មតិគាំទ្រ និងប្រឆាំង ច្បាប់ គ.ជ.ប ថ្មី
- ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) -ភ្នំពេញ ថ្ងៃទី០៩ មីនា ២០១៥
- កែប្រែចុងក្រោយ: March 10, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីក្នុងចំណោមអ្នកគាំទ្រ លោក រស់ សារុំ ប្រធានសមាគមជ័យលាភីកម្ពុជា បានលើកឡើងថា បើទោះបីជាច្បាប់ថ្មីនេះ ធ្វើមិនបានល្អ១០០% ប៉ុន្តែអាចទទួលយកបាន។ លោកបានបានប្រកាសគាំទ្រ យ៉ាងពេញទំហឹង នូងសេចក្តីព្រាងច្បាប់ថ្មីនេះ។ លោកបន្តថា៖ «សូមស្នើរទៅគណបក្សទាំងពីរ មេត្តាពន្លឿនបញ្ចប់កិច្ចការនេះ ឱ្យបានឆាប់ជាទីបំផុត ដើម្បី គ.ជ.ប ថ្មី មានពេលគ្រប់គ្រាន់ អាចដំណើរបាន ក្នុងពេលដ៏ខ្លីខាងមុខនេះ»។
អ្នកគាំទ្រម្នាក់ទៀត លោក ចាយ បូរិន បានលើកឡើងដែរថា ការតាក់តែងសេចក្តីព្រាងច្បាប់ គ.ជ.ប ថ្មីនេះ ឃើញថាមានលក្ខណៈគ្រប់ជ្រុងជ្រោយល្អ និងកា្លយទៅជាលិខិតបទដ្ឋានគតិយុទ្ធ សម្រាប់ការអនុវត្ត នៅពេលបោះឆ្នោតក្រោយ ដើម្បីកុំឱ្យមានវិបត្តិនយោបាយ នាពេលក្រោយៗទៀត។
ប៉ុន្តែសម្រាប់អ្នកមិនគាំទ្រវិញ បានមើលឃើញថា ច្បាប់ គ.ជ.ប. ថ្មីនេះ នៅមានគុណវិបត្តិច្រើននៅឡើយ។ លោក ស៊ន តារា យល់ឃើញថា ចំណុចមួយចំនួននៅក្នុងច្បាប់ថ្មីនេះ មានចំណុចខ្វះខាត និងមានការរំលោភ លើលិទ្ធិប្រជាធិបតេយ្យដោយប្រយោល។ លោកស៊ន តារាលើកឡើងថា កាលណាច្បាប់បោះឆ្នោត មានសុក្រិតភាព និងមានការទទួលស្គាល់លទ្ធផល ពីគណបក្សទាំងពីរទៅហើយនោះ លោកគិតថា មិនគួរមានច្បាប់ ដែលចែងអំពីការបោះបង់ចោល អាសនៈរដ្ឋសភាទេ ច្បាប់នេះ អាចមានភាពប្រទូសរាយគ្នា នាពេលអនាគត។ លោក តារា បានថ្លែង នៅក្នុងអង្គសិក្ខាសាលានោះថា៖ «វាជាផ្នែកមួយ នៃការបិទសិទ្ធសេរីភាព ដែលផ្ទុយទៅនឹងលទ្ធិប្រជាធិបតេយ្យ ដែលអនុញ្ញាតឱ្យមានការតវ៉ាដោយអហិង្សា ការធ្វើពហិការ»។
លោកបន្តថា «មួយទៀត ខ្ញុំយល់ឃើញថា ច្បាប់នេះមិនមែនមានលក្ខណៈ ជាយុត្តិធម៌ក្រិតក្រម ១០០% មិនដល់សឹងថា៨០% ព្រោះខ្ញុំមើលឃើញថា ច្បាប់នេះដូចជារិតបន្តឹង ទៅលើអង្គការសង្គមស៊ីវិល ប៉ុន្តែបែរជាបន្ទូរ ទៅលើមន្រ្តីប៉ូលីសទាហានយោធា»។
ទាក់ទិនជាមួយបញ្ហាសេចក្តីព្រាងច្បាប់ថ្មីនេះដែរ តំណាងអង្គការសង្គមស៊ីវិល ចំនួន៦០ស្ថាប័ន បានប្រកាសមិនគាំទ្រ ចំពោះសេចក្ដីស្នើច្បាប់ទាំងពីរនេះ ដែលក្រុមការងារគណបក្សទាំងពីរ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ នៅព្រឹកថ្ងៃទី៩មីនា នេះ។ ច្បាប់ទាំងពីរនេះ គឺសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការរៀបចំ ការបោះឆ្នោត និងសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «មតិរបស់អង្គការសង្គមស៊ីវិល ទៅលើដំណើរការរៀបចំ សេចក្តីស្នើសេចក្តីព្រាងច្បាប់ស្តីពី គ.ជ.ប និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ» នៅសណ្ឋាគារហ៊ីម៉ាវារី ដែលធ្វើឡើងនៅរសៀលថ្ងៃដដែលនេះ នាយកប្រតិបត្តិ គណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា លោក សឿង សារឿន បានធ្វើការរិះគន់នូវ ចំណុចមួយចំនួន នៃសេចក្ដីព្រាងច្បាប់ថ្មីនេះថា បានរំលោភទៅលើសិទ្ធ អង្គការសង្គមស៊ីវិល។ មិនត្រឹមតែប៉ះពាល់ ដល់អង្គការសង្គមស៊ីវិលនោះទេ គឺប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅ ដែលជាម្ចាស់ឆ្នោតថែមទៀតផង ។
លោក សឿង សារឿនបាននិយាយថា «ប្រសិនបើច្បាប់ចែងបែបហ្នឹង គឺធ្វើឱ្យប៉ះពាល់ ដល់គណបក្សនយោបាយខ្លួនឯង ប៉ះពាល់ដល់សង្គមស៊ីវិល ហើយប៉ះពាល់ ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទាំងមូល ដែលជាម្ចាស់ឆ្នោត ។ អញ្ចឹង យើងមិនដឹងថា អាណត្តិទី៦ ការបោះឆ្នោតសម្រាប់អាណត្តិទី៦ហ្នឹង ត្រូវបានប្រជាពលរដ្ឋបោះឆ្នោត ឲ្យគណបក្សទាំងពីរហ្នឹង ឬក៏នឹងអាចបោះឆ្នោត ឲ្យគណបក្សនយោបាយណាផ្សេងទៀត ពីព្រោះអ្វីដែលប្រជាពលរដ្ឋទុកចិត្ត ឲ្យគណបក្សនយោបាយទាំងពីរនេះធ្វើការងារ ដើម្បីផលប្រយោជន៍ប្រជាជន តែផ្ទុយទៅវិញ ពួកគាត់ធ្វើការតាក់តែងច្បាប់នេះ ធ្វើឱ្យផលប្រយោជន៍ប្រជាជនបាត់បង់ អញ្ចឹងប្រហែលការសម្រេចចិត្ត របស់ប្រជាពលរដ្ឋ នាពេលអនាគត គាត់នឹងមានការប្រែប្រួល។»៕