ISIS អំពាវនាវ​ឲ្យ​ប្រឆាំង អារ៉ាប៊ីសាអ៊ូឌីត និងគម្រាម អ៊ីស្ត្រាអែល

ប្រមុខដឹកនាំ របស់ក្រុមរដ្ឋអ៊ីស្លាម លោកអាចារ្យ អាប៊ូបាក អាល់បាងដាឌី (Abou Bakr al-Baghdadi) បាន​ធ្វើការ​អំពាវនាវ ឲ្យមានការងើបឡើងប្រយុទ្ធ នៅក្នុងប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​បាន​សន្យា​ថា នឹង​ធ្វើការ​វាយ​ប្រហារ នៅក្នុងប្រទេសអ៊ីស្ត្រាអែល ក្នុងពេលខាងមុខ។ នេះបើតាមខ្សែអាត់សម្លេងមួយ ដែល​ត្រូវបាន​ផ្សព្វផ្សាយ កាល​ពីថ្ងៃ​សៅរ៍។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៦ ធ្នូ២០១៥
  • កែប្រែចុងក្រោយ: December 28, 2015
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អស់រយៈពេលប្រមាណជា ៧ខែហើយ ដែលប្រមុខដឹកនាំ រប​ស់ក្រុមរដ្ឋអ៊ីស្លាម លោកអាចារ្យ អាប៊ូបាក អាល់បាងដាឌី មិនបានបញ្ចេញសម្លេងរបស់ខ្លួន មកជាសាធារណៈ។ បើតាមគេហទំព័រ «SITE» ដែល​មាន​ជំនាញ​ខាងតាមដានចលនា និងប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមរដ្ឋអ៊ីស្លាម បានអះអាងថា នេះ​ជាថ្មី​ម្ដង​ទៀត ដែលប្រមុខដឹកនាំរបស់ក្រុមភេរវជន ប្រកាន់អ៊ីស្លាមនិយមតឹង បានបញ្ចេញសម្លេងរបស់ខ្លួន ហើយ​ត្រូវ​បាន​យក​មកចែករំលែក ជាបន្តបន្ទាប់ នៅតាមបណ្ដាញសង្គម ទ្វីសធើរ នៅតាមប្រព័ន្ធ​ទូរសា​អេឡិចត្រូនិក។

ការថ្លែងរបស់ប្រមុខដឹកនាំ របស់ក្រុមរដ្ឋអ៊ីស្លាម បានធ្វើឡើង ទំនងជាបណ្ដាលមកពីភាពទ្រមខ្លួន ក្រោម​ការវាយសន្ធាប់ តាមផ្លូវអាកាស ពីសំណាក់កងកម្លាំងសម្ព័ន្ធមិត្ត នៅប្រទេសស៊ីរី និងអៀរ៉ាក់។ នៅក្នុង​ឃ្លា​មួយ​របស់លោក អាប៊ូបាក អាល់បាងដាឌី បានរិះគន់ប្រតិបត្តិការយោធា របស់ប្រទេសទាំង៣៤នេះ និង​បាន​​បរិហារប្រទេស អារ៉ាប៊ីសាអ៊ូឌីត ថាបានចូលរួមបង្កើតវាឡើង កាលពីថ្ងៃទី១៥ ខែធ្នូកន្លងមក ក្រោម​លេស​​មួយ ដែលលោកហៅថា ដើម្បី«ប្រយុទ្ធប្រឆាំង នឹងភេរវនិយម»។

លោក អាប៊ូបាក បានរៀបរាប់ថា៖ «ពួកគេបានប្រកាស ពីសម្ព័ន្ធមិត្តវាយប្រហារ (...) មួយ ដែលបន្លំខ្លួន​ជា​"អ៊ីស្លាម" និងបានអះអាងពីកម្មវត្ថុរបស់ពួកគេ គឺដើម្បីប្រយុទ្ធប្រឆាំង នឹងដែនដីព្រះជាម្ចាស់ ដែល​ជា​សមិទ្ធផល នៃក្រុមស្ម័គ្រនឹងព្រះអាឡាហ៍ មានឈ្មោះ"រដ្ឋអ៊ីស្លាម" ស្ថិតនៅរវាងប្រទេសស៊ីរី និងអៀរ៉ាក់​សព្វថ្ងៃ»។

អារ៉ាប៊ីសាអ៊ូឌីត...

