ម៉ិចស៊ិក៖ ត្រីបាឡែនមួយលោតឡើងកាណូត សម្លាប់ទេសចរណ៍ម្នាក់
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស ថ្ងៃទី១២ មិនា ២០១៥
- កែប្រែចុងក្រោយ: March 12, 2015
- ប្រធានបទ: គ្រោះសមុទ្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណើរកំសាន្ដ នៅតាមសមុទ្រ បានប្រែក្លាយជាទុក្ខ នៅថ្ងៃពុធទី១១ ខែមីនានេះ នៅក្នុងឆកសមុទ្រម៉ិចស៊ិក ដែលស្ថិតនៅជាប់ ជាមួយខេត្ត កាបូ សាន់លូកាស (Cabo San Lucas)។ ហេតុការណ៍នេះ បានធ្វើឲ្យមានមនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួស។ នៅវេលាម៉ោងប្រមាណជា១១ព្រឹក កាណូតទេសចរណ៍ របស់ក្រុមហ៊ុន កាបូអេដវេនឈឺ (Cabo Adventures) ដែលមានមនុស្ស២៤នាក់ជិះ បានវិញត្រឡប់ ពីការចេញទៅស្វែងរក ទស្សនាត្រីបាឡែនប្រផេះ ដែលល្បីថា បានរស់នៅយ៉ាងច្រើន នៅក្នុងកណ្ដាលឆកសមុទ្រនោះ។
នៅពេលហៀបនឹងត្រឡប់មកវិញនោះ ក្រុមត្រីបាឡែនមួយក្រុម បានបង្ហាញខ្លួនឡើង ដើម្បីបំពេញបំណងឲ្យក្រុមទេសចរណ៍។ រំពេចនោះ រឿងហេតុដែលមិននឹកស្មានដល់ បានកើតឡើង បណ្ដាលមកពីត្រីបាឡែនមួយ បានងើបខ្លួនឡើងពីលើផ្ទៃទឹក នៅពីមុខកាណូត ហើយបានទម្លាក់ខ្លួនមកវិញ ពីលើកាណូតនេះ មួយទំហឹង។
បើតាមសារព័ត៌មានអង់គ្លេស The Guardian បានរាយការណ៍ឲ្យដឹងថា អ្នកបើកបរកាណូត មានពេលដ៏ខ្លីមួយ ដើម្បីនឹងបញ្ជៀសការទម្លាក់ខ្លួន ពេញមួយទំងន់ខ្លួន របស់ត្រីបាឡែន មកលើកាណូត និងអ្នកទេសចរណ៍។ ប៉ុន្តែវាបានហួសពេលទៅហើយ ជាពិសេសសម្រាប់អ្នកទេសចរណ៍ម្នាក់។ ស្ត្រីរងគ្រោះ ដែលមានអាយុ៤៥ឆ្នាំ ត្រូវបានធ្លាក់ចូលទៅក្នុងទឹក។ បន្ទាប់ពីបានស្រង់មកវិញ និងបើទោះជាមានជួយ ដាស់ឲ្យគាត់ដឹងខ្លួនវិញក៏ដោយ ក៏អ្នកទេសចរណ៍រូបនេះ មិនអាចទ្រាំទ្របាន នឹងទម្ងន់រាប់តោន របស់ត្រីបាឡែន ហើយគាត់បានស្លាប់ នៅក្នុងមន្ទីរពេទ្យ នៅប៉ុន្មានម៉ោងក្រោយមក។
ចំណែកអ្នកទេសចរណ៍ពីរនាក់ទៀត ដែលរងរបួស បានរួចរស់មានជីវិត តែបានទទួលការភ័យភិត មិនតិចឡើយ។
បើតាមគណៈកម្មការជាតិ នៃតំបន់ធម្មជាតិដែលត្រូវអភិរក្ស (CONANP) របស់ប្រទេសម៉ិចស៊ិក បានឲ្យដឹងថា នៅក្នុងរដូវត្រជាក់នេះ ត្រីបាឡែនមានចំនួនច្រើនណាស់ បានធ្វើការបំលាស់ទី មកកាន់ទីនេះ។ ដោយសារតែ ការបម្លាស់ទីមានតែម្ដង ក្នុងមួយឆ្នាំនោះ ទើបរដូវនេះ ក្លាយជាឱកាសដ៏ពិសិដ្ឋមួយ សម្រាប់វិស័យទេសចរណ៍ របស់ខេត្តជាប់មាត់សមុទ្រ កាបូ សាន់លូកាស នេះ។ ប៉ុន្តែ រឿងដែលគេមិនបានគិតដល់នោះ គឺសុវត្ថិភាពសម្រាប់ទេសចរណ៍ ដែលគួរតែបញ្ជៀស កុំឲ្យការកំសាន្ដរបស់ពួកគេ អាចប្រែក្លាយជាទុក្ខសោកយ៉ាងដូច្នេះ៕