រដ្ឋមន្ត្រីអង់គ្លេសមានរបៀបវារៈនិយាយពីការបោះឆ្នោតជាតិជាមួយ ហ៊ុន សែន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ សីហា ២០១៨
- កែប្រែចុងក្រោយ: August 22, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាប្រព័ន្ធឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន សែន មិនបានលើកឡើងក៏ដោយ តែក្រសួងការបរទេសអង់គ្លេស បានគូសបញ្ជាក់ថា លោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីភិក នៃចក្រភពអង់គ្លេស មានរបៀបវារៈមួយច្បាស់លាស់ ក្នុងជំនួបជាមួយលោក ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត៖ នោះគឺការជជែក ពីការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ដែលចក្រភពចាត់ទុកថា មិនយុត្តិធម៌ និងមិនអាចទទួលយកបាន។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៃចក្រភពអង់គ្លេស បានចេញផ្សាយនៅមុននេះ ដោយដកស្រង់សំដី របស់រដ្ឋមន្ត្រីទទួលបន្ទុកតំបន់របស់ខ្លួន មកសរសេរថា៖
«ខ្ញុំបានបញ្ជាក់ ពីជំហររបស់ចក្រភពអង់គ្លេសរួចហើយ ចំពោះការបោះឆ្នោតជាតិ នៅកម្ពុជា ដែលមិនយុត្តិធម៌ និងមិនអាចទទួលយកបាន»។
«ខ្ញុំស្នើសុំឲ្យមានការពិភាក្សា ដោយត្រង់ទៅត្រង់មក ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទទូចឲ្យរដ្ឋាភិបាល លើកលែងការហាមឃាត់ទាំងឡាយ ដែលដាក់ទៅលើការជួបជជែក ផ្នែកនយោបាយ និងទៅលើសិទ្ធិសេរីភាព នៃប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសត្រូវបង្កឲ្យមានឡើងវិញ នូវលក្ខខណ្ឌចាំបាច់ទាំងឡាយ សម្រាប់លទ្ធិប្រជាធិបតេយ្យ ដែលមានដំណើរការត្រឹមត្រូវ»។
នៅក្នុងប្រតិកម្មភ្លាមៗ ដែលធ្វើឡើងនៅថ្ងៃអង្គារ ទី៣១ ខែកក្កដា ពោលគឺពីរថ្ងៃ ក្រោយការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាស នៅកម្ពុជា លោក ម៉ាក ហ្វៀល បានគូសបញ្ជាក់ខ្លាំងៗ ថាការបោះឆ្នោតមួយនេះ បានរងការខូចខាត ក្រោមស្នាដៃរបស់អាជ្ញាធរ តាំងពីមុនពេលយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ផ្តើមម្លេះ និងបាននាំទៅដល់ការបោះឆ្នោតមួយ ដែលគ្មានយុត្តិធម៌ និងមិនគួរឱ្យទុកចិត្តបាន។ លោកបានបន្ទោស រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ថាមិនដែលអើពើ ពីលទ្ធិប្រជាធិបតេយ្យពហុបក្ស អ្វីឡើយ។
លោក ម៉ាក ហ្វៀល ខ្លួនលោក បានបញ្ជាក់នៅលើទំព័រទ្វីសធើរ កាលពីប៉ុន្មាននាទីមុននេះថា ក្នុងជំនួបជាមួយលោក ហ៊ុន សែន លោកបានលើកឡើងពីរចំណុច ជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា ដែលដូចគ្នានឹងការអះអាង របស់សេចក្ដីប្រកាសព័ត៌មានខាងលើដែរ។
The continues to urge the government to lift restrictions on political debate and media freedom.
I raised both points with Prime Minister Hun Sen.
I also highlighted the strengthening people-to-people links including chevening scholarships and demining projects. pic.twitter.com/gksydG1MTU
— Mark Field MP (@MarkFieldUK) 22 août 2018
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ជាលើកដំបូងនៅកម្ពុជា លោក ម៉ាក ហ្វៀល នឹងអញ្ជើញទៅកាន់មជ្ឈមណ្ឌល «Halo Trust Cambodia» ដែលស្ថិតនៅក្នុងខេត្ត សៀមរាប។ នៅទីនោះ លោកនឹងជួបក្រុមដោះមីនកម្ពុជា ដែលទទួលមូលនិធិ ពីចក្រភពអង់គ្លេស ដើម្បីធ្វើការដោះមីន នៅលើទំហំដីជាង ៧០ គីឡូម៉ែត្រក្រឡា ក្នុងរយៈពេលបីឆ្នាំចុងក្រោយ សម្រាប់ជាប្រយោជន៍ផ្ទាល់ ដល់ប្រជាជនកម្ពុជា ប្រមាណជាង ១៨៥ ០០០នាក់៕