ក្រុងញ៉ូយកចង់ហាមការស្រាតបង្ហាញសុដន់ នៅតាមផ្លូវ!
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៤ សីហា ២០១៥
- កែប្រែចុងក្រោយ: August 25, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីទាំងអស់នេះ បានដើរពាសពេញផ្លូវថ្នល់ នៅក្នុងសង្កាត់ «Times Square» ដ៏ល្បីនៃទីក្រុងញ៉ូយក។ បញ្ហានៅត្រង់ថា ពួកនាងមិនមានពាក់អាវ នៅល្វែងលើទេ ដោយទុកដងខ្លួន ត្រូវបានបិតបាំងដោយខោស្លីបខ្លីមួយ និងគំនូរជាប់សាច់ នៅលើដងខ្លួន។ ពួកនាងបានថតរូប ជាមួយក្រុមអ្នកទេសចរណ៍ ជាថ្នូរនឹងប្រាក់ទ្រនាប់ដៃបន្តិចបន្តួច។
ប៉ុន្តែទង្វើនេះ មិនបានធ្វើសាលាក្រុង ញ៉ូយក សប្បាយចិត្តនោះទេ ជាពិសេសនៅ ចំពោះការជំរិតទាមទារប្រាក់ ពីអ្នកទេសចរណ៍។ អាជ្ញាធរចង់ធ្វើការហាមប្រាម មិនឲ្យប្រព្រឹត្តិទង្វើ ព្រលែងខ្លួន បង្ហាញដើមទ្រូងដូច្នេះ នៅតាមដងផ្លូវ តែការហាមឃាត់នេះ មិនអាចទៅរួច ដោយសារតែមាន«អធម្មនុញ្ញភាព» ជាមួយច្បាប់កំពូលរបស់អាមេរិក។
លោក Robert John Burck ដែលជាបុរសម្នាក់ តែងលេងហ្គីតា ច្រៀង និងស្លៀកតែខោស្លីបមួយនឹងខ្លួន នៅលើទីលាន«Times Square»នោះ បាននិយាយថា៖ «ឥឡូវនេះ សម្បូរស្ត្រីព្រលែងដោះ នៅកណ្ដាលវាលច្រើនណាស់ រហូតធ្វើឲ្យយើងលែងដឹងថា មានចំនួនប៉ុន្មាននាក់ហើយ»។
បើទោះបីជាពួកនាងៗទាំងនេះ បានគូររូបទង់ជាតិអាមេរិក បង្ហញពីទឹកចិត្តស្នេហាជាតិ និងមួយផ្នែកទៀត អះអាងពីសិទ្ធិស្ត្រី ក្នុងការដោះអាវ ដូចបុរសដែរនោះ ប៉ុន្តែពួកនាងបានធ្វើ ឲ្យបណ្ដាជនអាមេរិក ក្ដៅក្រហាយទៅវិញ។ ជាពិសេសស្ត្រីអាមេរិកាំង ជាម្ដាយផ្សេងទៀត បានហៅកូនៗតូចៗរបស់ពួកនាង មិនឲ្យដើរលេង នៅក្នុងតំបន់នោះទៀតទេ បន្ទាប់ពីស្ត្រីដោះអាវ មានចំនួនកាន់តែច្រើនឡើង ក្នុងរដូវក្ដៅឆ្នាំនេះ។
វាមិនជាស្រួលប៉ុន្មានទេ ក្នុងការបណ្ដេញពួកនាងចេញ ព្រោះច្បាប់អាមេរិក ជាពិសេសច្បាប់ នៅក្នុងរដ្ឋញ៉ូយកនេះតែម្ដង បានអនុញ្ញាតឲ្យស្ត្រី មានសិទ្ធិដើរព្រលែងដើមទ្រូង នៅកណ្ដាលវាលបាន រាប់ចាប់តាំងពីឆ្នាំ១៩៩២មក។
តំណាងរាស្ត្រមួយរូប មកពីគណបក្សប្រជាធិបតេយ្យ លោក Daniel Garodnick បានថ្លែងប្រាប់សារព័ត៌មាន «New York Daily News» ថា៖ «យើងត្រូវបានត្រិះរិះ ធ្វើយ៉ាងណាដើម្បីរៀបចំ ទីលាន Times Square នៅជានិមិត្តរូបនៃសិទ្ធិសេរីភាព ដោយទុកឲ្យក្រុមអ្នកទេសចរណ៍ អាចមកកាន់ទីនេះ ដោយគ្មានការរំខាន»៕