អតីត​អ្នក​កាសែត​អាស៊ីសេរីទាំង​ពីរ​រូប ត្រូវ​បាន​ដោះលែង

នៅល្ងាចថ្ងៃអង្គារ ទី២១ ខែសីហានេះ តុលាការរាជធានី បានសម្រេចដោះលែង អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ពីរនាក់ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន។ ការដោះលែងនេះ បានកើតមាន បន្ទាប់ពីការដោះលែង អ្នកស្រី ទេព វន្នី កាលពីម្សិលម៉ិញ ដោយការលើកលែងទោស ពីព្រះមហាក្សត្រ។
អតីត​អ្នក​កាសែត​អាស៊ីសេរីទាំង​ពីរ​រូប ត្រូវ​បាន​ដោះលែង
ពីឆ្វេងទៅស្ដាំ៖ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អ្នកសារព័ត៌មាន ដែលធ្លាប់បម្រើការ ឲ្យវិទ្យុអាស៊ីសេរី។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 21, 2018
  • ប្រធានបទ: សិទ្ធិ​សារព័ត៌មាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដូវកាលនៃការដោះលែង... បានកើតមានឡើង បន្ទាប់ពីការបោះឆ្នោតជាតិ បានបញ្ចប់។ អតីតអ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី ចំនួនពីររូប ដែលរងការចោទប្រកាន់ថា «ប្រគល់ឲ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយ ដល់ការការពារជាតិ» នោះ ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃអង្គា ទី២១ ខែសីហានេះ។

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីបានជាប់ឃុំ អស់រយៈពេលជាង ៨ខែមកនោះ។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យស្ថាប័នយុត្តិធម៌រាជធានី លោក អ៊ី រិន្ទ កាលពីមុននេះបន្តិច។

លោកទាំងពីរ ត្រូវបានឃាត់ខ្លួន នៅយប់​ ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទ​មិនច្បាស់លាស់ មុននឹងរងការចោទ ​ជាបន្តបន្ទាប់ ថាបាន «លួចផលិតព័ត៌មាន» ទៅឲ្យវិទ្យុអាស៊ីសេរី និងការចោទថា បាន«ផលិត រូបភាពអាសអាភាស»។

ការដោះលែង អ្នកសារព័ត៌មានទាំងពីរូប នៅថ្ងៃនេះ គឺធ្វើឡើងតែមួយថ្ងៃ ក្រោយការដោះលែង អ្នកស្រី ទេព វន្នី និងសកម្មជនដីធ្លីបីនាក់ទៀត ដោយការលើកលែងទោស ពីព្រះមហាក្សត្រ ក្នុងថ្ងៃម្សិលម៉ិញតែមួយ។ កាលពីព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ សប្ដាហ៍មុន លោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ ដែលរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន មិនសំចៃមាត់ ក៏​ត្រូវបានដោះលែង ឲ្យមានសេរីភាពដែរ ដោយសារលោក បានអនុវត្តន៍ទោស ១៨ខែ នៅក្នុងពន្ធនាគាររួចរាល់។

ការដោះលែង​អ្នកសារព័ត៌មាន​ ទាំងពីររូប ទទួលបានការអបអរភ្លាមៗ ពីសំណាក់លោក ហួត វុទ្ធី រហស្សនាម ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា។ លោកថា៖ «ខ្ញុំចូលរួមរីករាយ ជាមួយអ្នកទាំងពីរ និងគ្រួសារ។ បើខ្ញុំនៅភ្នំពេញ ខ្ញុំប្រាកដជា នឹងទៅទទួលអ្នកទាំងពីរ ហើយឱបយ៉ាងណែន មួយសន្ទុះ។»៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...