡើង ក្រោយលិខិតទាមទារ របស់គណបក្ស«ជួង» ស្នើសុំឲ្យកែតម្រូវព័ត៌មានចុះផ្សាយមុន ដែលគណបក្សនេះចាត់ទុកថា ជាព័ត៌មានមិនពិត។

លោក ខឹម វាសនា បានហៅអត្ថបទ ដែលចេញផ្សាយ កាលពីព្រឹកម៉ិញ ថាមាន«ចេតនាច្បាស់ណាស់» មិនទទួលកំហុស។ លោក«ប្រមុខទ័ពជួង» បានសរសេរថា៖ «កុំព្យាយាមគេចវេស ឲ្យសោះ។​ បើយើងយល់ថា ត្រូវហើយ បានធ្វើ​ កុំខ្លាច នឹងការពារអំពើត្រឹមត្រូវ​របស់ខ្លួន​ ហើយបើខុស ឲ្យដឹងខុស​ កុំរកសីុបែបបន្លំ មិនឲ្យគេយល់បានថា ខ្លួនបានធ្វើខុសអីចឹង​។​ ប្រាប់ឲ្យច្បាស់ថា មិនចប់រឿងទេ​ បើមិនសរសេរឲ្យស្រួលបួល ថាខ្លួនបានចុះផ្សាយខុស​ ហើយសូមកែតម្រូវទេ​ នោះរឿងមិនចប់ដាច់ខាត។​»។

នៅក្នុងអត្ថបទនោះ អ្នកសារព័ត៌មានឈ្មោះ «អុឹង ប៊ុនថន​​» បានសរសេរនៅវាក្យខណ្ឌដំបូងថា៖ «លោក ខឹម វាសនា អះអាងថា ខ្លួនប្តឹងតែអ្នក ដែលគាត់ចោទថា "លាបពណ៌មួលបង្កាច់" គឺមិនប្តឹង "អ្នករិះគន់" ដូចអ្វីដែលព័ត៌មានចុះផ្សាយ នោះទេ។ នេះ ជាការឆ្លើយតបក្នុងលិខិតមួយ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅថ្ងៃអង្គារនេះ បន្ទាប់ពី VOD បានផ្សាយអត្ថបទមួយ កាលពីថ្ងៃចន្ទ ក្រោមចំណងជើងថា "លោក ​ខឹម វាសនា បើកយុទ្ធនាការទ្រង់ទ្រាយធំ ប្តឹងអ្នករិះគន់"។»។

លិខិតស្នើសុំកែតម្រូវ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបង្ហោះនៅលើបណ្ដាញសង្គម មានសរសេរប្រដៅអ្នកសារព័ត៌មាន ឲ្យ«ធ្វើការបែងចែក ឲ្យបានច្បាស់លាស់ រវាងពាក្យថា "រិះគន់" និង"លាភពណ៌មួលបង្កាច់"»។ លិខិតនោះបានបញ្ជាក់ទៀតថា គណបក្ស«ជួង» នឹងមិនប្តឹងអ្នករិះគន់ឡើយ ព្រោះវាជា«សិទ្ធិបញ្ចេញមតិ ដែល​ត្រូវបានធានាដោយច្បាប់» ប៉ុន្តែការលាបពណ៌មួលបង្កាច់ ត្រូវបានគណបក្សនេះសរសេរថា ជា«បទល្មើស ដែលច្បាប់បានហាមឃាត់»។

សាកសួរសុំប្រតិកម្មនៅមុននេះ តាមរយៈទូរសារ ក្នុងបណ្ដាញសង្គម លោក ប៉ា ងួនទៀង នាយកវិទ្យុ «VOD» បានថ្លែងឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងយ៉ាងខ្លីថា លោកមិនចាប់អារម្មណ៍ឡើយ ទៅនឹងការព្រមានខាងលើ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងប្រធានគណបក្សនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...