ប្រមុខដឹកនាំរបស់ក្រុមជនស្ម័គ្រប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ ឬហៅថា ជីហាដ (Djihad) បានថ្លែង​ក្នុង​ខ្សែ​អាត់​សម្លេង​នោះ ឲ្យដឹងបន្តថា៖ «ប្រសិនជាសម្ព័ន្ធមិត្តវាយប្រហារ មានលក្ខណៈជាអ៊ីស្លាមពិតប្រាកដនោះ ម្លេះ​វា​គួរ​តែ​ផ្ដល់ជ័យជំនះ និងជំនួយទាំងឡាយ ទៅឲ្យប្រជាជនស៊ីរី»។

ការបរិហារខាងលើនេះ បានផ្ដល់អំណះអំណាង ឲ្យលោកអាចារ្យ អាប៊ូបាក អាល់បាងដាឌី ចោទ​ប្រកាន់​ធ្ងន់ៗ​ទៅ​លើ​រដ្ឋាភិបាលក្រុង រីយ៉ាដ (Ryad) របស់រាជាណាចក្រ អារ៉ាប៊ីសាអ៊ូឌីត និងបានអំពាវនាវ ទៅ​ប្រជា​រាស្ត្រ​​អារ៉ាប៊ីសាអ៊ូឌីត ឲ្យ«ងើបឡើង»ប្រឆាំងនឹងមេដឹកនាំប្រទេស របស់ពួកគេ។

អ៊ីស្ត្រាអែល...

បើគ្រាន់តែប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសកាន់សាសនា អ៊ីស្លាមដូចគ្នា ក៏ត្រូវបានក្រុមរដ្ឋអ៊ីស្លាម​ធ្វើការគម្រាមហើយ ចុះទម្រាំ​​ប្រទេស​អ៊ីស្ត្រាអែល ដែលក្រុមនេះមិនចូលចិត្តស្រាប់ផង ច្បាស់ជាមិនត្រូវ​បាន​ប្រមុខ​ដឹកនាំ​របស់ក្រុមភេរវជន លើកលែងឲ្យឡើយ។ លោក អាប៊ូបាក បានគម្រាម ប្រទេសប្រកាន់​សាសនា​ជីហ្វ​មួយ​នេះ ពីការវាយប្រហារមួយយ៉ាងចាស់ដៃ នាពេលខាងមុខ ដោយបាន​យកជម្លោះដ៏រ៉ាំរ៉ៃ រវាង​អ៊ីស្ត្រាអែល-ប៉ាឡេស្ទីន មកធ្វើជា​អំណះ​អំណាង នៅក្នុងខ្សែ​អាត់​សម្លេង​នោះ​ថា ក្រុមរដ្ឋអ៊ីស្លាមមិន​បាន​​បំភ្លេច សូម្បី​មួយ«វិនាទី» នូវប្រជាជន​ប៉ាឡេស្ទីន​នោះទេ។

សូមជម្រាបដែរថា ការចេញមុខជាសាធារណៈ លើកដំបូង និងចុងក្រោយបង្អស់ របស់លោក អាប៊ូបាក បាន​ធ្វើ​ឡើង​នៅក្នុងអំឡុងរដូវក្ដៅ ឆ្នាំ២០១៤ នាក្រុង ម៉ូស៊ូល (Mossoul) បន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាម ​វាយ​ដណ្ដើម​បាន​តំបន់ នៃភាគខាងជើងទាំងមូល របស់ប្រទេសអៀរ៉ាក់ នៅពេលនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...