អេង ឆៃអ៊ាង ឆ្ងល់​ថា​ហេតុអ្វី ហ៊ុន សែន ស្នើ​ព្រះ​មហាក្សត្រ ឲ្យ​អ្នក​ទោស​ធ្វើ​តំណាង​រាស្រ្ត?

តើបរិបទនយោបាយ​នៅកម្ពុជា កំពុងនាំប្រទេសនេះ ឲ្យឈប់មានការគោរពច្បាប់ ងាកមកគោរព​បទ​បញ្ជា ដែល​​មាន​លក្ខណៈ​ ជា​ប្រព័ន្ធ​ទៅ​វិញ​ឬ? សូមស្តាប់ការបកស្រាយ របស់លោក អេង ឆៃអ៊ាង ក្នុងករណី​រដ្ឋសភា ដាក់​លោក សម រង្ស៊ី ជា​អ្នក​ទោស​វិញ និង​បណ្ដេញ​លោក ពីកៅអីតំណាងរាស្ត្រ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៧ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 18, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងរាស្រ្តម្នាក់ ត្រូវបានទទួលស្គាល់ ដោយស្ថាប័នកំពូលរបស់ជាតិ រូមមាន គ.ជ.ប រដ្ឋសភា និង​ព្រះបរម​រាជវាំង នាចុងឆ្នាំ២០១៤។ នៅចុងឆ្នាំ២០១៥នេះ ស្រាប់តែស្ថាប័នកំពូលមួយ គឺរដ្ឋសភា តាមរយៈគណៈ​កម្មការ​អចិន្ត្រៃយ៍នៃរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បែរជាលើកឡើងថា តំណាងរាស្រ្តរូបនោះ ជា​ជន​មាន«ទោស» តាមរយៈអំណាចសាលដីកា សាលាឧទ្ធណ៍ឆ្នាំ២០១៣ទៅវិញ។ ហេតុអ្វីស្ថាប័នជាតិ មាន គ.ជ.ប មានរដ្ឋសភា មានព្រះបរមរាជ្យវាំង គឺទៅជួយអ្នកទោសហ្នឹង ឲ្យធ្វើតំណាងរាស្រ្ត?

លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការអទី១នៃរដ្ឋសភា និងជាសមាជិក​គណៈកម្មការអចិន្ត្រៃយ៍ នៃរដ្ឋសភា​ផងនោះ បានលើកឡើង ទៅកាន់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃទី១៦ ខែវិច្ឆការនេះថា៖ «យើងត្រូវតែគិត ធម្មតា​អ្នកទោសគេមិនឲ្យធ្វើតំណាងរាស្រ្តទេ!។ (...) កាលនោះ ជ.ជ.ប ទទួលស្គាល់ឲ្យអ្នកទោស ធ្វើជា​បេក្ខជន ទទួលស្គាល់ជាបេក្ខជិកតំណាងរាស្រ្ត។ រដ្ឋសភា អចិន្ត្រៃយ៍រដ្ឋសភាខ្លួនឯងទទួលស្គាល់ ប្រកាស​ទទួល​ស្គាល់អ្នកទោសហ្នឹង ជាតំណាងរាស្រ្ត។ ហើយព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតី ព្រះមហាក្សត្រនេះ បាន​ឲ្យ​អ្នកទោស ធ្វើសច្ចាប្រណិធាន ឲ្យអ្នកទោសហ្នឹង ក្លាយជាតំណាងរាស្រ្តពេញសិទ្ធិ។»

តំណាងរាស្រ្តមណ្ឌលកណ្តាល មកពីគណបក្សប្រឆាំង នាវិមានរដ្ឋសភា បានដកស្រង់សម្ដីអ្នកច្បាប់ ខាង​គណបក្សប្រជាជនកម្ពុជា មកអះអាងថា «ដីកានោះត្រឹមត្រូវ ដីកានោះមិនខុសទេ ស្របនឹងក្រមព្រហ្មទណ្ឌ»។ ប៉ុន្តែលោក ឆៃអ៊ាង បានស្នើឲ្យអ្នកច្បាប់ទាំងនោះ (គណបក្សប្រជាជន) ធ្វើការបកស្រាយថា៖ «ហេតុអ្វីក៏​ឲ្យ​អ្នកទោស ទៅធ្វើតំណាងរាស្រ្ត។ (...) ហេតអ្វីមានការលើកលែងទោស? បើមនុស្សមានទោសបីករណី តើ​ដែល​មានទេ លើកលែងទោស “ពីរ” ទុក “មួយ”ករណី។ ព្រះមហាក្សត្រធ្វើចឹងទេ ពាក្យថា លើកលែងទោស វា​ត្រូវ​លើក​លែងទាំងអស់ហ្នឹងហើយ។ តើវាជាកំហុសបច្ចេកទេស ដោយចេតនា ឬអចេតនា?»

