ទីបំផុតទៅ កុមារា ម៉ុន វាសនា ត្រូវបានម្ចាស់ជំនួយផ្តាច់គម្រោងឧបត្ថម្ភ
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ មីនា ២០១៥
- កែប្រែចុងក្រោយ: March 10, 2015
- ប្រធានបទ: អប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីផ្តល់ឱកាសចុងក្រោយ ឱ្យទៅរៀនជំនាញតម្លើង ម៉ាស៊ីនចាក់សាំង ម៉ាស៊ីនចាក់ហ្គាស និងតំឡើងប្រព័ន្ធហ្គាស តាមស្ថានីយ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត មិនទទួលបានលទ្ធផលនោះរួច កុមារា ម៉ុន វាសនា ត្រូវបានសាលាអន្តរជាតិ ហ្វ្រេដហ្វត ដែលជាម្ចាស់ជំនួយឧបត្ថម្ភ សម្រេចចិត្តបញ្ជូនទៅស្រុកកំណើតវិញ។
សេចក្តីជូនដំណឹងរបស់សាលាអន្តរជាតិ ហ្វ្រេដហ្វត បានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥នេះ គម្រោងជំនួយជួយដល់ កុមារ ម៉ុន វាសនា នឹងត្រូវបញ្ចប់។ គម្រោងស្រោចស្រង់ជីវិត កុមារាក្រីក្រ ត្រូវបានបញ្ចប់ ដោយមិនស្តាយស្រណោះនេះ បន្ទាប់កុមារារូបនេះ មិនអាចទទួលយក ការបណ្តុះបណ្តាលទាំងចំណេះដឹងទូទៅ ក៏ដូចជាការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវ: ជាពិសេសជាងនេះ ទៅទៀតនោះ ឧបសគ្គធំបំផុតគឺ កុមារ មុន វាសនា មិនព្រមស្តាប់ និងទទួលយកការណែនាំ ពីអ្នកគ្រប់គ្រង ក៏ដូចជាអ្នកបង្ហាត់បង្រៀនឡើយ។
កុមារ ម៉ុន វាសនា ដែលទទួលរងទារុណកម្ម ក្នុងការចាប់ជ្រមុជ ក្នុងពាងទឹកស្អុយ ស្ទើរស្លាប់ស្ទើរស់ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៤ ដោយសារតែលួចដួងបួនផ្លែនោះ នឹងត្រូវបញ្ជួនទៅស្រុកកំណើតវិញ នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៥នេះ។
ក្រោយពីផ្ទុះរឿងអាស្រូវ នៅលើបណ្តាញសង្គមហ្វេសប៊ុក នៃការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃរួចមក កុមារា ម៉ុន វាសនា ទទួលបាន នូវក្តីអាណិតអាសូរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ជាពិសេសតារាសម្តែង សាវិន ហ្វីលីព និងលោក មុំ វ៉ារិន នាយកសាលាអន្តរជាតិ ហ្វ្រេដហ្វត។ ភាពអាណិតអាសូរនេះ នាយកសាលាអន្តរជាតិ ហ្វ្រេដហ្វត បានប្រកាសផ្តល់ជំនួយ និងស្រោចស្រង់អានាគតរបស់ ម៉ុន វាសនា ដោយលោកមានបំណង ចង់ឱ្យ វាសនា ក្លាយជា វិស្វករគ្រឿងម៉ាស៊ីន តាមរយៈយកមកបណ្តុះបណ្តាល នៅរាជធានីភ្នំពេញ។ ប៉ុន្តែក្តីរំពឹង នៃការស្រោចស្រង់នេះ ត្រូវបានរលាយ ដោយសារ វាសនា មិនអាចទទួលយក ការបណ្តុះបណ្តាលបាន។ ចំណែកលោក សាវីន ហ្វីលីព ដែលជាអ្នកជ្រោមជ្រែងអានាគត វាសនា កុមារក្រីក្រីរូបនេះ ក៏សម្តែង ការខកបំណងផងដែរ។
យ៉ាងណាម៉ិញ បើទោះបីជា កុមារា ម៉ុន វាសនា ត្រូវបានកាត់ផ្តាច់ជំនួយក៏ដោយ ប៉ុន្តែលោក មុំ វ៉ារិន នាយកសាលាអន្តរជាតិ និងភរិយា នឹងនៅតែបន្តរជួយ ឪពុកម្តាយកុមារ ម៉ុន វាសនា ដដែល ក្នុងការផ្តល់ការងារ ដល់ឪពុករបស់គាត់នៅភ្នំពេញ និងការផ្តល់ថវិកាមួយចំនួនបន្តែមទៀត ដើម្បីពង្រឹងរបររកស៊ី របស់ម្តាយកុមារ ម៉ុន វាសនា នៅឯស្រុកកំណើត អោយមានភាពប្រសើរជាងបច្ចុប្បន្ន៕