បុរស​ពីរ​នាក់​ ចាប់​ពង្រត់​ក្មេង​ស្រី​មួយ​រូប ដើម្បីឲ្យ​លក់​ខ្លួន

យុវតីជំទង់មួយរូប អាយុ១៦ឆ្នាំ ត្រូវបានបង្ខាំងទុករំលោភ អស់រយៈពេល២សប្ដាហ៍ កាលពីខែមករាកន្លងទៅ ក្នុង​តំបន់​មួយ​ក្បែរ​នឹង​ទីក្រុង មីអាមី (Miami)សហរដ្ឋអាមេរិក។ បុរសបងប្អូនពីរនាក់ ដែលរងការសង្ស័យថា នៅពីក្រោយអំពើរនេះ ត្រូវបានឃាត់ខ្លួន។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 12, 2015
  • ប្រធានបទ: អាជីវកម្មមនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវតីដ៏កំសត់ បានឆ្លងកាត់ នូវហេតុការណ៍ ដ៏រន្ធត់ជាងគេ នៅក្នុងជីវិតរបស់នាង អស់រយៈពេល២សប្ដាហ៍។ បងប្អូនពីរ​នាក់ អាយុ២៤ឆ្នាំ ត្រូវបានឃាត់ខ្លួន ហើយត្រូវបានចោទប្រកាន់ ក្នុងជំហានដំបូង ពីបទធ្វើអាជីវកម្មលើមនុស្ស កាលពី​ថ្ងៃអង្គារកន្លងមកនេះ នៅក្នុងទីក្រុង មីអាមី នៃរដ្ឋផ្លរីដា (Floride) សហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីរាយការណ៍ របស់​ស្ថានីយទូរទស្ស​ន៍ក្នុងស្រុក CBS Miami។

បុរសទាំងពីរ ត្រូវបានសង្ស័យថា បានចាប់ពង្រត់យុវតីវ័យក្មេងរូបនោះ ពីផ្ទះរបស់នាង កាលពីដើមខែមករា។ ហើយ​បន្ទាប់​មក ពួកគេបានបង្ខាំងយុវតី ដោយបានធ្វើទារុណកម្មធ្ងន់ធ្ងរ ទៅលើរូបរាងកាយរបស់នាង អស់រយៈ​ពេល២​សប្ដាហ៍។ បុរសទាំងពីរ បូហ្គាស្គី ថូម៉ាស (Bogacski Thomas) និង តាវ៉ារូស បាយ៉ា (Tavarus Ballard) ត្រូវបានសង្ស័យ​បន្ថែម​ទៀត​ថា បានលក់ខ្លួនយុវតីរងគ្រោះ នៅក្នុងបន្ទប់សណ្ឋាគារមួយ ដែលបុរសទាំងពីរបានជួលស្នាក់នៅ ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពីក្រុងមីអាមី។

ស្ថានីយ៍ទូរទស្សន៍ បានរាយការណ៍ទៀតថា បុរសជាជនសង្ស័យ ទំនងជាបានបង្ខំឲ្យយុវតី ត្រូវរួមភេទជាមួយ នឹង​មនុស្ស​ប្រុសជាច្រើននាក់ នៅក្នុងមួយថ្ងៃៗ និងជារៀងរាល់ថ្ងៃ។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយ លោកស្រីរដ្ឋអាជ្ញា Katherine Fernandez Rundle បានឲ្យដឹងថា៖ «សម្រាប់ពួកគេទាំងពីរ យុវតីម្នាក់នោះ មិនមានអ្វីសំខាន់ ក្រៅតែពីជាម៉ាស៊ីនមួយ ដែល​មានជើងបួន និងគ្មានភាពថ្លៃថ្នូជាមនុស្សអ្វីឡើយ។ នាងមិនមែនជាស្ត្រីវ័យក្មេងម្នាក់ទេ តែជាម៉ាស៊ីនដែលចេះ​ផលិត​លុយ។»

លោកស្រីបាននិយាយទៀតថា យុវតីត្រូវបានបង្ខំឲ្យដើរ ចេញទៅតាមដងផ្លូវ ដើម្បីស្វែងរក«អតិថិជន»។ រីឯបុរសទាំងពីរ ក៏ខិតខំរកអតិថិជន ដូចគ្នាដែរ ជាពិសេសនៅតាមបន្ទប់ទឹកសាធារណៈ។ លោកស្រីរដ្ឋអាជ្ញាអាមេរិកាំង បាននិយាយ​ឲ្យ​ដឹងថា៖ «យុវតី ត្រូវបានបង្ខំឲ្យសេពសន្ធវៈ ជាមួយមនុស្សប្រុសជាច្រើននាក់ រហូតដល់២៤នាក់ ក្នុងមួយថ្ងៃ»។ មិនត្រឹម​តែប៉ុណ្ណឹង នាងបានរងនូវការគម្រាមថា គ្រួសាររបស់នាងនឹងជួបបញ្ហា ប្រសិនជានាងព្យាយាមរត់គេចខ្លួន។ យ៉ាងណា​ក៏​ដោយ យុវតីបានសាកល្បងរត់គេចខ្លួនដែរ តែមិនដែលបានសម្រេចម្ដងណាឡើយ។

ប៉ុន្តែប្រភពព័ត៌មានមួយ បានឲ្យដឹងថា យុវតីរូបនេះបានសម្រេច ក្នុងការគេចខ្លួន ដោយមានការជួយជ្រោមជ្រែង ពីយុវតី​ម្នាក់​ទៀត ដែលគេស្គាល់ថា ជាសង្សារបស់ជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំងពីរ។ រហូតមកដល់ពេលនេះ ស្ថានទំងន់ទោស ដែលនិយាយពីការចាប់ពង្រត់មនុស្ស និងសកម្មភាពទារុណ ធ្វើទៅលើអនិថិជន នៅមិនទាន់ត្រូវបាន ប្រព័ន្ធ​យុត្តិធម៌អាមេរិក ប្រចាំទីក្រុង មីអាមី មួយនេះ លើកមកចោទប្រកាន់ បុរសទាំងពីរនៅឡើយ។ ករណីនេះ អាច​បណ្ដាល​មក ​ពី​កង្វះ​«ភស្ដុតាង»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...