លោក សម រង្ស៊ី ត្រូវបានអង្គព្រះមហាក្សត្រ លើកលែងទោស ក្នុងសំណុំរឿងចំនួនពីរ ដោយព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយ (សំណើ) របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងថ្ងៃតែមួយ។ គ.ជ.ប ទទួលស្គាល់ជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម នៅ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ហើយរដ្ឋសភាជាតិ ក៏បានទទួលស្គាល់ជាតំណាងរាស្រ្ ក្នុងរដ្ឋសភា នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤។

ប្រធានគណៈកម្មការទីមួយ នៃរដ្ឋសភា បានពន្យល់ថា៖ «ធម្មតាព្រះមហាក្សត្រ កាលណាលើកលែងទោស... តើការលើកលែងទោស របស់ព្រះមហាក្សត្រហ្នឹង ដែលលើកលែងទោស អ្នកទោសបើមានទោសប្រាំ ទុក​មួយ​សិន លើកលែងតែបួន។ (...) វាឥតមានន័យ សម្រាប់ព្រះមហាក្សត្រ ដែលលោកមានព្រះរាជហរទ័យ ដើម្បី​លើក​លែងទោសនេះ។»

លោក អេង ឆៃអ៊ាងថា បានបន្ថែមទៀតថា៖ «នាយករដ្ឋមន្រ្តី ជាអ្នកស្នើលើកលែងទោស។ ខ្ញុំមិនដែល​ឃើញ​ថា នាយករដ្ឋមន្រ្តីស្នើសុំលើកលែងទោស មនុស្សម្នាក់មានទោសបី ស្នើសុំតែពីរ ទុកមួយទេ។ អាហ្នឹង​ដែល​យើង ត្រូវពិនិត្យឡើងវិញ តើវាមានបញ្ហាអ្វីអាហ្នឹង? នេះជាចំណុច ដែលត្រុវធ្វើការចាប់អារម្មណ៍។ យើងមិនថា​អ្នកណាខុស ឬអ្នកណាត្រូវទេ តែយើងចង់ធ្វើអ្វីៗ... ដោយសតិសម្បជ្ជញ្ញ: និងមនសិការរបស់ខ្លួន។»

សម្រាប់អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន វិញ បានថ្លែងថា គណៈកម្មាធិការអចិន្រ្តៃយ៍​បានពិនិត្យ​មើល​ឯកសារ​និងយល់​ថាចំណាត់ការ​របស់តុលាការ​”ត្រឹមត្រូវ” និងបានចាត់ទុក ករណីរបស់លោក សម រង្ស៊ី ជា​រឿង​វិវាតបុគ្គល ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស​។ ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​​ លោក ឈាង វុន បាន​បន្ទោសថា ​នីតិវិធីសម្រាប់​ឲ្យ​ទណ្ឌិត​​អនុវត្ត​ទោស​ មាន​ការ​យឺតយ៉ាវ​ ដែល​មិន​​ត្រូវបាន​​ស្នើ​មក​សាលាដំបូងវិញ​ ឲ្យ​បាន​ទាន់​ពេល​​វេលា និងធ្វើឲ្យរដ្ឋសភា មិនបានដឹងពីករណីនេះ។

បើតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ​ ចុះថ្ងៃទី​១៣ខែវិច្ឆិកា សាលដីការបស់សាលាឧទ្ធរណ៍​កាត់​ទោស​លោក សម រង្ស៊ី បានចូល​ជាស្ថាពរតាំង​ពីថ្ងៃទី១២ ​ខែ​មីនា ឆ្នាំ២០១៣ ប៉ុន្តែសាលាដំបូងទើបបង្គាប់​ឲ្យចាប់​ខ្លួន​លោក សម រង្ស៊ី មកអនុវត្តទោសនៅពេលនេះ គឺធ្វើ​ឡើង​ទៅតាមពាក្យសុំអនុវត្តសាលដីកានៅថ្ងៃទី១៣ ខែ​វិច្ឆិកា របស់មេធាវី ការ សាវុត្ថ ការពារក្តីឲ្យលោក ហោ ណាំហុង។

លោក សម រង្ស៊ី ក៏ត្រូវបានព្រះមហាក្សត្រទទួលស្គាលថា ជាជន«គ្មានទោស» តាមការអនុញ្ញាត ឲ្យធ្វើ​សច្ចា​ប្រណិធាន ដើម្បីក្លាយជាតំណាងរាស្រ្តពេញសិទ្ធិ ក្នងឆ្នាំ២០១៤។ លុះមកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ ឲ្យចាប់ខ្លួន លោក សម រង្ស៊ី ដោយផ្អែកលើ​សំណុំរឿងព្រហ្មទណ្ឌមួយ កាលពីអំឡុងឆ្នាំ២០១៣ ដែលកើតមាន មុនការលើកលែងទោស ដោយអង្គ​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ទៅវិញ។

យោងតាមសំណុំរឿង បែប«នយោបាយ»នេះ លោក អេង ឆៃអ៊ាង បានថ្លែងដោយហួសចិត្ត និងគ្មានអ្វីនឹង​ថ្លែង​យ៉ាងខ្លី ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះថា «នៅស្រុករំដួល ស្រេចតែគេថា»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...