សម្ភាសពលរដ្ឋ៖ ឃើញតែដោះស្រាយបណ្តឹង តែគ្មានលទ្ធផល (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 30, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ពាក្យបណ្តឹងមានជាហូរហែរ ឯការដោះស្រាយបានត្រឹមតែម៉ាដោះស្រាយ!» នេះជាកិច្ចសម្ភាសរបស់លោកតា ឡោ ឈាន ជាមួយអ្នកសារព័ត៌មាននៅមុខ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ ខែឧសភា ២០១៤ បង្ហាញពី«ទុក្ខ» ព្រោះអំពើពុករលួយ នាំឲ្យមានការបំផ្លាញធនធានធម្មជាតិ និងសម្បត្តិរដ្ឋនាពេលកន្លងមក រហូតបច្ចុប្បន្ន។ សូមតាមដាននូវកិច្ចសម្ភាសជាមួយលោកតា ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូដូចតទៅ។
លោកតា ឡោ ឈាន អាយុ ៦៦ឆ្នាំ មកពីខេត្តកំពត។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិពលរដ្ឋ - ក្នុងវ័យចំណាស់ លោកតា ឡោ ឈាន អាយុ ៦៦ឆ្នាំ មកពីខេត្តកំពត បានធ្វើការប្រមូលផ្តុំប្រជាពលរដ្ឋជាច្រើនខេត្ត ដើម្បីធ្វើការតស៊ូមតិ និងចូលរួមក្នុងការការពារធនធានធម្មជាតិ និងសម្បត្តិរដ្ឋនានា ដែលបាននឹងកំពុងប្រឈមជាមួយភាព«ហិនហោច» ដោយគ្មានវិធានការទប់ស្កាត់ពីអាជ្ញាធរ ឬរដ្ឋាភិបាលនោះ។
នាព្រឹកថ្ងៃតី២៩ ខែឧសភា ម្សិលម៉ិញនេះ លោកតាបានបន្តថា ប្រជាពលរដ្ឋមកពីសហគមនេសាទទាំងប្រៃ ទឹកសាប និងសហគមន៍ដីធ្លីជាច្រើនទៀត បានមកប្រមូលផ្តុំគ្នា ដើម្បីជូនជាការជូនដំណឹងទៅកាន់រដ្ឋាភិបាល ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយបានដឹង និងជួយដោះស្រាយឲ្យមាន«យុត្តិធម៌»ទៅតាមផ្លូវច្បាប់។
ជាមួយគ្នានេះ លោកតាបានធ្វើការរំលឹកថា ទាំងពាក្យបណ្តឹង ទាំងញាតិរបស់ប្រជាពលរដ្ឋ បានធ្វើជាហូហែរយូមកហើយ តែរាល់ពាក្យបណ្តឹងនិងញត្តិទាំងនោះ បានត្រឹមតែដោះស្រាយទេ តែហាក់ដូចជាគ្មានប្រសិទ្ធិភាព ឬលទ្ធផលឡើយ។
ពលរដ្ឋវ័យចំណាស់ បានបន្តថា ការជួបជុំគ្នារបស់សហគមន៍នានា របស់ប្រជាពលរដ្ឋនាពេលនេះ ព្រោះតែមិនទាន់អស់នូវទុក្ខកង្វល់ ដោយកន្លងមកបានតាំងចិត្តថា ថ្ងៃណាមួយ នឹងមកជួមជុំគ្នាដល់កន្លែង ដើម្បីបង្ហាញពីទុក្ខកង្វល់រៀងៗខ្លួន។ «យើងធ្វើនេះមិនមានគោលបំណង បំរើឲ្យគណបក្សនយោបាយណាមួយទេ។ យើងធ្វើនេះ ដើម្បីប្រយោជន៍ប្រជាជន ដើម្បីប្រយោជន៍រួមទាំងអស់គ្នា។»
លោកតា ឡោ ឈាន បានពន្យល់ទៀតថា៖ «បាត់បង់ដែននេសាទទឹកសាប ក៏ដូចជាទឹកប្រៃ បាត់បង់ធនធានធម្មជាតិ បាត់បង់ព្រៃឈើ និងការបណ្តេញចេញជាដើម។ (...) ឥឡូវ(ប្រជាពលរដ្ឋ)ដឹងស្ទើរទូទាំងប្រទេសហើយ ការបំផ្លាញព្រៃឈើ ដូចជាព្រៃឡង់ និងមានច្រើនទៀតដែលមិនអាចបញ្ជាក់ជូនបាន។ (...) អ្វីដែលយើងចង់បានគឺ មុននឹងធ្វើការចាប់ចងប្រជាជនណាដែលប្រព្រឹត្តិអ្វីខុស ឲ្យតាមដានឲ្យពិតប្រាកដសិន។ (...) កុំដែលចាប់គ្នាមកសួរចំលើយ និងឃុំឃាំងគ្នាមួយខែ ពីរខែ ហើយបានលែងវិញនោះ។»
ក្នុងក្តីសង្ឃឹមថា រដ្ឋាភិបាល ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ នឹងធ្វើការដោះស្រាយសម្រាប់ប្រជាពលរដ្ឋទាំងអស់ បុរសវ័យចំណាស់ បានបញ្ចប់កិច្ចសម្ភាស ដោយឃ្លាព្រមានថា៖ «បើសិនណាយើងធ្វើប៉ុននឹងហើយ គាត់នៅតែមិនដោះស្រាយឲ្យ ថ្ងៃក្រោយយើងនឹងធ្វើទៀត អានឹងសូមជំរាបជូនអញ្ចឹង។ ថ្ងៃនេះ យើងធ្វើសុំសន្តិភាពទាំងអស់គ្នា យើងធ្វើមិនមែនចង់ឈ្នះចង់ចាញ់ទេ។»៕
សូមទស្សនាវីដេអូ ពីកិច្ចសម្ភាសនេះ ដូចតទៅ៖