ពីរ​គីឡូ​ដី​ជុំ​វិញ​ពន្ធ​នាគារ​ព្រៃ​សរ ពលរដ្ឋ​រអ៊ូ​ពី​ប្រព័ន្ធ​ទូរស័ព្ទ ថា​ត្រូវ​បាន​កាត់​ផ្តាច់

ប្រជាពលរដ្ឋស្ថិតក្នុងភូមិចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការត្អូញត្អែរ ពីការកាត់ផ្តាច់ប្រព័ន្ធទូរស័ព្ទ ដោយរដ្ឋាភិបាល ក្នុងរង្វង់ប្រមាណ ពីរគីឡូដីជុំវិញ ពន្ធនាគារព្រៃសរ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៩ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 12, 2015
  • ប្រធានបទ: ទូរស័ព្ទ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋលក់គ្រឿងទេសម្នាក់ នៅជិតពន្ធនាគារព្រៃសរ ដែលស្ថិតក្នុងភូមិចក សង្កាត់ព្រៃវែង បានបង្ហាញ ការពីការ លំបាករបស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ក្នុងការប្រើប្រាស់ នូវប្រព័ន្ធទំនាក់ទំនងតាមទូរស័ព្ទ ដែលមិនអាច​ផ្តល់​ព័ត៌មាន ឲ្យគ្នាទៅវិញទៅមក ស្វែងរកជំនួយ ឬផ្តល់ព័ត៌មាន ទៅណាមកណា ឬរកគ្រូពេទ្យបានឡើយ។ ពិសេសពេល​យប់ព្រលប់ ដែលមានរឿងហើយ មិនអាចធ្វើការ ហៅទូរស័ព្ទចេញ ទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យជួយបានទាន់​ពេល​វេលា។

ថ្លែងក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ពលរដ្ឋរូបនេះ បានរឿបរាប់ថា៖ «ខ្ញុំជាអាជីវករ ឥវ៉ាន់លក់ដូ ត្រូវការហៅតាម​ទូរស័ព្ទ ដើម្បីហៅទំនិញចូល។ មានការខាតបង់ពេលវេលា លុយកាក់ច្រើនណាស់ ព្រោះឥវ៉ាន់ដែលត្រូវហៅ គេឲ្យ​យក​មកឲ្យ ត្រូវ​ឡើងទៅយកខ្លួនឯងវិញ។ (…) ចាប់ពីដើមខែមករា ឆ្នាំ២០១៥នេះ មកទូរស័ព្ទ ក៏ហៅមិនចេញ ឯសេវាក៏​គ្មាន។»

អាជីវករដដែល បានបន្តថា ប្រភពដែលផ្តើម ឲ្យបិទប្រព័ន្ធទូរស័ព្ទ មិនអាចទំនាក់ទំនងក្នុងការរកស៊ី ការរស់នៅរបស់​ប្រជាពលរដ្ឋ ក្នុងសង្កាត់នេះ ត្រូវបានបង្ហើប ដោយឆ្មាំពន្ធនាគារម្នាក់ថា ខាងពន្ធនាគារ ជាអ្នកដាក់ប្រព័ន្ធផ្តាច់ ដើម្បីមិន​ឲ្យមានការទំនាក់ទំនង រវាងអ្នកខាងក្រៅ ហៅចូលមកជួប អ្នកនៅក្នុងពន្ធនាគារបាន។ លោកថា ប្រសិទ្ធិភាពនៃការ​បិទ​ប្រព័ន្ធ ការហៅចេញ និងការទទួលរបស់ ប្រព័ន្ធទូរស័ព្ទទាំងអស់ ក្នុងប្រទេសកម្ពុជា ត្រូវបានកំណត់ ក្នុងទំហំ​២គីឡូ​ម៉ែត្រ ជុំវិញពន្ធនាគារព្រៃសរនេះតែម្តង។

ពលរដ្ឋបាននិយាយឲ្យដឹងទៀតថា ការបិទប្រព័ន្ធទូរស័ព្ទនេះ ធ្វើឡើងដោយឯកឯង នៃមន្រ្តីពន្ធនាគារ ឬអាជ្ញាធរ​ថ្នាក់​លើតែម្ដង ដោយមិនបានផ្តល់ជាព័ត៌មាន ជាដំណឹង ឬដាក់ជាសំណូមពរ មកដល់ប្រជាពលរដ្ឋឲ្យដឹងជាមុន ឬសុំការ​ឯកភាព ពីពលរដ្ឋឡើយ។ ដល់ពេលមានបញ្ហាកើតឡើង ប្រជាពលរដ្ឋ បានស្នើកិច្ចអន្តរាគមន៍ ទៅកាន់អាជ្ញាធរ​មូលដ្ឋាន តែគ្មានដំណោះស្រាយ និងចាត់វិធានការ ជូនប្រជាពលរដ្ឋនៅឡើយ មកទល់បច្ចុប្បន្ននេះ។

តំណាងឲ្យពលរដ្ឋទាំងអស់ អាជីវករលក់គ្រឿងទេសរូបនេះ បានសំណូមពរទៅកាន់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធថា បើមិនអាចបើក ឬភ្ជាប់បណ្តាញ សេវ៉ាទូរស័ព្ទជាទូទៅ ឡើងវិញបានទេ សូមធ្វើការកំណត់ព្រំដែន សម្រាប់តែជុំវិញ បរិវេណពន្ធនាគារបានហើយ ដើម្បីជៀងវាង ការប៉ះពាល់ដល់ សិទ្ធិរស់នៅ ឬការរកស៊ីទទួលទាន របស់ពលរដ្ឋខាង​ក្រៅ​ពន្ធនាគារ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ ពីលោកប្រធាន ពន្ធនាគារ​ព្រៃសរ លោក ខ្លូត តារា បានទេ ដោយទូរស័ព្ទរបស់លោក មិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែតាមការ​ស្រង់​សម្ដី ពីឆ្មាំគុក​ម្នាក់ ដោយលោក គឿង សុភា ជំនួយការផ្ទាល់របស់សកម្មជនគណបក្សប្រឆាំង មួយរូបដែលកំពុង​ជាប់​ចោទ​ក្នុងពន្ធនាគា បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងថា ក្នុងពន្ធនាគារទាំងមូល ត្រូវបានគេដាក់ប្រព័ន្ធ ផ្តាច់សេវ៉ា​ទូរស័ព្ទ គ្រប់​ប្រព័ន្ធ​ទាំងអស់ ដែលមិនអនុញ្ញាឲ្យអ្នកណាម្នាក់ ឬភាគីណាមួយ អាចឆ្លើយឆ្លងគ្នា ឬផ្តល់ព័ត៌មាន​ចេញ​ពី​ក្នុង​ពន្ធនាគារ មក​ក្រៅ​បានឡើយ។

ជំនួយការរូបនេះ បានលើកឡើងបន្តថា ប្រព័ន្ធផ្តាច់សេវ៉ាទូរស័ព្ទនេះ ត្រូវបានតម្លើង ក្នុងអំឡុងចុងឆ្នាំ២០១៤ និងដើម​ឆ្នាំ​២០១៥ ស្របពេលដែលមានការចាប់ខ្លួន សកម្មជនដីធ្លីជាបន្តបន្ទាប់ រហូតឈានដល់ចាប់ខ្លួន សកម្មជនបក្ស​ប្រឆាំង​ជា​ដើម។ លោកបានបន្ថែមថា៖ «មកទល់ពេលនេះ ក្នុងពន្ធនាគារទាំងមូល មិនអាចទំនាក់ទំនងគ្នា ដោយ​ទូរស័ព្ទ​ឯកជន​ផ្ទាល់ខ្លួនឡើយ។ ក្នុងពន្ធនាគារទាំងមូល មានតែបន្ទប់ពិសេសមួយគត់ ដែលត្រូវបានចំហរប្រព័ន្ធ​សេវ៉ា​ទូរស័ព្ទ នឹង​អាច​ធ្វើការទំនាក់ទំនងគ្នាមកក្រៅបាន មិនថាមន្រ្តីពន្ធនាគារ ឬជនជាប់ចោទ ឬអ្នកទោសណាឡើយ។ ពួក​គេអាច​ទំនាក់​ទំនង​មកក្រៅបាន ត្រូវឆ្លងការត់ការត្រួតពិនិត្យ ជាមួយនឹងកិច្ចសន្ទានាគ្នា ត្រូវបានធ្វើឡើងចំពោះមុខ មន្រ្តី​ពន្ធនាគារ​ជា​ចាំ​បាច់។»

សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ បណ្តាញទូស័ព្ទមួយចំនួន ក្នុងប្រទេសកម្ពុជា មិនបានឆ្លើយតបទៅនឹងសំនួរនេះ ដែលត្រូវ​បាន​ចោទសួរ ដោយទស្សនាវដ្តីនោះឡើយ ក្រៅតែពីបញ្ជាក់ថា នឹងនាំដំណឹងនេះ ទៅកាន់ក្រុមបច្ចេកទេស ដើម្បី​ធ្វើការ​ពិនិត្យ និងជូនដំណឹង នាពេលក្រោយប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...